កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងអំពីតួនាទីរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ទោះបីលោក បានប្រកាសពីការងើបឡើងរបស់រដ្ឋាភិបាលទីក្រុងតូក្យូថា ជាអ្នកដើរតួនាទីដ៏សំខាន់ខាងសន្តិសុខនៅលើសាកលលោកនៅក្នុងការប្រឈមការងើបឡើងខាងអំណាចរបស់ចិននៅក្នុងតំបន់អាស៊ីក៏ដោយ។
លោកនាយករដ្ឋមន្រ្តីអាបេបានធ្វើអត្ថាធិប្បាយរបស់លោកនៅពេលដែលលោក បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនលើកទីមួយដែលបានទទួលកិត្តិយសដ៏កម្រមួយនៅចំពោះមុខកិច្ចប្រជុំសភាទាំង២របស់សភាសហរដ្ឋអាមេរិក។ ថ្លែងជាភាសាអង់គ្លេស លោកអាបេបានមានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងតូក្យូ មិនត្រូវព្រងើយកន្តើយពីការឈឺចាប់របស់ពលរដ្ឋអាស៊ីពីអាកប្បកិរិយាក្នុងពេលសង្គ្រាមរបស់ខ្លួនទេ ក៏ប៉ុន្តែមិនបានចេញការសុំអភ័យទោសរបស់លោកទេ ផ្ទុយទៅវិញ បានធ្វើសេចក្តីថ្លែងការណ៍របស់អ្នកកាន់ដំណែងមុនៗរបស់លោក។
លោក បានថ្លែងអំណរគុណដល់អ្នកដែលបានចូលរួម។ លោកអាបេបានសង្កត់ពីកម្លាំងនៃចំណងទាក់ទងរវាងសហរដ្ឋអាមេរិកនិងជប៉ុន ហើយបានចូលរួមរំលែកទុកដល់ពលរដ្ឋអាមេរិកាំងដែលបានស្លាប់ក្នុងសង្គ្រាមលោកលើកទី២។នៅពេលដែលលោកធ្វើសុន្ទរកថាជាប្រវត្តិសាស្រ្តនៅវិមានរដ្ឋសភា Capitol Hill។
លោកអាបេមានប្រសាសន៍ទៀតថា «អ្វីដែលកើតហួសហើយមិនអាចបកក្រោយវិញបានទេ»។ លោកនិយាយបន្ថែមទៀតថា តាំងនាមឲ្យប្រជាពលរដ្ឋជប៉ុន ខ្ញុំ សូមគោរពដ៏ជ្រាលជ្រៅដោយការចូលរួមរំលែកទុកជាអមតៈដល់អ្នកដែលបានស្លាប់ទាំងនោះ។
មុនពេលធ្វើសុន្ទរកថារបស់លោកនៅមុខសភាសហរដ្ឋអាមេរិក លោកអាបេបានអញ្ជើញទៅទស្សនាវិមានរំឮកវិញ្ញាណខណ្ឌសង្គ្រាមលោកលើកទី២ហើយបង្ហាញឲ្យឃើញពីការស្លាប់ជនជាតិអាមេរិកាំងប្រហែល៤សែននាក់។
សុន្ទរកថារបស់លោកបានកើតមានឡើងនៅពេលដែលប្រទេសទាំង២ប្រារព្ធខួបលើកទី៧០នៃការបញ្ចប់សង្គ្រាម។
ជនជាតិចិននិងកូរ៉េខាងត្បូងជាច្រើននិយាយថា លោកអាបេមិនបានសុំអភ័យទោសគ្រប់គ្រាន់ទេចំពោះការប្រព្រឹត្តឆ្គាំឆ្គងរបស់ជប៉ុនរួមមានការប្រើស្រ្តីអាស៊ីជាទាសករផ្លូវភេទនៅក្នុងសង្គ្រាមលោកលើកទី២។
សុន្ទរកថាបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានស្វាគមន៍នាយករដ្ឋមន្រ្តីជប៉ុននៅសេតវិមានក្នុងពិធីផ្លូវការមួយ៕