នៅក្នុងតំបន់អាមេរិកឡាទីន ជាពិសេសនៅក្នុងប្រទេសប្រេស៊ីល និងប្រទេសម៉ិកសិក គេកំពុងឃើញមានការកើនឡើងនូវករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈដែលតួលេខករណីស្លាប់នៅទូទាំងពិភពលោកកើនឡើងដល់ជិត ៤ សែន នាក់។
នៅទូទាំងពិភពលោក ករណីឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ៦ លាន ៩ សែន ករណី ខណៈដែលករណីស្លាប់មានចំនួន ៣៩៩.៨៥៤ នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងការប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺកូវីដ១៩ នៅក្នុងពិភពលោក ដែលមានករណីស្លាប់ជាង ១០៩.៨០០ ករណី និងករណីឆ្លងជាង ១ លាន ៩ សែន ករណី។
ទោះបីជាសហរដ្ឋអាមេរិករងគ្រោះខ្លាំងបំផុតដោយសារជំងឺកូវីដ១៩ ដែលមានករណីឆ្លងនិងស្លាប់ច្រើនជាងគេនៅលើពិភពលោកក៏ដោយ ក៏ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប ដូចជាប្រទេសអ៊ីតាលី បារាំង និងអេស៉្បាញជាដើម មានតួលេខអ្នកស្លាប់ច្រើនជាង បើគិតពីចំនួនប្រជាជន។
ប៉ុន្តែតំបន់អាមេរិកឡាទីនទាំងមូលមានការកើនឡើងនូវចំនួននៃករណីឆ្លង និងស្លាប់ដោយសារជំងឺនេះ ដែលមានករណីឆ្លងចំនួនជិត ១ លាន ២ សែន ករណី និងករណីស្លាប់ចំនួនជាង ៦ ម៉ឺន ករណី។ តួលេខករណីស្លាប់និងឆ្លងដោយសារជំងឺកូវីដ១៩នេះ ក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ នៅក្នុងប្រទេសម៉ិកស៊ិក ប៉េរូ និងអេក្វាឌ័រ ចំណែកឯករណីស្លាប់នៅក្នុងប្រទេសឈីលីវិញ គឺកើនជាង ៥០% កាលពីសប្ដាហ៍មុន។
ប្រទេសប្រេស៊ីលមានករណីឆ្លងច្រើនបំផុតលំដាប់ទី ២ នៅក្នុងពិភពលោក ដែលមានចំនួនជាង ៦៧២.៨៤៦ ករណី និងមានករណីស្លាប់ច្រើនបំផុតលំដាប់ទី ៣ ដែលមានចំនួន ៣៥.៩៣០ ករណី។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
ប្រទេសម៉ិកសិកស្ថិតនៅលំដាប់ទី ១៤ សម្រាប់ចំនួនករណីឆ្លងច្រើនបំផុតក្នុងពិភពលោក ដែលមានចំនួន ១១៣.៦១៩ ករណី ប៉ុន្តែស្ថិតនៅលំដាប់ទី ៧ សម្រាប់ចំនួនករណីស្លាប់ច្រើនបំផុត ដដែលមានចំនួន ១៣.៥១១ ករណី។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ដដែលនេះ៕