ផ្លូវរថភ្លើងវែងជាងគេដែលភ្ជាប់ទៅប្រទេសផ្សេងៗក្នុងពិភពលោកបានចាប់ផ្តើមដំណើរការ បន្ទាប់ពីរថភ្លើងមួយគ្រឿងផ្ទុកទៅដោយផលិតផលពីប្រទេសចិន បានមកដល់ទីក្រុងម៉ាឌ្រីដ (Madrid)ប្រទេសអេស៉្បាញ កាលពីខែមុន។ ផ្លូវរថភ្លើងនេះត្រូវគេដាក់ឈ្មោះថា«វិថីសូត្រសតវត្សរ៍ទី២១» និងជាការវិនិយោគជាប្រវត្តិសាស្រ្តថ្មីបំផុតរបស់ចិន ដែលមានគោលដៅលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅលើវិថីជំនួញចាស់រវាងអាស៊ីបូព៌ានិងអឺរ៉ុប។ សហគមន៍អឺរ៉ុប គឺជាដៃគូជំនួញធំជាងគេរបស់ចិន ហើយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្រុងប៉េកាំងក៏ត្រូវបានទទួលស្វាគមន៍នៅអឺរ៉ុបផងដែរ។
កាលពីខែវិច្ឆិកា ក្បាលម៉ាស៊ីនរថភ្លើងដើរដោយប្រេងម៉ាស៊ូតបានចាកចេញពីទីក្រុងYiwu ដែលស្ថិតនៅតាមបណ្តោយឆ្នេរប្រទេសចិន ដែលទីក្រុងនោះត្រូវបានស្គាល់ថា ជាទីផ្សារធំជាងគេបង្អស់នៅលើពិភពលោក។
រថភ្លើងដែលមាន៤០ទូ បានធ្វើដំណើរលើផ្លូវដែលមានចម្ងាយ១ម៉ឺន៣ពាន់គីឡូម៉ែត្រ និងបានមកដល់ទីក្រុងម៉ាឌ្រីដ រាជធានីប្រទេសអេស៉្បាញនៅរយៈពេលបីសប្តាហ៍ក្រោយមក ដែលនេះគឺទាន់ពេលបុណ្យណូអែល ដោយប្រើពេលវេលាត្រឹមតែពាក់កណ្តាលនៃការធ្វើដំណើរតាមកប៉ាល់។ រថភ្លើងនោះគ្រោងនឹងត្រលប់ពីប្រទេសអេស៉្បាញវិញដោយមានផ្ទុកស្រា និង ផលិតផលផ្សេងៗសម្រាប់បុណ្យចូលឆ្នាំចិននាខែកុម្ភៈខាងមុខ។ លោក Jonathan Fenby អ្នកនិពន្ធសៀវភៅ«តើចិននឹងគ្រប់គ្រងនៅក្នុងសតវត្សរ៍ទី២១ឬ?» បាននិយាយថា ចិនចង់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញវិស័យពាណិជ្ជកម្ម។
លោក Fenby និយាយថា៖ «អ្វីៗទាំងអស់នេះកំពុងតែវិវត្ត ហើយខ្ញុំគិតថា វានឹងបន្តអភិវឌ្ឍទៅមុខថែមទៀត។ ឥឡូវនេះ មានការតភ្ជាប់ផ្លូវរថភ្លើងពីទីក្រុង Chongqing នៅភាគនិរតីនៃប្រទេសចិនឆ្លងកាត់ប្រទេសរុស្ស៊ី ហើយផ្លូវរថភ្លើងនោះបានបញ្ចប់នៅចំណតចុងក្រោយនៅទីក្រុង Duisberg ប្រទេសអាល្លឺម៉ង់។
ឥឡូវនេះ ផ្លូវរថភ្លើងដឹកទំនិញជាច្រើន បានធ្វើដំណើរភ្ជាប់ពីអាល្លឺម៉ង់ទៅចិនប្រាំដងក្នុងមួយសប្តាហ៍ ដោយដឹកជញ្ជូនសម្ភារៈផ្សេងៗ ដែលមានចាប់តាំងពីគ្រឿងបន្លាស់រថយន្តម៉ាក BMW រហូតដល់ទៅម៉ាស៊ីនកុំព្យូទ័ររបស់ក្រុមហ៊ុន Hewlett Packard។ លោក Fenby បានបន្ថែមថា ទីក្រុងប៊ែកឡាំង (Berlin)កំពុងឈានមុខក្នុងវិស័យនេះ។
«ប្រទេសទាំងអស់នៅសហគមន៍អឺរ៉ុបមានការភ្ញាក់ផ្អើលដោយសារភាពជោគជ័យរបស់អាល្លឺម៉ង់ ទាំងនៅលើការនាំចេញទៅចិន និងការបង្កើតក្រុមហ៊ុនសហការជំនួញទ្រង់ទ្រាយធំ។ ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន Siemens ក្រុមហ៊ុនផលិតយានជំនិះ និងក្រុមហ៊ុនសារធាតុគីមីផ្សេងៗ។»
ប្រទេសចិនកំពុងតែបោះទុនវិនិយោគយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនៅអឺរ៉ុប។ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានចូលរួមពិធីសម្ពោធស្ពានកសាងដោយចិនឆ្លងកាត់ទន្លេ Danube នៃប្រទេសស៊ែប៊ីកាលពីខែមុន ដែលបានចំណាយថវិកាអស់១៦៧លានដុល្លារ ។ សមភាគីរបស់ខ្លួនគឺលោក Aleksandar Vucic បានសាទរការវិនិយោគនោះ។
លោក Vucic បានថ្លែងថា៖ «នេះជាការបង្ហាញភាពប៉ិនប្រសព្វដំបូងរបស់ក្រុមវិស្វករចិននៅទ្វីបអឺរ៉ុប និងជាវត្ថុតាងនៃនិរន្តភាពមិត្តភាពរវាងប្រជាជនចិននិងប្រជាជនស៊ែប៊ី។ យើងនឹងទទួលបានគម្រោងបែបនេះជាច្រើនទៀតពីសម្ព័ន្ធមិត្តចិនរបស់យើង។ នឹងមានស្ពាន និងវិថីថ្មីៗឆ្ពោះទៅកាន់អនាគត»។
គម្រោងទាំងនោះ រួមមានការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនក្នុងថវិកា១,៩ពាន់លានដុល្លារ ដោយភ្ជាប់ទីក្រុងបេលហ្គ្រេដ (Belgrade) ប្រទេសស៊ែប៊ី ទៅទីក្រុង ប៊ុយដាប៉ែស (Budapest)ប្រទសហុងគ្រី។
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃច័ន្ទថា ការធ្វើវិនិយោគទុនដ៏ធំមហិមាលើហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេសគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តថ្មីឆ្ពោះទៅកាន់ទំនាក់ទំនងសាកល។
លោក Yi បានបន្តថា៖ «គិតត្រឹមចុងឆ្នាំ២០១៤ ប្រទេសចិនបានបង្កើតទំនាក់ទំនងយុទ្ធសាស្រ្តនិងសហប្រតិបត្តិការជាង៧០ ជាមួយប្រទេសនិងតំបន់សំខាន់ៗទូទាំងសាកលលោក។ នេះមានន័យថា ប្រទេសចិនកំពុងតែដើរលើផ្លូវថ្មី គឺការកសាងភាពជាដៃគូជាជាងការបង្កើតជាភាពជាសម្ព័ន្ធមិត្ត។
ក្រុមសម្តែងរាំដែលបង្ហាញពី«ក្តីស្រម៉ៃនៃវិថីសូត្រ»របស់ចិនបានកំពុងធ្វើការសម្តែងទូទាំងអាស៊ីភាគខាងត្បូងកាលពីប៉ុន្មានខែកន្លងមកនេះ ដើម្បីបង្ហាញផ្នែកសំខាន់ៗនៃចក្ខុវិស័យរបស់ចិនក្នុងការបង្កើតឡើងវិញនូវផ្លូវជំនួញចាស់ៗ។ រដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាផ្តល់ទឹកប្រាក់៤០លានដុល្លារដើម្បីលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
លោក Jonathan Fenby និយាយថា ការជំរុញឲ្យមានការវិនិយោគទុនក្រៅប្រទេសគឺស្ថិតក្នុងគោលបំណងពង្រឹងវត្តមានរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅលើឆាកអន្តរជាតិ ក៏ប៉ុន្តែវាក៏ត្រូវបានជំរុញមួយផ្នែកផងដែរ ដោយសារការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសចិន។
លោកបាននិយាយថា៖ «រចនាសម្ព័ន្ធអន់ថយនៅមានច្រើននៅឡើយក្នុងប្រទេសចិន បើពិចារណាលើអ្វីៗទាំងអស់ចាប់តាំងពីប្រព័ន្ធហិរញ្ញវត្ថុរហូតដល់បរិស្ថាន។ ឥឡូវនេះ យើងស្ថិតនៅត្រង់ចំណុចមួយដែលខ្ញុំគិតថា ថ្នាក់ដឹកនាំចិនបច្ចុប្បន្នទទួលស្គាល់រួចហើយថា កំណើនសេដ្ឋកិច្ចនឹងមានភាពយឺតយ៉ាវជាងមុន។ ក៏ប៉ុន្តែក៏មានការយល់ដឹងច្រើនដែរនៅប្រទេសចិន ពីតម្រូវការនៅក្នុងការ គ្រប់គ្រងនិងដោះស្រាយបញ្ហាធំៗទាំងអស់នេះ»។
នៅស្របពេលដែលតំបន់អឺរ៉ុបប្រឈមនឹងភាពជាប់ឆ្គឹងផ្នែកសេដ្ឋកិច្ច ការវិនិយោគទុនរបស់ចិន ត្រូវបានស្វាគមន៍ ហើយក្រុមអ្នកវិភាគបានកត់សម្គាល់ឃើញថា ការព្រួយបារម្ភរបស់អឺរ៉ុបលើបញ្ហាសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសចិន ជារឿងលែងសូវសំខាន់ជាងគេតទៅទៀតហើយ៕
ប្រែសម្រួលដោយ នៀម ឆេង