ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​នៅ​ផ្សារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន


ប៉ូលិស​ម្នាក់​ពាក់​ម៉ាស់​ដើរ​នៅ​ខាង​ក្រៅ​ច្រកចូល​ផ្សារ​លក់​ដុំ Xinfadi ដែល​ត្រូវ​បាន​បិទ​ក្រោយ​មាន​ករណី​ផ្ទុះ​ជំងឺ​កូវី​១៩​នៅ​ទីនោះ។
ប៉ូលិស​ម្នាក់​ពាក់​ម៉ាស់​ដើរ​នៅ​ខាង​ក្រៅ​ច្រកចូល​ផ្សារ​លក់​ដុំ Xinfadi ដែល​ត្រូវ​បាន​បិទ​ក្រោយ​មាន​ករណី​ផ្ទុះ​ជំងឺ​កូវី​១៩​នៅ​ទីនោះ។

ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ដែល​គេ​តាមដាន​ឃើញ​ថា​ឆ្លង​ចេញ​ពី​ផ្សារ​លក់​ដុំ​ Xinfadi ក្នុង​ទីក្រុង​ប៉េកាំង ធ្វើ​ឲ្យ​សង្កាត់​មួយ​ក្នុង​ទីក្រុង​នេះ​ស្ថិត​ក្នុង​ភាព​អាសន្ន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ ឥឡូវ​នេះ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ដល់​ជិត ៨ លាន ករណី និង​ករណី​ស្លាប់​កើនឡើង​ដល់​ជាង ៤២៨.០០ ករណី។ នេះ​បើយោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋអាមេរិក។

នៅ​ក្នុង​សង្កាត់ Fengtai ក្នុង​ទីក្រុង​ប៉េកាំង មនុស្ស​ចំនួន ៤៥ នាក់ ក្នុង​ចំណោម ៥១៧ នាក់ បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Chu Junwei ដែល​ជា​មន្ត្រី​ម្នាក់​នៃ​សង្កាត់​នេះ។ ករណី​ឆ្លងរាលដាល​ថ្មី​នេះ តម្រូវ​ឲ្យ​អាជ្ញាធរ​បិទ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ចំនួន ១១ នៅ​ជុំវិញ​ផ្សារ​នេះ ដែល​ជា​ផ្សារ​លក់​ដុំ​ផលិតផល​កសិកម្ម​ធំ​បំផុត​ក្នុង​ទ្វីប​អាស៊ី។

អ្នក​បើកបរ​រថយន្ដ​វ័យ​ចំណាស់​ម្នាក់​បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន AFP នៅ​ខាង​ក្រៅ​តំបន់​រស់នៅ​មួយ​កន្លែង​ដែល​គេ​បាន​បិទ​នៅ​ភាគ​និរតី​នៃ​ទីក្រុង​ប៉េកាំង​ថា៖ «មនុស្ស​ម្នាក់ៗ​តានតឹង​ផ្លូវចិត្ត​ណាស់។ មាន​ករណី​ឆ្លង​នៅ​ទីនោះ។ វា​ពិត​ជា​កើតឡើង​មែន»។

អាជ្ញាធរ​ទីក្រុង​ប៉េកាំង​មាន​គម្រោង​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ លើ​មនុស្ស​ចំនួន ១ ម៉ឺន នាក់។ អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋបាល​ក្រុង​ប៉េកាំង​បាន​ថ្លែង​ថា កម្មវិធី​កីឡា​នានា និង​គម្រោង​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ នឹង​ត្រូវ​ពន្យារពេល ហើយ​មហោស្រព​ជាតិ និង​ព្រះ​វិហារ Yonghe នឹង​ត្រូវ​បិទ៕

XS
SM
MD
LG