លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានការពារទំនាក់ទំនងរវាងរដ្ឋាភិបាលរបស់លោក និងចិនថា គឺជាការបង្កើនការធ្វើពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ជាតិ ហើយវាមិនមែនជាការធ្វើឱ្យបាត់បង់នូវអធិបតេយ្យភាពជាតិ និងរហូតដល់កម្ពុជាក្លាយជា«កូនជឹង»របស់ចិនឡើយ។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងស្រុកបាទី ខេត្តតាកែវ ក្រោយបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាត្រូវតែមានទំនាក់ទំនងជាមួយបណ្តាប្រទេសឱ្យបានច្រើន ដើម្បីបង្កើតទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្ម ហើយវាប្រសើរជាងបង្កើតសត្រូវ។ លោកបន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដែលជាប្រទេសដំបូងគេគឺលោកទៅពង្រឹងទំនាក់ទំនងទ្វេភាគី បង្កើតទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្ម ហើយវាមិនធ្វើឱ្យកម្ពុជាបាត់បង់ឯករាជ្យភាពនោះឡើយ។
លោកថ្លែងថា៖ «តើកម្ពុជាថ្ងៃក្រោយក្លាយជាកូនជឹងរបស់ចិនឬទេ? តើពាណិជ្ជកម្មជាមួយចិនធ្វើឱ្យកម្ពុជាបាត់ឯករាជ្យភាព ឬទេ? វាអត់ទេ!»
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ធ្វើពាណិជ្ជកម្មជាមួយចិនដែរ។
លោកលើកឡើងថា៖«សួរមើល! បើពាណិជ្ជកម្មជាមួយចិនអាក្រក់មែន សួរទៅអាមេរិក សួរទៅអឺរ៉ុបសួរអី! តើចាំបាច់បង្កើតទំនាក់ទំនងជាមួយចិនធ្វើអី? ហើយកាន់តែពង្រីក។ ទៅ[ចូលរួម]ពិព័រណ័ណាននីងនេះ គឺដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មអាស៊ានចិន...។ បើគេថា ពាណិជ្ជកម្មជាមួយចិនអាក្រក់ អ៊ីចឹងគេចាំបាច់ទៅពង្រីកធ្វើអី? សួរប្រទេសអស់ហ្នឹងទៅ បើសិនជាអាក្រក់»។
លោក ហ៊ុន ម៉ាណែត បន្ថែមទៀតថា ដោយសារតែកម្ពុជាមានពាណិជ្ជកម្មជាមួយចិន ដូច្នេះហើយទើបកម្ពុជាមានរោងចក្រដែលអាចបម្រើដល់ការនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សារចិន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ពលរដ្ឋកម្ពុជាមានសិទ្ធិក្នុងការបញ្ចេញមតិទស្សនៈរបស់ខ្លួនក្នុងការលើកឡើងអំពីចម្ងល់របស់ខ្លួន ដើម្បីចូលរួមចំណែកគិតគូរដល់ប្រទេសជាតិ ហើយនាយករដ្ឋមន្រ្តីក៏មានសិទ្ធិក្នុងការស្រាយបំភ្លឺ ដែលនេះជាដំណើរការប្រជាធិបតេយ្យ។ ប៉ុន្តែលោកថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាគួរធ្វើឡើងបន្ថែមជាមួយប្រទេសដទៃទៀត មិនមែនតែប្រទេសចិនឡើយ។
លោកថ្លែងថា៖ «កាលណាបើយើងមានដំណើរទស្សនកិច្ចទ្វេភាគី ថ្នាក់នាយករដ្ឋមន្ត្រី ថ្នាក់ប្រធានាធិបតីជាដើមតែជាមួយភាគីចិន លោកខាងកើតនេះ ហើយខ្វះទំនាក់ទំនងទ្វេភាគីជាមួយនឹងលោកខាងលិចទេ វាហាក់ដូចជាទំនាក់ទំនងហ្នឹងវាផ្អៀង ឬក៏វាមានទំនោរទៅតែម្ខាង។ អ៊ីចឹងគួរតែពង្រីកទំនាក់ទំនងទាំងលោកខាងលិចផង ឱ្យស្របនឹងលោកខាងកើតផង ដើម្បីឱ្យមានតុល្យភាព ដូចមានចែងនៅក្នុងគតិសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិនានាដែលកម្ពុជាចុះហត្ថលេខា»។
នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិន លោក ហ៊ុន ម៉ាណែត បានប្រាប់មេដឹកនាំចិនថា រដ្ឋាភិបាលកម្ពុជាបន្តគាំទ្រនយោបាយចិនតែមួយ គាំទ្រគំនិតផ្តួចផ្តើមរបស់ចិនជាលក្ខណៈអន្តរជាតិ រួមគ្នាប្រឆាំងនឹងការធ្វើនយោបាយក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
នៅថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត ថ្លែងថា មិនមែនមានតែកម្ពុជាទេ ដែលប្រកាន់នយោបាយចិនតែមួយ។
លោកថ្លែងថា៖ «ឃើញវិទ្យុមួយនោះគេផ្សាយថា ប្រទេសខ្លះថ្កោលទោសកម្ពុជាថាកម្ពុជាប្រកាន់នយោបាយចិនតែមួយ គឺអាក្រក់។ ខ្ញុំសុំប្រាប់អ៊ីចេះ! ទៅស្រាវជ្រាវឡើងវិញទៅ! ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិមាន១៩៣ប្រទេស ក្នុងនោះ១៨១ប្រទេសគឺប្រកាន់ជំហរចិនតែមួយ រួមទាំងអាមេរិកផងដែរ។ កម្ពុជាប្រកាន់ជំហរចិនតែមួយ អត់ខុសទេ! អាស៊ានទាំងអស់ក៏ប្រកាន់ជំហរចិនតែមួយ»។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសទីមួយដែលលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចទ្វេភាគីផ្លូវការមុនគេ ក្រោយលោកចូលកាន់តំណែងបានជិតមួយខែ និងបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី កាលដើមខែកញ្ញានេះ។ លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀត នាខែតុលាខាងមុខ ដើម្បីចូលរួមវេទិកាស្តីពីគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន ឬ Belt and Road Initiative (BRI)៕