នៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហាញថាជនជាតិរបស់ខ្លួនដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជាជាង១ពាន់នាក់ត្រូវចាប់ខ្លួននិងបញ្ជូនចេញពីកម្ពុជា។ ស្ថានទូតចិនបានសរសើរថា នេះជាសមិទ្ធិផលរួមនៃកិច្ចសហការរវាងនគរបាលនៃប្រទេសកម្ពុជានិងចិន។
ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានកោតសរសើរកិច្ចសហការរវាងនគរបាលកម្ពុជា និងនគរបាលចិនដែលបានបង្ក្រាបជនល្មើសច្បាប់ជាជនជាតិចិនជាង១,០០០នាក់ចាប់តាំងពីដើមឆ្នាំ២០១៩មក និងបានហៅឆ្នាំ២០១៩ ថាជាឆ្នាំនៃ «កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងចិន»។។
ក្នុងសេចក្តីថ្លែងការណ៍តាមទំព័រហ្វេសប៊ុកស្ថានទូតចិនបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលមួយឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការ «យ៉ាងជិតស្និទ្ធ» រវាងនគរបាលនៃប្រទេសទាំងពីរ នគរបាលកម្ពុជាបានចាប់ឃាត់ខ្លួនជនជាតិចិនទាំងជាង១,០០០នាក់។
ជនត្រូវចាប់ខ្លួនទាំងនេះត្រូវបានរកឃើញថាបានប្រព្រឹត្តអំពើពេស្យាចារ ល្បែងភ្នាល់គ្នាតាមប្រព័ន្ធអ៊ិនធើណេត គ្រឿងញៀន សង្គមងងឹត និងបទល្មើសផ្សេងទៀត។ ហើយពួកគេត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ។
ស្ថានទូតចិនប្រចាំកម្ពុជាសរសេរបន្ថែមថា សមត្ថកិច្ចប្រទេសទាំងពីរនឹងបន្តសហការគ្នាបង្ក្រាបរាល់បទឧក្រិដ្ឋណាដែលពួកគេប្រព្រឹត្ត «បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សុវត្ថិភាពប្រជាពលរដ្ឋទាំងពីរប្រទេស»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានទេ រហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា សមត្ថកិច្ចកម្ពុជាបាននិងកំពុងពង្រឹងការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងជនបរទេស ដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា។លោកបន្តថា រាល់ការសហការជាមួយសមត្ថកិច្ចចិនក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនជនជាតិចិនដែលប្រព្រឹត្តបទល្មើស គឺសម្រេចលើកម្ពុជា។
«គាត់ត្រូវផ្តល់ព័ត៌មានមកឲ្យសមត្ថកិច្ចរបស់កម្ពុជាយើង ហើយយើងជាអ្នកធ្វើ យើងធ្វើមិនធ្វើគឺអាស្រ័យតែលើយើងទេ ដែលចាប់មិនចាប់។ ដូច្នេះសិទ្ធិសម្រេចសិទ្ធិអីគឺលើយើង។ បើយើងពិនិត្យថាឯកសារហ្នឹងគ្រប់គ្រាន់ត្រឹមត្រូវហើយ មានចិន មានដីកាចាប់ខ្លួន ឬដីកាអី ប្រព្រឹត្តបទល្មើសអី យើងចុះទៅហើយ ហើយការចុះទៅហ្នឹងមិនមែនចុះទៅទាំងពីរនាក់ទេ គឺចុះតែយើងទេ គាត់ចាំតែទទួលផល ទទួលជនល្មើសទេ យើងចាប់បានប្រាប់ទៅគាត់ទៅ គាត់យកយន្តហោះដឹកជនល្មើសទៅវិញទៅ»។
ប្រទេសចិនបានស្ថិតនៅកំពូលតារាងក្នុងបញ្ជីវិនិយោគបរទេសមកកម្ពុជា។ ចន្លោះពីឆ្នាំ២០១៦ដល់ខែសីហា ឆ្នាំ២០១៩ ទឹកប្រាក់វិនិយោគសរុបមកពីប្រទេសចិនកើនដល់៧,៩ពាន់លានដុល្លារអាមេរិក ខណៈដែលទុនវិនិយោគពីបរទេសសរុបចំនួន២២,៥ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទុនវិនិយោគពីប្រទេសចិនបានចាក់ចូលទៅខេត្តព្រះសីហនុជាច្រើន។ វិស័យសាងសង់និងអចលនទ្រព្យនៅទីនោះបានស្ទុះឡើងយ៉ាងគំហុក និងបនល្បែងកាស៊ីណូ និងការលេងល្បែងតាមប្រព័ន្ធអ៊ីនធើណែតបានរីកដូចផ្សិត។ ឧក្រិដ្ឋកម្មជាច្រើនបានកើតមានជាបន្តបន្ទាប់ ហើយត្រូវគេយកមកលាតត្រដាងតាមបណ្តាញសង្គម។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលើកឡើងថា ស្ថានភាពនៃការប្រព្រឹត្តបទល្មើស និងបង្កអន្តិសុខផ្សេងៗដោយជនជាតិចិននៅកម្ពុជា នៅតែជាកង្វល់ដែលមិនមានការថយចុះនៅឡើយ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា និងចិន គួរតែរឹតបន្តឹងការត្រួតពិនិត្យសវតារបស់ជនជាតិចិនដែលចូលមកកម្ពុជា ដើម្បីកាត់បន្ថយអន្តិសុខបង្កដោយជនជាតិចិន។
បើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិកាលពីខែកញ្ញា ឆ្នាំ២០១៨ ជនជាតិចិននៅកម្ពុជាកើនឡើងដល់ជាង២០ម៉ឺននាក់ ដោយមិនបូកបញ្ចូលអ្នកកាទូត អ្នកទេសចរណ៍ និងអង្គការសង្គមស៊ីវិល។ យ៉ាងហោចណាស់មានជនជាតិចិនចំនួន២៧០០ នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាគិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ក្រោយពីពួកគេបានប្រព្រឹត្តបទល្មើស។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃ៕