ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បណ្តេញ​រដ្ឋមន្ត្រី​ការពារ​ជាតិ ​ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​ទីពីរ​ ដែល​ត្រូវ​បាត់​តំណែង​​ក្នុង​រយៈពេល​បី​ខែ


រូប​ឯកសារ៖ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Li Shangfu នៅ​មុន​ការ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ទី​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Li Shangfu នៅ​មុន​ការ​ថ្លែង​សុន្ទរកថា​មួយ​នៅ​ទី​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។

ប្រទេស​ចិន​បាន​ដក​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួន​កាលពី​ថ្ងៃអង្គារ​ ដែល​ជា​ការ​បណ្តេញ​ចេញ​ជា​លើក​ទីពីរ​នៃ​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​រយៈពេល​បី​ខែ​ ដោយ​បង្កើត​ជា​ចម្ងល់​អំពី​ស្ថិរភាព​នៃ​ក្រុម​មេដឹកនាំ​ជុំវិញ​ប្រធានាធិបតី​ចិន​ លោក​ Xi Jinping ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឱ្យ​ដឹង​ថា ​លោក​ឧត្តមសេនីយ៍ ​Li Shangfu​ ដែល​បាន​អវត្តមាន​ពី​សាធារណៈអស់​រយៈពេល​ពីរ​ខែ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ។

ប្រទេស​ចិន​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ​លោក Qin Gang​ ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​កាលពី​ខែកក្កដា ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​ផង​ដែរ។

ទូរទស្សន៍​រដ្ឋ ​CCTV ​បាន​រាយការណ៍​ថា ​សមាជិក​សភា​កំពូល​របស់​ប្រទេស​ចិន​ ​ដែល​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ជាតិ​បាន​អនុម័ត​លើ​ការ​ដក​ចេញ​អ្នក​ទាំង​ពីរ​នេះ​ ដោយ​មិន​បាន​ផ្តល់​ការ​ពន្យល់​ណាមួយ​ឡើយ។

គ្មាន​អ្នក​ជំនួស​តំណែង​លោក Li ​នៅ​ឡើយ​ទេ​ ដោយ​ទុក​ឲ្យ​ប្រទេស​នេះ​គ្មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ខណៈ​ដែល​ខ្លួន​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​មន្ត្រី​ការពារ​ជាតិ​នៅ​ឯ​វេទិកា ​Xiangshan ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​ ២៩​ដល់​៣១​ ខែតុលា។

លោក Li ​ដែល​មាន​អាយុ ​៦៥​ឆ្នាំ​ត្រូវ​បាន​គេ​ឃើញ​ចុងក្រោយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៩​ ខែសីហា។ ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ បាន​រាយការណ៍​កាលពី​ខែមុន​ថា​ លោក​កំពុង​ស្ថិត​នៅ​ក្រោម​ការស៊ើប​អង្កេត​ដោយ​សង្ស័យ​ថា​មាន​អំពើ​ពុករលួយ​ទាក់ទង​នឹង​លទ្ធកម្ម​ឧបករណ៍​និង​ការអភិវឌ្ឍន៍។

លោក​ទើបតែ​ចូល​បម្រើ​ការងារ​តាំងពី​ខែមីនា ​នៅ​ពេល​ដែល​លោក​ Xi ​ចាប់ផ្តើម​កាន់​អំណាច​អាណត្តិ​ទី៣​ ​ជា​ប្រមុខ​រដ្ឋ​ដែល​មិន​ធ្លាប់​មាន​ពីមុន។ លោក Li​ ដែលរង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការទិញ​យន្តហោះ​ចម្បាំង​ និង​ឧបករណ៍​របស់​ទីក្រុង​ប៉េកាំង​ពី​ប្រទេស​រុស្ស៊ី ​គឺ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ដែល​កាន់​តួនាទី​បាន​ខ្លី​បំផុត​របស់​ប្រទេស​ចិន។

លោក​ Qin ​ក៏បាន​បម្រើការ​មិន​ដល់​មួយ​ឆ្នាំ​មុន​ពេល​ដែល​លោក​បាន​បាត់​ខ្លួន​ពី​សាធារណៈ​ ហើយ​ត្រូវ​បាន​ជំនួស​ដោយ​អ្នកស្នង​តំណែង​មុន​របស់​លោក​គឺ​ លោក​Wang Yi។ មិនទាន់​មាន​ការ​ពន្យល់​ជា​ផ្លូវការ​ណាមួយ​ទេ ​ប៉ុន្តែ​កាសែត​ Wall Street Journal ​បាន​ដក​ស្រង់​ប្រភព​ដែល​និយាយ​ថា​ លោក​ Qin មាន​ទំនាក់​ទំនង​ស្នេហា​លួចលាក់ខណៈ​ពេល​ដែល​លោក​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

ការ​ដក​តំណែងរបស់​លោក​ Li ​និង​ លោក​ Qin​ បាន​ចោទ​ជា​សំណួរ​ពី​អ្នកការទូត​អំពី​ការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​ចិន​ភ្លាមៗ ​នៅពេល​ដែល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​ភាព​យឺតយ៉ាវ​ ហើយ​ទំនាក់​ទំនង​របស់​ចិន​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រទះ​បញ្ហា​ជាច្រើន។

ទាំង​លោក​ Li ​និង​លោក​ Qin ​ត្រូវ​បាន​អ្នក​សង្កេតការណ៍​នយោបាយ​ចិន​មើល​ឃើញ​ថា​ត្រូវ​បាន​ជ្រើសរើស​ដោយ​លោក Xi ​ផ្ទាល់​ដែល​ធ្វើ​ឱ្យ​អវត្តមាន​របស់​ពួក​គេ​បន្ទាប់​ពី​កាន់​ការងារ​មិន​ដល់​មួយ​ឆ្នាំ​គួរ​ឱ្យ​កត់​សម្គាល់​ជាពិសេស។ អស់លោក​ទាំងពីរ​នាក់​នេះ​មាន​តួនាទី​ជា​សាធារណៈ​ដ៏​លេចធ្លោ​ និង​ធ្លាប់​បម្រើការ​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ទាំង​ប្រាំ​របស់​ប្រទេស​ចិន​ ដែល​ជា​តំណែង​មួយ​មាន​ឋានៈ​ខ្ពស់​ជាង​រដ្ឋមន្ត្រី​ធម្មតា៕

XS
SM
MD
LG