ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ រដ្ឋាភិបាល​ថ្មី​របស់​ថៃ​មាន​បំណង​ធ្វើ​ឱ្យ​មាន​តុល្យភាព​ចំ​ពេល​មាន​ការ​ប្រជែង​គ្នា​រវាង​អាមេរិក​និង​ចិន


រូបឯកសារ៖ លោក Srettha Thavisin ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ជួបអ្នកគាំទ្រនៅជិតទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី 17 ខែមីនា ឆ្នាំ 2023។
រូបឯកសារ៖ លោក Srettha Thavisin ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ជួបអ្នកគាំទ្រនៅជិតទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី 17 ខែមីនា ឆ្នាំ 2023។

អ្នក​វិភាគ​នានា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចម្រុះ​ស៊ីវិល​ថ្មី​របស់​ប្រទេស​ថៃ​អាច​នឹង​ប្រឡូក​ច្រើន​ជាង​មុន​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ បើ​ទោះបីជា​ខ្លួន​នៅ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដែល​ទំនាក់ទំនង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​របប​យោធា​ពី​មុន​ក៏ដោយ។

ខណៈ​ដែល​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស Pheu Thai ប្រហែល​ជា​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​ខ្លួន​ខុស​ពី​អតីត​រដ្ឋាភិបាល​របស់​លោក Prayuth Chan-ocha ក៏ដោយ ក៏​ការ​ងាក​ចេញ​ពី​ប្រទេស​ចិន​គឺ​មិន​ទំនង​ជា​នឹង​កើតឡើង​នោះ​ទេ។ លោក Prayuth គឺ​ជា​នាយ​ឧត្តមសេនីយ៍​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤ និង​ត្រូវ​បាន​បោះឆ្នោត​ដោយ​សភា​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ចំនួន​ពីរ​ដង។

កាលពី​ខែ​មីនា គឺ​ក្នុង​ពេល​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី ១៤ ខែ​ឧសភា មេដឹកនាំ​គណបក្ស Pheu Thai លោក Srettha Thavisin ដែល​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​គាំទ្រ​ដល់​ការ​បង្កើន​ពាណិជ្ជកម្ម​និង​ទេសចរណ៍​ជាមួយ​ប្រទេស​ចិន។

ប្រព័ន្ធ​ផ្សព្វផ្សាយ Matichon របស់​ថៃ​បាន​រាយការណ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក Srettha ត្រូវ​បាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា បេសកជន​ចិន​ប្រចាំ​ប្រទេស​ថៃ​លោក Han Zhiqiang បាន​អញ្ជើញ​លោក Srettha ឱ្យ​ទៅ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

លោក Benjamin Zawacki អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «ប្រទេស​ថៃ៖ ការ​ផ្លាស់ប្តូរ​ជំហរ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន (Thailand: Shifting Ground between the US and a Rising China)» បាន​ប្រាប់ VOA ផ្នែក​ភាសា​ថៃ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ទី ១ ខែ​កញ្ញា​ថា៖ «ប្រហែល​ជា​ដើម្បី​បង្ហាញ​ពី​ភាព​ខុស​គ្នា​របស់​ខ្លួន​ពី​រដ្ឋាភិបាល [មុនៗ] និង​ដោយសារ​តែ​មនោគមវិជ្ជា និង​ភាព​មិន​ប្រែប្រួល​ផ្នែក​មនោគមវិជ្ជា​មិន​ធ្លាប់​មាន​តួនាទី​សំខាន់​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​ថៃ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស Pheu Thai នា​ពេល​អនាគត​នឹង​ប្រឡូក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ប្រកប​ដោយ​ផ្លែផ្កា​កាន់​តែ​ខ្លាំង»។

លោក Greg Raymond គ្រូ​ជំនាញ​ផ្នែក​នយោបាយ​អាស៊ី​អាគ្នេយ៍​និង​ទំនាក់ទំនង​ការ​បរទេស​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National University) បាន​ថ្លែង​ថា ក្នុង​នាម​ជា​រដ្ឋាភិបាល​ចម្រុះ គណបក្ស Pheu Thai ប្រហែល​ជា​អាច​មាន​ឧបសគ្គ​ខ្លាំង​ក្នុង​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​មុន។

លោក​បាន​ប្រាប់ VOA ផ្នែក​ភាសា​ថៃ​ក្នុង​បទ​សម្ភាសន៍​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ទី ៣០ ខែ​សីហា​ថា គណបក្ស Pheu Thai «គោរព​ការ​ឯកភាព​គ្នា​ដែល​ថា ការ​ស្ថិត​នៅ​កណ្តាល​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​គឺ​ជា​គោល​នយោបាយ​សមស្រប​បំផុត​សម្រាប់​ប្រទេស​ថៃ»។

នយោបាយ​ផ្ទៃ​ក្នុង

ប្រទេស​ថៃ​បាន​តស៊ូ​បង្កើត​រដ្ឋាភិបាល​អស់​រយៈពេល​ជាង ៣ ខែ​បន្ទាប់​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា។

គណបក្ស Move Forward ដែល​ផ្តោត​លើ​យុវជន​បាន​ទទួល​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា ប៉ុន្តែ​កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បាន​ជួប​ឧបសគ្គ​នៅ​ពេល​ដែល​មេដឹកនាំ​របស់​ខ្លួន​លោក Pita Limjaroenrat ដែល​ទទួល​បាន​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ទទួល​បាន​សំឡេង​គាំទ្រ​តិច​ជាង ៥១% ដែល​ជា​សំឡេង​ភាគ​ច្រើន​ត្រូវការ​ពី​សភា​ទាំង​ពីរ​ថ្នាក់​របស់​ប្រទេស​ថៃ​ដើម្បី​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។

ការ​សន្យា​របស់​លោក Pita នៅ​ក្នុង​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត​កន្លង​មក​គឺ​រួម​មាន​ផង​ដែរ​នូវ​ការ​បង្កើត​គោល​នយោបាយ​ការបរទេស​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន​តិច​ជាង​មុន។

គណបក្ស Pheu Thai ទទួល​បាន​សំឡេង​គាំទ្រ​លំដាប់​ទី​ពីរ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នេះ។ គណបក្ស​នេះ​បាន​ឡើង​កាន់​អំណាច​កាលពី​ចុង​ខែ​សីហា បន្ទាប់ពី​បាន​បង្កើត​សម្ព័ន្ធភាព​ដែល​មិន​ទំនង​នឹង​កើត​ឡើង​មួយ​ជាមួយ​គណបក្ស​ចំនួន ១០ ផ្សេង​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​គណបក្ស​ចំនួន​ពីរ​ដែល​ជាប់​ទាក់ទង​ជាមួយ​ក្រុម​នាយ​ឧត្តមសេនីយ៍​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ផង​ដែរ។

សភា​ទាំង​ពីរ​ថ្នាក់​បាន​បោះឆ្នោត​រួម​គ្នា​ដើម្បី​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​នៅ​ក្រោម​រដ្ឋ​ធម្មនុញ្ញ​ដែល​អនុវត្ត​ដោយ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​យោធា។ អ្នក​តាមដាន​ស្ថានការណ៍​ជើង​ចាស់​មួយ​ចំនួន​លើ​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​ថៃ​បាន​ថ្លែង​ថា រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ការ​ដឹកនាំ​បែប​អភិរក្ស​និយម​ដែល​គាំទ្រ​ដោយ​យោធា។

សមាជិក​គណបក្ស Pheu Thai ឥឡូវ​នេះ​កាន់កាប់​តំណែង​កំពូលៗ​ក្នុង​ក្រសួង​ការបរទេស​និង​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​ថៃ ដែល​ជា​អង្គភាព​បង្កើត​គោល​នយោបាយ​សំខាន់ៗ។

អតីត​សកម្មជន​នយោបាយ​លោក Suthin Khlangsaeng កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ដែល​ជា​ជន​ស៊ីវិល​ដ៏​កម្រ​ដែល​កាន់​តំណែង​នេះ។ អតីត​អ្នក​តំណាង​ពាណិជ្ជកម្ម​ថៃ​លោក Panpree Pahitthanukorn កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​និង​ជា​ឧប​នាយករដ្ឋមន្ត្រី។

លោក Suthin ដែល​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ចិន។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៧ បណ្ដា​បស្ចិម​ប្រទេស​បាន​បដិសេធ​សំណើ​របស់​របប​ដឹកនាំ​យោធា​ថៃ​នៅ​ក្នុង​ការ​សុំ​ទិញ​យុទ្ធោបករណ៍ ហើយ​នាយ​ឧត្តមសេនីយ៍​ថៃ​បាន​ងាក​ទៅ​រក​រដ្ឋាភិបាល​ចិន។

នៅ​ក្នុង​ឆ្នាំ ២០១៥ ប្រទេស​ថៃ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​ទិញ​សព្វាវុធ​កងទ័ព​ជើង​ទឹក​របស់​ចិន។ នៅ​ឆ្នាំ ២០១៧ ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ទឹក​ប្រាក់ ១ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​នាវា​មុជ​ទឹក ៣ គ្រឿង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី។

បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០១៩ របស់​ប្រទេស​ថៃ សហរដ្ឋ​អាមេរិក​បាន​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ក្នុង​ចំណោម​ក្រុម​បស្ចិម​ប្រទេស​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ប្រក្រតី​ភាព​ឡើង​វិញ​ជាមួយ​នឹង​ប្រទេស​ថៃ បើ​ទោះបីជា​លោក Prayuth បន្ត​ការ​ដឹកនាំ​ដែល​មាន​ឥទ្ធិពល​យោធា​ក៏ដោយ។

នៅ​ខែ​សីហា ឆ្នាំ ២០១៩ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ការ​លក់​ទៅ​ឱ្យ​ប្រទេស​ថៃ​នូវ​រថយន្ត​ដឹក​ជញ្ជូន​ទ័ព Stryker ចំនួន ៦០ គ្រឿង​ជាមួយ​នឹង​ឧបករណ៍​និង​សម្ភារ​ជំនួយ​ផ្សេង​ទៀត ដែល​មាន​តម្លៃ​ប្រមាណ ១៧៥ លាន​ដុល្លារ និង​ក្រោយ​មក​ទៀត លក់​ឧទ្ធម្ភាគចក្រ​ឈ្លប​យក​ការណ៍​ចំនួន ៨ គ្រឿង​ក្នុង​ខែ​កញ្ញា ដែល​មាន​ទឹក​ប្រាក់ ១៣៧,១៧ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Murray Hiebert ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

លោក Panpree ដែល​ជា​អ្នក​បច្ចេកទេស​ផ្តោត​លើ​អាជីវកម្ម បាន​ប្រាប់​កាសែត Thairath របស់​ថៃ​កាលពី​ខែ​មីនា​ថា គោល​នយោបាយ​ការបរទេស​របស់​គណបក្ស Pheu Thai នឹង​ផ្តោត​លើ​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​ដោយ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​បង្កើត​ទំនិញ​និង​សេវាកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បង្កើន​ការ​ចរចា​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការ​វិនិយោគ​បរទេស​បន្ថែម​ទៀត។

កាលពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា លោក Srettha ដែល​ថ្លែង​អំពី​ការ​ស្តារ​សេដ្ឋកិច្ច​ថៃ​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ប្តេជ្ញា​នៅ​ក្នុង​សុន្ទរកថា​ចូល​កាន់​តំណែង​របស់​លោក​ដែល​ថ្លែង​ទៅ​កាន់​សភា​ថា លោក​នឹង​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​ដើម្បី​លុប​បំបាត់​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស។

ការ​វិនិយោគ​របស់​ចិន

លោក Raymond ដែល​ជា​គ្រូ​ជំនាញ​នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី បាន​រំពឹង​ថា រដ្ឋាភិបាល​ថ្មី​របស់​ថៃ​នេះ​នឹង​គាំទ្រ​ការ​វិនិយោគ​របស់​ចិន​បន្ថែម​ទៀត​នៅ​ក្នុង​គម្រោង​ដែល​មាន​ស្រាប់​ដូចជា​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​បូព៌ា (Eastern Economic Corridor) និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា 5G ជាដើម។

ច្រក​របៀង​សេដ្ឋកិច្ច​នេះ​មាន​នៅ​ខេត្ត Rayong ខេត្ត Chonburi និង​ខេត្ត Chachoengsao ហើយ​ប្រទេស​ចិន​បាន​ធ្វើ​ការ​វិនិយោគ​លើស ១០% នៃ​ការ​វិនិយោគ​បរទេស​សរុប​របស់​គម្រោង​នេះ​ចាប់ពី​ឆ្នាំ ២០១៨ ដល់​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua។

ក្រុមហ៊ុន​ចិន​ដូចជា Huawei និង ZTE Corporation កំពុង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ថៃ​ក្នុង​ការ​ប្រើប្រាស់​សេវា​បច្ចេកវិទ្យា 5G នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ ក៏​ដូចជា​ការ​បើក​ដំណើរការ​មជ្ឈមណ្ឌល 5G នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Bangkok Post។

លោក Raymond បាន​កត់​សម្គាល់​ថា៖ «ជា​ទូទៅ គណបក្ស Pheu Thai បាន​គាំទ្រ​ដល់​ការ​បង្កើន​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន»។

បើ​យោង​តាម​ក្រុមប្រឹក្សា​វិនិយោគ​ថៃ (Board of Investment of Thailand) ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ២,៣ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ថៃ​តាមរយៈ​ឧស្សាហកម្ម​ដូចជា​អេឡិចត្រូនិក រថយន្ត និង​មជ្ឈមណ្ឌល​ទិន្នន័យ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​អាមេរិក​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ១,៨ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ថៃ​តាម​រយៈ​គម្រោង​ចំនួន ៣៣។

លោក Zawacki ក៏​បាន​ថ្លែង​ផង​ដែរ​ថា រដ្ឋាភិបាល​ថ្មី​របស់​ថៃ​អាច​នឹង​ផ្តល់​អាទិភាព​បន្ថែម​ទៀត​ដល់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​ឆ្នាំ ២០១០ ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​សាងសង់​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​ថៃ​និង​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ឆ្នាំ ២០១៤។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​រាយការណ៍​ថា គម្រោង​នេះ​នឹង​ត​ភ្ជាប់​ទីក្រុង​បាងកក​ក្នុង​ប្រទេស​ថៃ​ជាមួយ​ទីក្រុង Kunming ក្នុង​ប្រទេស​ចិន​ដោយ​ឆ្លង​កាត់​ប្រទេស​ឡាវ ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ចំនួន ៥,៤ ពាន់​លាន​ដុល្លារ។

ការ​វិវឌ្ឍ​មាន​ភាព​យឺតយ៉ាវ។ គិត​ត្រឹម​ពេល​នេះ មាន​កិច្ចសន្យា​សាងសង់​ដែល​មាន​ទឹកប្រាក់​ត្រឹមតែ ៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ផ្នែក​ដែល​ត​ភ្ជាប់​ទីក្រុង​បាងកក​ជាមួយ​ខេត្ត Korat ដែល​ជា​ខេត្ត​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ។ ខ្សែ​រថភ្លើង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​នឹង​ភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រទេស​ថៃ​ជាមួយ​នឹង​ខ្សែ​រថភ្លើង​ក្នុង​ប្រទេស​ឡាវ ដែល​ជា​គន្លឹះ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន (BRI) នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Zawacki បាន​ថ្លែង​ថា៖ «ដោយសារ​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស Pheu Thai ជាមួយ​ប្រទេស​ចិន បំណង​ប្រាថ្នា​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ខុស​ប្លែក​ពី​អតីត​រដ្ឋាភិបាល​របស់​លោក Prayuth និង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​ដែល​នៅតែ​រឹងមាំ​ដោយ​គ្រាន់តែ​ត្រូវការ​ការ​ពង្រឹង​បន្ថែម​នោះ គេ​មាន​ហេតុផល​ជឿជាក់​ថា​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​ផ្តល់​អាទិភាព​ដល់​គម្រោង​ផ្លូវ​ដែក​មួយ​នេះ​កាន់តែ​ខ្លាំង​ជាង​មុន»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។

XS
SM
MD
LG