ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៤​នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ករណី​ឆ្លង​ក្នុង​​សហគមន៍​នៅ​កម្ពុជា


អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​តាម​សហគមន៍ នាំ​គ្នា​សម្រុក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ស្តាត​អូឡាំពិក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)
អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​តាម​សហគមន៍ នាំ​គ្នា​សម្រុក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ស្តាត​អូឡាំពិក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)

មនុស្ស​៤​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យការ​ឆ្លង​ក្នុង​សហគមន៍នៅ​កម្ពុជា កើន​ទៅ​ដល់​៣៨​ករណី​ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល ចេញ​ផ្សាយនៅ​ថ្ងៃ​ពុធ​នេះ ឲ្យ​ដឹង​ថា​មនុស្ស​៤​នាក់​ទៀត​ដែល​បាន​ឆ្លង​នេះ​គឺ​ជា​ជនជាតិ​ខ្មែរ ក្នុង​នោះ​មាន​ប្រុស​៣​នាក់ និង​ស្រី​ម្នាក់។ ក្រសួងបាន​បញ្ចេញ​ឈ្មោះ និង​រូបថត​បុគ្គល​ទាំង​នោះ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​អ្នក​ឆ្លង​ម្នាក់​បាន​ទៅ​ហាងលក់​សម្លៀក​បំពាក់​ឈ្មោះ Zando​បឹង​កេង​កង កាល​ពីថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។ អ្នក​ឆ្លង​ម្នាក់​ទៀត​បាន​ចូល​ហាង​លក់​កាបូប និង​ស្បែក​ជើង​ Pedro ​ផ្លូវ​ព្រះសីហនុ ហើយ​ប៉ះ​ពាល់​ជា​មួយ​អ្នក​ឆ្លង​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ជំងឺ​កូវីដ​១៩ ​កាល​ពី​កន្លង​ទៅ។ ចំណែក​អ្នក​ឆ្លង​២​នាក់​ទៀត​ជាបុគ្គលិក​ហាង​Pedro​ដដែល។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ភ្លាមៗ​ក្រោយ​រក​ឃើញ​មនុស្ស​ឆ្លង ហាង​Zando និង Pedro ​ត្រូវ​បាន​បិទ​ដំណើរ​ការ​ជា​បណ្តោះ​អាសន្ន។

ក្នុង​ព្រឹត្តិការណ៍​ដែល​រដ្ឋាភិបាល​ហៅ​ថា​«ព្រឹត្តិការណ៍២៨ ​វិច្ឆិកា» ដែល​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​លើក​ដំបូង អ្នក​ពាក់​ព័ន្ធ​ជាង​១​ម៉ឺន​នាក់ ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត។

អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ​ដែល​គិត​ថា​ខ្លួន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​នេះ បាន​សម្រុក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​នៅ​ស្តាត​អូឡាំពិក ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ៕

XS
SM
MD
LG