ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុងប៉េកាំងពង្រីកតំបន់ដាក់មនុស្សឲ្យនៅដាច់ពីគ្នាពេលមានករណីមេរោគកូរ៉ូណាថ្មី


ពលរដ្ឋតម្រង់ជួរដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណានៅក្រុងប៉េកាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
ពលរដ្ឋតម្រង់ជួរដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណានៅក្រុងប៉េកាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរក្នុងក្រុងប៉េកាំងបានដាក់វិធានការឲ្យនៅដាច់ពីគេយ៉ាងតិចណាស់ក្នុងសង្កាត់ចំនួន២១ដែរ ដើម្បីរារាំងការបន្តរាលដាលនៃមេរោគកូរ៉ូណាដែលឥឡូវនេះ បានធ្វើឲ្យមនុស្ស១០៦នាក់ធ្លាក់ខ្លួនឈឺនៅក្នុងរដ្ឋធានីនៃប្រទេសចិន។

ករណីទាំងអស់បានកើនឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីការឆ្លងថ្មីដែលបានបញ្ជាក់ជាផ្លូវការមានចំនួន២៧ករណី។ ការផ្ទុះឡើងនៅក្នុងទីក្រុងប៉េកាំង ដែលត្រូវបានរាយការណ៍លើកទី១កាលពីថ្ងៃព្រហស្បតិ៍មុន មានជាប់ទាក់ទិននៅផ្សារលក់គ្រឿងសមុទ្រ Xinfadi ក្នុងសង្កាត់ភាគនិរតីនៃរដ្ឋធានីប៉េកាំង។

ពួកអ្នកស្រុកប្រហែល៩ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងសង្កាត់ដែលបិទជិត បានត្រូវគេបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះ ហើយធ្វើតេស្តរកមេរោគកូរ៉ូណាជាប្រចាំ។ ពួកអាជ្ញាធរក្រុង​ប៉េកាំងក៏បានហាមឃាត់ពួកអ្នកស្រុកនៅក្នុងសង្កាត់ដែលមានគ្រោះថ្នាក់ខ្លាំងកុំឲ្យចាកចេញពីទីក្រុង ហើយបានដាក់ការហាមឃាត់ស្រដៀងគ្នានេះដែរលើសេវាកម្មរថយន្តតាក់ស៊ី។

ថ្វីបើមានការខំប្រឹងប្រែងរបស់ពួកអាជ្ញាធរក្រុងប៉េកាំងក៏ដោយ ករណីជំងឺ​កូវីដ១៩មួយចំនួនបានត្រូវគេរាយការណ៍នៅខាងក្រៅរដ្ឋធានី។ មនុស្សយ៉ាងហោចណាស់ក៏ម្នាក់ដែរបានធ្វើតេស្តមានមេរោគវិជ្ជមាននៅក្នុងខេត្ត Sichuan បន្ទាប់ពីធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងប៉េកាំង ខណៈដែលខេត្ត Hebei នៅក្បែរនោះ បានរាយការណ៍ថា មាន៤ករណីថ្មី ហើយ៣ករណីនៃករណីទាំង៤នោះ ត្រូវបានគេជឿថា មានជាប់ទាក់ទិននឹងការផ្ទុះនៅរដ្ឋធានីប៉េកាំង។

ទីក្រុងជាច្រើនទៀតតម្រូវឲ្យពួកអ្នកធ្វើដំណើរមកពីទីក្រុងប៉េកាំងអនុវត្តការនៅដាច់ដោយឡែកដ៏តឹងរ៉ឹងក្នុងអំឡុងពេលទៅដល់ដើម្បីរារាំងការផ្ទុះឡើងវិញដែលបានចាប់ផ្តើមនៅក្នុងទីក្រុងវូហានភាគកណ្តាលកាលពីចុងឆ្នាំទៅ ដែលបានបណ្តាលឲ្យមានការរាតត្បាតដែលបានឆ្លងមនុស្សជាង៨លាននាក់រួមមាន​៤សែន​៣ម៉ឺន​៦ពាន់​៩រយ​១នាក់ស្លាប់នៅទូទាំងពិភពលោក។

ក្នុងខណៈនេះដែរ ប្រទេសនូវែលសេឡង់បានរាយការណ៍ពីករណីជំងឺកូវីដ១៩ថ្មីលើកទីមួយ ទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីបានប្រកាសខ្លួនឯងថា គ្មានមេរោគនោះទៀតទេ៕

XS
SM
MD
LG