មេដឹកនាំថ្មីរបស់អូស្ត្រាលីបានផ្តល់សញ្ញាកាលពីថ្ងៃអង្គារម្សិលមិញថា លោកនឹងទប់ទល់ការ កើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលហាក់ដូចជាច្រានចោលការលើកឡើងជាមួយនឹងក្តីសង្ឃឹមរបស់រដ្ឋាភិបាលក្រុងប៉េកាំង បន្ទាប់ពីការជាប់ឆ្នោតរបស់លោក ហើយនឹងការផ្តល់សញ្ញានៃការកើនឡើងនៃភាពជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលី។
នាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មីអូស្ត្រាលីលោក Anthony Albanese បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនៅខាងក្រៅជំនួបរបស់មេដឹកនាំក្រុមចតុភាគី Quad ដែលជាក្រុមក្រៅផ្លូវការមួយដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីថា៖ «យើងនឹងកំណត់តម្លៃរបស់ខ្លួនយើងផ្ទាល់។ យើងនឹងកំណត់ទិសដៅនៅពេលអនាគតរបស់អូស្ត្រាលី។ ចិនត្រូវតែធ្វើការផ្លាស់ប្តូរ មិនមែនអូស្ត្រាលីនោះទេ»។
នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះមានប្រសាសន៍ទៀតថា លោកបានទទួលសារអបអរសាទរផ្លូវការមួយច្បាប់ពីនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក៏ប៉ុន្តែនៅមិនទាន់បាននិយាយជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីលោកបានជាប់ឆ្នោតកាលពី៣ថ្ងៃកន្លងទៅនេះទេ។
នៅថ្ងៃអង្គារម្សិលមិញនេះដែរ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតី Joe Biden បាន «បញ្ជាក់ឡើងវិញនូវការគាំទ្រឥតងាករេដល់សម្ពន្ធភាពរវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលីនិងការតាំងចិត្តដើម្បីពង្រឹងសម្ពន្ធភាពនេះបន្ថែមទៀត»។
សេចក្តីថ្លែងការណ៍របស់លោក Biden ក៏បានរៀបរាប់ដល់ការយកចិត្តទុកដាក់កាន់តែកើនឡើងរបស់ចិនទៅលើកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា ជាផ្នែកមួយរបស់ចិននោះ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក «បានសរសើរលើការគាំទ្រដ៏ខ្លាំងរបស់អូស្ត្រាលីដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមក ហើយមេដឹកនាំទាំង២បានព្រមព្រៀងគ្នាពីសារៈសំខាន់នៃការបន្តសាមគ្គីភាព រួមទាំងការធ្វើឱ្យប្រាកដថា មិនមានព្រឹត្តិការណ៍បែបនោះកើតមានឡើងម្តងទៀតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ»។
លោកនាយករដ្ឋមន្ត្រី Albaneseដែលជាអ្នកនយោបាយមានទំនោរឆ្វេងនិយមមកពីគណបក្សការងារអូស្ត្រាលីធ្លាប់បានសន្យាថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងបង្កើនទំនាក់ទំនងជាមួយក្រុមចតុភាគី Quad និងជាមួយសហរដ្ឋអាមេរិក។ នៅក្នុងអត្ថាធិប្បាយមុនដំបូងក្នុងនាមជានាយករដ្ឋមន្ត្រី លោកបានហៅសហរដ្ឋអាមេរិកថាជា«សម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់អូស្ត្រាលី»។
លោក Albanese ក៏បាននិយាយដែរថា មេដឹកនាំក្រុមប្រទេសចតុភាគីទាំង៤ឬQuad បានពិភាក្សាពីភាពឥតកោតញញើតកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីធ្វើឱ្យប្រាកដថា យើងត្រូវជំរុញនូវគុណតម្លៃរួមរបស់យើងនៅក្នុងតំបន់ នៅពេលដែលចិនកំពុងស្វះស្វែងបញ្ចេញឥទ្ធិពលកាន់តែខ្លាំងឡើងនោះ៕
មេដឹកនាំថ្មីរបស់អូស្ត្រាលីគាំទ្រអាមេរិក និងច្រានចោលរដ្ឋាភិបាលក្រុងប៉េកាំង
វ៉ាស៊ីនតោន —