ក្រុងប៉េកាំងបានដាក់ការរឹតត្បិតមេរោគកូរ៉ូណាថ្មីនៅថ្ងៃពុធនេះ ដើម្បីព្យាយាមត្រួតត្រាការផ្ទុះឡើងថ្មី ខណៈដែលប្រទេសប្រេស៊ីលបានរាយការណ៍ពីចំនួនកើនឡើងនូវករណីថ្មី ហើយចំនួនមនុស្សស្លាប់នៅក្នុងសហរដ្ឋអាមេរិកមានលើសចំនួនស្លាប់ដែលអាមេរិកមានក្នុងសង្គ្រាមលោកលើកទី១។
ក្នុងចំណោមវិធានការដែលត្រូវបានអនុវត្តក្នុងទីក្រុងប៉េកាំងគឺ លុបចោលជើងហោះហើរក្នុងស្រុករាប់សិប តម្រូវអនុវត្តគម្លាតពីគ្នាកាន់តែតឹងតែងឡើង និងពិនិត្យសីតុណ្ហភាពក្នុងខ្លួននិងចុះឈ្មោះមនុស្សដែលចូលក្នុងតំបន់ដែលមនុស្សរស់នៅ។
មានការឆ្លងយ៉ាងហោចណាស់ក៏១៣៧ករណីដែរក្នុងក្រុងប៉េកាំងចាប់តាំងពីចុងសប្តាហ៍មុនមកជាប់ទាក់ទិននឹងមជ្ឈមណ្ឌលលក់ម្ហូបអាហារបោះដុំ។
មន្រ្តីសុខាភិបាលប្រស៊ីលបានរាយការណ៍កាលពីថ្ងៃអង្គារថា មានចំនួន៣ម៉ឺន៤ពាន់៩រយ១៨ករណីថ្មីក្នុងរយៈពេល២៤ម៉ោង។ ប្រេស៊ីលឥឡូវនេះ មានចំនួនសរុបទាំងអស់ជាង៩សែនករណី ដោយស្ថិតនៅពីក្រោយសហរដ្ឋអាមេរិក។
លោក Jair Bolsonaro ប្រធានាធិបតីនៃប្រទេសប្រេស៊ីល បានច្រានចោលការអនុវត្តវិធានការតឹងរ៉ឹង ខណៈដែលជំរុញឲ្យបើកពាណិជ្ជកម្មឡើងវិញ។ លោក Walter Braga Netto នាយខុទ្ទកាល័យរបស់លោក បាននិយាយកាលពីថ្ងៃអង្គារថា «មានវិបត្តិ យើងមានសមានចិត្តជាមួយក្រុមគ្រួសារដែលបានបាត់បង់អ្នកជាទីស្រឡាញ់»។
លោក Carissa Etienne នាយករបស់អង្គការសុខភាព Pan American បាននិយាយនៅសន្និសីទកាសែតកាលពីថ្ងៃអង្គារថា «ប្រេស៊ីលមាន២៣ភាគរយនៃករណីឆ្លងទាំងអស់និង២១ភាគរយនៃចំនួនមនុស្សស្លាប់ទាំងអស់ក្នុងតំបន់ ហើយយើងមិនបានឃើញជំងឺឆ្លងនេះធ្លាក់ចុះទេ។ ករណីមេរោគកូរ៉ូណាស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អាមេរិកឡាទីន និងករណីតិចតួចក្នុងតំបន់ការ៉ាអ៊ីប កំពុងកើនឡើង»។
សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកមានជាង ២លាន១សែនករណីនិងមនុស្សស្លាប់ប្រហែល១សែន១ម៉ឺន៧ពាន់នាក់។