ទោះណាជាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងដោយសារភាពមិនចុះសម្រុងគ្នារឿងដែនដី និងជម្លោះប្រវត្តិសាស្រ្តក៏ដោយ ប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុននឹងបន្តកិច្ចចរចាសន្តិសុខបន្តទៀតនៅក្នុងសប្តាហ៍នេះ។ កិច្ចចរចាទាំងនេះមិនទំនងជាសញ្ញាមួយដែលប្រទេសទាំងពីរនេះអាចនឹងដោះស្រាយភាពមិនចុះសម្រុងគ្នាជាយូរយាណាស់មកហើយនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាជាការទទួលស្គាល់ថាប្រទេសទាំងពីរនេះត្រូវធ្វើការជាមួយគ្នាដើម្បីទប់ទល់ការគំរាមកំហែងនុយក្លេអ៊ែរដែលចេះតែកើនឡើងពីប្រទេសកូរ៉េខាងជើង។
កិច្ចប្រជុំរវាងក្រុមមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសនិងក្រសួងការពារជាតិនឹងក្លាយជាកិច្ចសន្ទនាផ្នែកសន្តិសុខកម្រិតខ្ពស់លើកដំបូងដែលកើតមានឡើងរវាងប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាង៥ឆ្នាំ។
លោក Baek Seung-joo អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងនិយាយថា កិច្ចចរចាដែលនឹងត្រូវធ្វើនោះនឹងផ្តោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវការស៊ើបការសម្ងាត់ដើម្បីវាយតម្លៃនិងទទួលបានតួលេខកើនឡើងនៃការសាកល្បងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងនិងការរីកចម្រើននៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកនិយាយថា កូរ៉េខាងត្បូងនិងជប៉ុនចែករំលែកនិងរក្សាតម្លៃនយោបាយនិងប្រយោជន៍ជាតិទាំងអស់គ្នា។ ពាក់ព័ន្ធជាមួយនឹងសន្តិសុខក្នុងតំបន់អាស៊ីភាគឦសានវិញ លោកបាននិយាយថា អ្វីដែលគំរាមកំហែងសន្តិសុខនិងស្ថេរភាពនៃអាស៊ីភាគឦសានគឺការរីកចម្រើននុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងគោលនយោបាយយោធារបស់ខ្លួនដ៏ពិបាកនិងប្រកបដោយការផ្សងព្រេង។
ក៏ប៉ុន្តែ កិច្ចប្រជុំសន្តិសុខទ្វេភាគីមួយនេះ ក៏ដូចជាកិច្ចប្រជុំត្រីភាគីនាពេលថ្មីៗនេះដែលចូលរួមដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន មិនមែនមានន័យថា រដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងតូក្យូបានរួបរួមគ្នាដើម្បីដោះស្រាយភាពមិនចុះសម្រុងគ្នានោះទេ។
ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងពីរនៅក្នុងតំបន់អាស៊ីនេះ កាន់តែមានភាពតានតឹងលើបញ្ហាប្រវត្តិសាស្រ្តនិងអធិបតេយ្យភាព។
ប្រទេសទាំងពីរបានអះអាងថាខ្លួនជាម្ចាស់នៃប្រជុំកោះមួយ ដែលហៅថា Dokdo ជាភាសាកូរ៉េ និង Takeshima ជាភាសាជប៉ុន ដែលកោះនោះត្រូវបានគ្រប់គ្រងដោយកូរ៉េខាងត្បូង។
កាលពីសប្តាហ៍មុន មានសេចក្តីប្រកាសមួយដែលថា សៀវភៅសិក្សាថ្មីក្នុងកម្មវិធីសិក្សារបស់ជប៉ុនបានបញ្ចូលកោះនោះជាកម្មសិទ្ធិរបស់ជប៉ុនដោយមិនបានលើកឡើងអំពីបរិបទជម្លោះលើទឹកដីនោះ បានបញ្ឆេះកំហឹងមួយសារទៀតនៅក្នុងក្រុងសេអ៊ូល។
ប៉ុន្តែ គំនិតប្រឆាំងជប៉ុនពិតប្រាកដនៅក្នុងក្រុងសេអ៊ូល គឺធ្វើឡើងទៅលើអ្វីដែលជនជាតិកូរ៉េភាគច្រើនបានយល់ឃើញថាជាការកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្រ្តី Shinzo Abe និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីធ្វើឲ្យសាបរលាបភាពឃោរឃៅដែលកើតឡើងដោយសារការដាក់អាណានិគមរបស់ជប៉ុនទៅលើឧបទ្វីបកូរ៉េចាប់តាំងពីឆ្នាំ១៩១០ រហូតដល់ចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥។ ការតវ៉ាដែលចេះតែបន្តនេះ បណ្តាលឲ្យមានកំហឹងកាន់តែខ្លាំងទូទាំងប្រទេស ដែលធ្វើឡើងដោយអ្នកនៅរស់រានមានជីវិតនិងអ្នកគាំទ្រទៅលើស្រ្តីប្រមាណជា២០ម៉ឺននាក់នៅអាស៊ីដែលត្រូវបានបង្ខំឲ្យធ្វើការជាទាសករផ្លូវភេទសម្រាប់ទាហានជប៉ុនកំឡុងសង្រា្គម។
ដំណើរទស្សនៈកិច្ចដ៏ចម្រូងចម្រាសរបស់លោក Abe ទៅកន្លែងសម្រាប់រំឭកសង្រា្គមលោកលើកទី២ដែលមានដាក់បញ្ចូលទាំងឧក្រិដ្ឋជនសង្រ្គាមនិងមតិយោបល់របស់អ្នកសេ្នហាជាតិជប៉ុន ដែលអះអាងថាស្ត្រីបម្រើផ្លូវភេទ បានស្ម័គ្រចិត្តចូលរួមក្នុងការរកស៊ីផ្លូវភេទនោះ ធ្វើឲ្យបញ្ហានេះកាន់តែអាក្រក់ជាងមុន។
រដ្ឋមន្រ្តីការបរទេសជប៉ុន Fumio Kishida និយាយថា រដ្ឋាភិបាលរបស់លោកចង់ដោះស្រាយភាពមិនចុះសម្រុងគ្នានេះតាមរយៈកិច្ចសន្ទនា។
លោកនិយាយថា រដ្ឋាភិបាលរបស់លោកចាត់ទុកប្រទេសកូរ៉េខាងត្បូងជាប្រទេសជិតខាងដ៏មានតម្លៃបំផុតសម្រាប់ប្រទេសជប៉ុន ហើយសង្ឃឹមថានឹងកសាងទំនាក់ទំនងទ្វេភាគី ច្រើនកម្រិត និងផ្តោតទៅលើអនាគត ក្នុងគំនិតដែលទូលាយជាងនេះ ដោយធ្វើការដោយអត់ធ្មត់ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនោះ។
ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានបដិសេធការជួបប្រជុំផ្លូវការមួយទល់មួយជាមួយនាយករដ្ឋមន្រ្តី Abe ដរាបណាលោកមិនចេញផ្សាយការសុំទោសមួយដែលអាចទទួលយកបាននិងប្រគល់សំណងដល់ជនរងគ្រោះ។
អនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងនិយាយថា លោកជួបជាមួយនឹងសមភាគីជប៉ុនជាទៀងទាត់ គឺដើម្បីនិយាយអំពីការគំរាមកំហែងពីកូរ៉េខាងជើងតែប៉ុណ្ណោះ។ លោកនិយាយថា ទំនាក់ទំនងទ្វេភាគីមិនអាចមានការរីកចម្រើនបានទេ លុះត្រាតែជប៉ុនបង្ហាញពីការសុំទោសចំពោះអ្វីដែលខ្លួនបានធ្វើ។
លោកនិយាយថា ប្រសិនបើរដ្ឋាភិបាលជប៉ុនបង្ហាញឥរិយាបថត្រឹមត្រូវ និងការយល់ដឹងដ៏ត្រឹមត្រូវ ប្រទេសជិតខាងអាចនឹងជាសះស្បើយពីវិបត្តិផ្លូវចិត្ត ហើយចុងក្រោយនឹងអាចជួយរដ្ឋាភិបាលជប៉ុន ពលរដ្ឋជប៉ុន និងអនាគតរបស់ពួកគេ។
មានការរំពឹងទុកថា នាយករដ្ឋមន្រ្តី Abe នឹងនិយាយអំពីបញ្ហានេះ នៅពេលដែលលោកធ្វើទស្សនៈកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយនឹងថ្លែងនៅក្នុងកិច្ចប្រជុំរួមគ្នារបស់សភាអាមេរិកនៅពេលក្រោយក្នុងខែនេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ