ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចោទប្រកាន់​អតីត​ប្រធាន​សន្តិ​សុខ​ដ៏​មាន​អំណាច​​​ Zhou​ Yongkang​


រូបថតឯកសារ៖ លោក Zhou Yongkang អតីត​សមាជិក​គណកម្មការ​អចិន្រ្តៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយនិស្ត​ចិន​ ទទួល​បន្ទុក​ផ្នែក​សន្តិសុខ (ថ្ងៃទី​១៤ ខែវិច្ឆិកា​ ឆ្នាំ២០១២)។
រូបថតឯកសារ៖ លោក Zhou Yongkang អតីត​សមាជិក​គណកម្មការ​អចិន្រ្តៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយនិស្ត​ចិន​ ទទួល​បន្ទុក​ផ្នែក​សន្តិសុខ (ថ្ងៃទី​១៤ ខែវិច្ឆិកា​ ឆ្នាំ២០១២)។

អាជ្ញាធរ​ចិន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ អតីត​ប្រធាន​សន្តិ​សុខ​ លោក​ Zhou​ Yongkang​ ដែល​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់​នៅ​ប្រទេស​ចិន។​ លោក​ Zhou​ គឺ​ជា​អ្នក​នយោបាយ​ដែល​មាន​ឋានន្តរសក្តិ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ត្រូវ​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ ក្នុង​រយៈ​ពេល​ជាង​បី​ទសវត្សរ៍​ ហើយ​ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីន​ពីង។​

សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​ស្តី​ពី​ការ​ចោទ​ប្រកាន់​នេះ​ ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣​ ខែ​មេសា​ នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​រដ្ឋអាជ្ញា​កំពូល​របស់​ប្រទេស​ចិន​ បាន​ឱ្យ​ដឹង​ថា​ ឧក្រិដ្ឋកម្ម​របស់​លោក​ Zhou​ ពី​បទ​សូក​ប៉ាន់​ ការ​រំលោភ​បំពាន​អំណាច​ និង​ការ​លេច​ធ្លាយ​រឿង​សម្ងាត់​របស់​រដ្ឋ​ បាន​ចាប់​មាន​តាំង​ពី​ពេល​ដែល​លោក​បាន​ធ្វើ​ជា​ប្រធាន​សាជីវកម្ម​ប្រេង​ចិន​ ដែល​ជា​ក្រុម​ហ៊ុន​ថាមពល​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​ រហូត​មក​ដល់​តំណែង​ចុង​ក្រោយ​របស់​លោក​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​ Politburo​ ដ៏​មាន​ឥទ្ធិពល​នៃ​ប្រទេស​ចិន។​

សេចក្តី​ថ្លែងការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា​បទ​ឧក្រិដ្ឋ​របស់​លោក​ Zhou​ ក្នុង​ការ​ចោទ​ប្រកាន់​នោះ​គឺ​មាន​ភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់​ ហើយ​«ការ​រំលោភ​បំពាន​អំណាច​របស់​លោក​បាន​នាំ​ឱ្យ​មាន​ការ​ខាត​បង់​មូលនិធិ​សាធារណៈ​ដោយ​ចំនួន​ច្រើន»។​ ដោយ​គ្មាន​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ទៀត​ថា​ ឧក្រិដ្ឋ​កម្ម​របស់​លោក​ បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផល​ប្រយោជន៍​ជាតិ​និង​សាធារណៈ​យ៉ាង​សន្ធឹក​សន្ធាប់ និង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​សង្គម។​

តុលាការ​នៃ​ទី​ក្រុង​ Tianjin​ នៅ​ប្រទេស​ចិន​ភាគ​ឦសាន ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទី​ក្រុង​ប៉េកាំង​ នឹង​ធ្វើ​ការ​កាត់​ក្តី​ករណី​លោក​ Zhou។​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ការ​វិនិច្ឆ័យ​ទោស​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ពេល​ណា​ទេ​ ឬ​ក៏​នឹង​មាន​ការ​បើក​ឲ្យ​សាធារណជន​ចូល​មើល​ដល់​កម្រិត​ណា​ទេ​ ដោយ​មក​ពី​មាន​ការ​ចោទ​ប្រកាន់​អំពី​ការ​ធ្វើ​ឲ្យ​ធ្លាយ​រឿង​សម្ងាត់​របស់​រដ្ឋ​ និង​ភាព​អាថ៌កំបាំង​នៃ​ករណី​នេះ។​

គណបក្ស​កុម្មុយនីស្ត​របស់​ប្រទេស​ចិន​ បាន​ស៊ើប​អង្កេត​លោក​ Zhou​ ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០១៣​ មក​ម្ល៉េះ​ ហើយ​រឿង​ក្តី​ប្រឆាំង​នឹង​លោក​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​យ៉ាង​ល្អិត​ល្អន់​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​របស់​ប្រទេស​ចិន។​ របាយ​ការណ៍​បាន​លេច​ឡើង​អំពី​អ្វី​ដែល​គេ​ប្រាប់​ឲ្យ​ដឹង​ថា​ជា​បណ្តាញ​ដ៏​ធំ​មួយ​ ដែល​លាត​ត្រដាង​ឲ្យ​ឃើញ​ការ​ចូល​រួម​របស់​លោក​Zhou​ ដោយ​ផ្ទាល់​ឬ​ដោយ​មិន​ចំពោះ។​ បណ្តាញ​នោះ​ហាក់​ដូ​ច​ជា​មាន​ដៃ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ ចាប់​តាំង​ពី​ក្រសួង​ថាមពល​ទៅ​ដល់​សន្តិ​សុខ​ ទៅ​ដល់​ប្រព័ន្ធ​តុលាការ​ និង​អង្គការ​ឧក្រិដ្ឋកម្ម​ធំៗ។​

លោក​ Willy ​Lam​ អ្នក​តាម​សង្កេត​ជើង​ចាស់​ម្នាក់​អំពី​កិច្ច​ការ​ប្រទេស​ចិន​ បាន​កត់​សម្គាល់​ថា​ នៅ​ក្នុង​ដីកា​ចោទ​ប្រ​កាន់​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​គេ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អ៊ីនធឺណិត​ មាន​ព័ត៌មាន​តិចតួច​ណាស់​ដែល​និយាយ​ពី​មិត្ត​ភក្តិ​និង​សាច់​ញាតិ​ ជិត​ស្និទ្ធ​របស់​ លោក​ Zhou។​

«រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ប្រ​ហែល​ជា​ពួក​គេ​មិន​បាន​និយាយ​យោង​ទៅ​រក​កូន​ប្រុស​ឬ​សាច់​ញាតិ​ឯ​ទៀត​របស់​លោក​ Zhou​ ក៏​ដូច​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ និង​អតីត​មិត្ត​រួម​ការងារ​របស់​លោក​ទេ។​ តួ​លេខ​មាន​ចំនួន​ប្រហែល​ច្រើន​ជាង​ ១០០​នាក់​ ដែល​ជា​សមាជិក​នៃ​ក្រុម​អន្ធពាល​ពុករលួយ​ ដឹកនាំ​ដោយ​លោក​ Zhou​ Yongkang​ នេះ​ដែរ‍»។​

អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​ចិន​ និង​ជា​អ្នក​ប្រ​វត្តិសាស្រ្ត​ លោក​ Zhang​ Lifan​ បាន​និយាយ​ថា​ការ​ចោទ​ប្រ​កាន់​ ហាក់​ដូច​ជា​ត្រូវ​បាន​បង្រួម​ឲ្យ​តូច​ហើយ​មិន​មាន​ការ​និយាយ​ ថា​តើ​លោក​ Zhou​ មាន​ការ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​តស៊ូ​ផ្នែក​នយោបាយ​ផ្ទៃ​ក្នុង​ជា​មួយ​នឹង​អ្នក​នយោបាយ​ដែល​ត្រូវ​បណ្តេញ​ចេញ​ គឺ​ លោក​ Bo​ Xilai​ នោះ​ឬ​ទេ។​ លោក​ Bo ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​អំពើ​ពុករលួយ​ និង​ការ​រំលោភ​បំពាន​អំណាច​ មុន​ពេល​ដែល​មាន​ការ​ស៊ើប​អង្កេត​លើ​លោក​ Zhou​ ហើយ​ លោក​ Bo​ ត្រូវ​បាន​គេ​មើល​ឃើញ​ ថា​ជា​គូ​ប្រជែង​នយោបាយ​ នឹង​ លោក​ Xi​ Jingping​ (ស៊ី ​ជីន​ពីង)។​

លោក​ Zhang​ បាន​និយាយ​ថា​: «ការ​ធ្វើ​រដ្ឋប្រហារ​ ដែល​មាន​ពាក្យ​ចចាម​អារាម​ជា​ទូទៅ​និយាយ​ថា​លោក​ Zhou​ បាន​ចូល​ដៃ​ជា​មួយ​នោះ​ ហាក់​ដូច​ជា​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ការ​ចោទ​ប្រកាន់​នេះ»។​ លោក​បាន​បន្ថែម​ថា​ «បទ​ឧក្រិដ្ឋ​ធ្ងន់​បំផុត​ គឺ​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ឲ្យ​ធ្លាយ​ការ​សម្ងាត់​របស់​រដ្ឋ​ ដែល​ហាក់​ដូច​ជា​សំដៅ​ទៅ​លើ​លទ្ធភាព​ដែល​លោក​ Zhou​ បាន​បង្ហើប​ព័ត៌មាន​នេះ​ទៅ​ឲ្យ​លោក​ Bo​ Xilai»។​

លោក​ Zhou​ ធ្លាប់​ធ្វើ​ជា​ប្រធាន​សន្តិសុខ​រដ្ឋ​របស់​ចិន​ និង​ទទួល​បន្ទុក​លើ​ទី​ភ្នាក់ងារ​ចារកម្ម​ក្នុង​ស្រុក។​ នេះ​ជា​តំណែង​មួយ​ ដែល​បើក​ឲ្យ​លោក​អាច​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​នយោបាយ​ជាន់​ខ្ពស់​ផ្សេងៗទៀត។​

ការ​ចោទ​ប្រ​កាន់​ពី​បទ​ធ្លាយ​ការ​សម្ងាត់​របស់​រដ្ឋ​ ទំនង​ជា​មាន​ផល​ប៉ះ​ពាល់​លើ​តម្លាភាព​នៃ​ការ​ជំនុំ​ជម្រះ​ក្តី​ និង​អាច​មាន​ន័យ​ថា​ដំណើរការ​នីតិ​វិធី​ប្រហែល​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​ដែល​នឹង​បើក​ឲ្យ​សាធារណជន​ឃើញ​ ហើយ​អាច​មិន​បើក​ទាំង​ស្រុង​ផង​ក៏​មិន​ដឹង។​ ការ​ចោទ​ប្រកាន់​នេះ​ ក៏​ប្រហែល​ជា​អាច​ជួយ​រក្សា​ពត៌មាន​មិន​ល្អ​ ទាក់​ទង​នឹង​ការ​បែក​បាក់​នយោបាយ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ ឲ្យ​ផុត​ពី​ភ្នែក​របស់​របស់​សាធារណជន​ដែរ។​

លោក​ Zhou​ ជា​សមាជិក​គណបក្ស​ជាន់​ខ្ពស់​បំផុត​ ដែល​ត្រូវ​ប្រ​ឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ចាប់​តាំង​ពី​មាន​ផលវិបាក​នៃ​បដិវត្ត​វប្បធម៌​ នៅ​ពេល​ដែល​ភរិយា​របស់​លោក​ Mao Zedong​ (ម៉ៅ​ សេ​ទុង)​ និង​ "ក្រុម​អន្ធពាល​បួន"​ ហៅ​ "Gang​ of​ Four"​ បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​នៅ​ក្នុង​ឆ្នាំ​ ១៩៨១​ អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន។​

នៅ​លើ​បណ្តាញ​ព័ត៌​មាន​សង្គម​នៅ​ក្នុង​ប្រទេស​ចិន​ មនុស្ស​ជា​ច្រើន​បាន​និយាយ​សំដៅ​ទៅ​លោក​ Zhou​ និង​មន្រ្តី​ផ្សេង​ទៀត​ដែល​ត្រូវ​ជាប់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ថា​ជា​ «ក្រុម​អន្ធពាល​បួន»​ថ្មី។​ នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ មាន​ការ​និយាយ​ប៉ាន់​ស្មាន​ថា​ លោក​ Zhou​ លោក​ Bo​ និង​អ្នក​ដទៃ​ទៀត​ បាន​រៀប​គម្រោង​ ឬ​ចាត់​វិធាន​ការ​ដើម្បី​បង្អាក់​លោក​ ស៊ី​ ជីន​ពីង​ មិន​ឲ្យ​ឡើង​កាន់​អំណាច​បាន។​

ខណៈ​ពេល​ដែល​ការ​កាត់​ទោស​នេះ​អាច​បំភ្លឺ​លើ​ព័ត៌មាន​លម្អិត​អំពី​គម្រោង​ទាំង​នោះ​ លោក​ Lam​ បាន​ថ្លែង​ថា​ យើង​ប្រហែល​ជា​មិន​អាច​ដឹង​ប្រាកដ​បាន​ទេ​ ថា​តើ​ការ​ចោទ​ប្រកាន់​អំពី​ការ​លេច​ធ្លាយ​រឿង​សម្ងាត់​របស់​រដ្ឋ​នោះ​ មាន​ទាក់​ទង​នឹង​សកម្មភាព​អ្វី​ខ្លះ​ដោយ​ជាក់លាក់​ទេ។​

«ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​យោង​តាម​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ វា​អាច​ជា​រឿង​មួយ​ ក្នុង​បណ្តា​រឿង​ពីរ។​ វា​អាច​ជា​ការ​ថត​សម្លេង​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​មេ​ដឹក​នាំ​កំពូល​ដូច​ជា​ លោក​ ស៊ី​ ជីន​ពីង​ ឬ​លោក​ Hu​ Jintao​ ឬ​វា​អាច​ជា​ព័ត៌មាន​ទាក់​ទង​នឹង​សកម្មភាព​អាជីវកម្ម​របស់​សាច់​ញាតិ​នៃ​សមាជិក​ការិយាល័យ​នយោបាយ​ជាន់​ខ្ពស់​ Politburo​ មួយ​ចំនួន»។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ បើ​គិត​ពី​ទម្ងន់​នៃ​ឧក្រិដ្ឋកម្ម​ដែល​លោក​ Zhou​ ត្រូវ​បាន​ចោទ​ប្រ​កាន់​ និង​ការណ៍​ដែល​តុលាការ​បាន​ត្រឡប់​ទៅ​រក​កំហុស​លោក​តាំង​ពី​ជាង​ពីរ​ទសវត្សរ៍​មុន​នោះ​ទៀត​ លោក​ទំនង​ជា​អាច​ទទួល​ទោស​ដល់​ប្រហារ​ជីវិត។​ ប្រ​សិន​បើ​លោក​ធ្វើ​សហការ​ជា​មួយ​អាជ្ញាធរ​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ លោក​អាច​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​មាន​ការ​លើក​ទោស​ពីរ​ឆ្នាំ​ ដែល​ស្មើ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដែរ៕​

ប្រែ​សម្រួល​ដោយ​ ឆាយ​ គីម​ហ៊ង

XS
SM
MD
LG