នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយថា រដ្ឋាភិបាលនៃប្រទេសចិននៅតែមិនអាចបំពេញនូវការរំពឹងទុករបស់ប្រជាជនពាក់ព័ន្ធនឹងការបំពុលបរិស្ថាន។ ភាពយន្តឯកសារមួយអំពីការបំពុលខ្យល់ ដែលនាពេលថ្មីៗនេះត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែតក្នុងប្រទេសចិន បានបង្ហាញពីអារម្មណ៍អវិជ្ជមានដូចនោះរបស់សាធារណជន មុនពេលភាពយន្តឯកសារនោះត្រូវបានបិទដោយក្រុមអាជ្ញាធរ។
មុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់សភានៅទីក្រុងប៉េកាំង ភាពយន្តឯកសារមួយ ដែលមានចំណងជើងថា «នៅក្រោមដំបូលជ្រក» (Under the Dome) ត្រូវបានផ្សព្វផ្សាយពាសពេញប្រព័ន្ធអ៊ីនធឺណែត។ ប៉ុន្តែក្រោយពេលដែលសមាជប្រជាជាតិប្រព្រឹត្តទៅបានមួយថ្ងៃ ភាពយន្តឯកសារនោះត្រូវបានបញ្ជាឲ្យបិទ បន្ទាប់ពីមនុស្សជាង ២០០ លាននាក់បានមើលវា។ រដ្ឋមន្រ្តីក្រសួងបរិស្ថានដែលទើបតែត្រូវបានចាត់តាំងថែមទាំងបានកោត សរសើរភាពយន្តឯកសារមួយនោះ។
ភាពយន្តឯកសារ ដែលត្រូវបានធ្វើឡើងដោយអតីតអ្នកយកព័ត៌មានទូរទស្សន៍ជាតិលោក Chai Jing បានផ្តោតទៅលើបញ្ហាសុខភាពដែលបង្កមកពីផ្សែងនៅប្រទេសចិន បញ្ហាប្រឈមដែលអាជ្ញាធរបរិស្ថានជួបប្រទះនៅក្នុងការអនុវត្តច្បាប់ និង បែបផែនដែលសហគ្រាសរដ្ឋ ជាពិសេសក្រុមហ៊ុនថាមពលផ្សេងៗ ជាផ្នែកមួយនៃបញ្ហានោះ។
នៅអំឡុងសន្និសីទកាសែត នាថ្ងៃអាទិត្យ (៣/២២) នៅចុងបញ្ចប់កិច្ចប្រជុំសភាប្រចាំឆ្នាំ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ត្រូវបានសួរពីគំនិតរបស់លោកទៅលើការអះអាងនៅក្នុងភាពយន្តឯកសារអំពី ក្រុមហ៊ុនប្រេងធំៗ ក៏ដូចជាថាតើក្រុមហ៊ុនទាំងនោះអាចជាឧបសគ្គចំពោះការអនុវត្តការការពារបរិស្ថានឬទេ។
ដោយពុំបានបញ្ជាក់ពីភាពយន្តឯកសារនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដោះស្រាយបញ្ហា បំពុលបរិស្ថាន ជាពិសេសផ្សែងអ័ព្ទ គឺជាព្រួយបារម្ភដ៏ធំមួយក្នុងអារម្មណ៍ប្រជាជនគ្រប់រូប។ លោកបាននិយាយថា រាជរដ្ឋាភិបាលមានការប្តេជ្ញានៅក្នុងការដោះស្រាយ និងបានចាត់វិធានការដើម្បីសម្រេចបានដំណោះស្រាយបញ្ហានោះ។ លោកបានបន្តទៀតថា កិច្ចប្រឹងប្រែងនោះមិនបានបំពេញនូវការរំពឹងទុករបស់ប្រជាជន។
សន្និសីទសារព័ត៌មានប្រចាំឆ្នាំ បន្ទាប់ពីសមាជត្រូវបានរៀបចំទុកយ៉ាងរឹតត្បឹត ហើយសំណួរត្រូវបានជ្រើសរើសទុកមុន។
លោកនាយករដ្ឋមន្រ្តី LI បាននិយាយថា ក្រោមក្រមច្បាប់ការការពារបរិស្ថាននាឆ្នាំនេះ ក្រុមអាជ្ញាធរត្រូវប្តេជ្ញាធ្វើឲ្យប្រាកដប្រជាថា អ្នកដែលមានវិភាគទាននៅក្នុងបញ្ហានោះនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
លោកនាយករដ្ឋមន្ត្រីបានពោលទៀតថា រាល់សកម្មភាពផលិត និងបញ្ចេញចោលខុសច្បាប់ទាំងឡាយនឹងត្រូវប្រឈមនឹងច្បាប់ មិនថាជនល្មើសជានរណានោះទេ ។ លោកបានបន្ថែមថា រដ្ឋាភិបាលត្រូវតែដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើរាល់អាជីវកម្មណា ដែលបញ្ចេញឧស្ម័នបំពុល និងចាក់កាកសំណល់ខុសច្បាប់។ លោកបាននិយាយទៀតថា ច្បាប់បរិស្ថានមិនមែនជាស្ករគ្រាប់មួយចង្កាក់នោះទេ ប៉ុន្តែត្រូវជាសំណាញ់ប្រកបដោយអំណាចមួយ។
អត្ថន័យទូទៅនៃភាពយន្តឯកសារនេះ ហាក់ដូចជាមានទិសដៅស្របគ្នា ជាមួយកិច្ចខិតខំប្រឹងប្រែងដែលអាជ្ញាធរកំពុងធ្វើឡើងដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែមិនទាន់មានភាពច្បាស់លាស់ពីហេតុផល ដែលភាពយន្តឯកសារនោះត្រូវបានបិទ ឬហេតុផលដែលបញ្ហានោះទើបតែត្រូវបានលើកឡើងជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយប៉ុណ្ណោះ។ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ CCTV ទីដែលលោក Chai Jing ធ្លាប់ធ្វើការពុំបានលើកភាពយន្តឯកសារនោះមកនិយាយឡើយ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលទើបត្រូវបានចាត់តាំងនៅប្រទេសចិន លោក Chen Jining បានកោតសរសើរខ្សែភាពយន្តនោះ ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកកាលពីសប្តាហ៍មុន វាហាក់ដូចជាក្រុម អាជ្ញាធរបានចាត់វិធានការដើម្បីធ្វើឲ្យប្រាកដថា នឹងមិនមានសំណួរណាមួយដែលពាក់ព័ន្ធនឹងភាពយន្តឯកសារនោះលេចឡើងឡើយ។
ក៏ប៉ុន្តែនៅកិច្ចប្រជុំនយោបាយប្រចាំឆ្នាំរបស់ប្រទេសចិន ក៏មានការលើកឡើងខ្លះៗ អំពីភាពយន្តឯកសារនោះ។
នៅក្នុងសេចក្តីអធិប្បាយទៅកាន់អ្នកយកព័ត៌មានមុនពេលដែលភាពយន្តឯកសារត្រូវបានគេហាមឃាត់ លោក Yao Ming អតីតកីឡាបាល់បោះជាតិ ដែលបានមកធ្វើជាតំណាងនៅកិច្ចប្រជុំប្រចាំឆ្នាំ បាននិយាយថាលោកបានមើលខ្សែភាពយន្ដនិង បានថ្លែងអំណរគុណលោក Chai Jing ដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់រលឹក។ លោក Yao បានបន្ថែមទៀតថា ខ្សែភាពយន្តនេះ បានស្តែងជាសាធារណៈនូវអារម្មណ៍ក្នុងចិត្តរបស់មនុស្សជាច្រើន។
លោក Chen Kaige អ្នកដឹកនាំរឿងជនជាតិចិន បានហៅខ្សែភាពយន្តនេះ ជាអ្វីមួយប្រកបដោយភាពស្មោះត្រង់និងពិតប្រាកដ។ លោកបន្ថែមថា សំឡេងផ្សេងៗដូចជា សំឡេងលោក Chai Jing ក្នុងការរំលឹកអំពីបញ្ហាបំពុលបរិស្ថាន ជាអ្វីមួយដែលត្រូវការក្នុងសង្គម។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកជំនាញខាងផ្លូវដង្ហើម និងជាអ្នកតំណាងនៅក្នុងកិច្ចប្រជុំ លោកZhong Nanshan បាននិយាយថា ខ្សែភាពយន្តលោក Chai Jing បានចង្អុលបង្ហាញយ៉ាងល្អអំពីបញ្ហានៃកន្លែងដែលផ្សែងអ័ព្ទផុលចេញមក ការប៉ះពាល់ដែលអាចបង្កឡើង អ្វីដែលកំពុងធ្វើឡើងដើម្បីដោះស្រាយ និងឧបសគ្គផ្សេងៗដែលត្រូវជួបប្រទះកន្លងមក។
លោក Zhong និយាយថា ផលប៉ះពាល់ពេលលេញនៃការបំពុលទៅលើរាងកាយ គឺនៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺថាការបំពុលមានគ្រោះថ្នាក់ខ្លាំងណាស់។ លោកបានបន្តថា ភាពយន្តឯកសារនេះ បានលើកជាសំណួរល្អៗ សម្រាប់យកមកគិត ហើយបំផុសគំនិត។
លោក Zhong បាននិយាយបើកចំហតាំងពីយូរយារណាស់មកហើយអំពីបញ្ហាការបំពុលខ្យល់នៅប្រទេសចិន ប៉ុន្តែត្រូវបានស្គាល់ច្រើនពីការលាតត្រដាងការបិទបាំងរបស់រដ្ឋាភិបាលទៅលើជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរក្នុងឆ្នាំ 2003។ លោក Zhong បានប្រាប់ឲ្យដឹងថា បញ្ហាផ្សែងអ័ព្ទនៅប្រទេសចិន គឺគួរឲ្យភ័យខ្លាចជាងជំងឺ SARS ទៅទៀត៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង