មន្ទីរពេទ្យនេះបានបន្ថែមថា សម្ពាធឈាមរបស់លោក Liu Xiaobo បានធ្លាក់ចុះទាប ពោះរបស់លោកកាន់តែហើមធំទៅៗ ពោះវៀនរបស់លោកមួយផ្នែកមានលក្ខណៈស្ទះមិនដំណើរការ និងបញ្ហាផ្សេងៗទៀត។ កាលពីពេលថ្មីៗនេះ លោក Liu Xiaobo ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារទៅកាន់មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន (First Hospital of China Medical University) នៅក្នុងទីក្រុង Shenyang បន្ទាប់ពីលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ។
កាលពីឆ្នាំ ២០០៩ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំ សម្រាប់ «ការញុះញង់ផ្ដួលរំលំរដ្ឋាភិបាល» បន្ទាប់ពីលោកបានជួយសរសេរញត្តិមួយ ដែលគេស្គាល់ថា «ធម្មនុញ្ញ ០៨» ដែលអំពាវនាវឲ្យមានការធ្វើកំណែទម្រង់នៅក្នុងប្រទេសចិន។
ចាប់តាំងពីដំណឹងអំពីជំងឺធ្ងន់ធ្ងររបស់លោកត្រូវបានផ្សព្វផ្សាយ និងចាប់តាំងពីលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងលក្ខខណ្ឌព្យាបាលជំងឺនៅក្រោមការរឹងបន្តឹងសន្តិសុខតឹងរ៉ឹងមក គេឃើញមានការកើនឡើងនូវការអំពាវនាវឲ្យបញ្ជូនរូបលោកទៅព្យាបាលនៅបរទេស។
កាលពីថ្ងៃអាទិត្យទី ៩ ខែកក្កដា កន្លងទៅនេះ វេជ្ជបណ្ឌិតបរទេសពីររូបដែលបានជួបនឹងលោក Liu Xiaobo បាននិយាយថា លោកអាចទៅព្យាបាលនៅបរទេសបានដោយសុវត្ថិភាព ហើយលោក Liu Xiaobo ខ្លួនលោកផ្ទាល់ចង់ទៅព្យាបាលនៅប្រទេសអាល្លឺម៉ង់ ឬក៏សហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិតទាំងពីររូបនេះ បានបន្ថែមថា ការបញ្ជូនរូបលោកទៅព្យាបាលនៅបរទេសត្រូវតែធ្វើឲ្យបានឆាប់។ ប៉ុន្តែ តាមមើលទៅ រដ្ឋាភិបាលចិននឹងមិនធ្វើដូច្នេះនោះទេ។
កាលពីថ្ងៃចន្ទ ទី១០ កក្កដា ក្រសួងការបរទេសចិនបានបន្តអំពាវនាវឲ្យប្រទេសនានា «គោរពអធិបតេយ្យភាពប្រទេសចិន» និងបាននិយាយថា ការលើកឡើងណាមួយអំពីការបញ្ជូនលោក Liu Xiaobo ទៅព្យាបាលនៅបរទេស គឺជា «ការជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
ទំនាក់ទំនងរបស់ក្រុមគ្រួសារលោកត្រូវរារាំង
អង្គការសិទ្ធិមនុស្សនានាបានឲ្យដឹងថា រដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យលោកស្រី Liu Xia ដែលជាភរិយារបស់លោក Liu Xiaobo និងសាច់ញាតិដទៃទៀតរបស់លោក ជួបសួរសុខទុក្ខលោក ប៉ុន្តែមិនអនុញ្ញាតឲ្យទាក់ទងជាមួយនឹងបរទេសនោះទេ។
មជ្ឈមណ្ឌលព័ត៌មានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង បានរាយការណ៍ថា បងប្រុសរបស់លោកឈ្មោះ Liu Xiaoguang និងភរិយា នាពេលថ្មីៗនេះ បានទៅសួរសុខទុក្ខលោកនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ូលិសបានតាមដានលោក Liu Xiaoguang និងភរិយា យ៉ាងតឹងរ៉ឹង ហើយពួកគេទាំងពីរមិនអាចទាក់ទងនរណាបាននោះទេ។ អាជ្ញាធរចិនក៏បានដាក់សម្ពាធដល់ពួកគេទាំងពីរឲ្យចុះហត្ថលេខាលើលិខិតមួយគាំទ្រគំនិតរបស់វេជ្ជបណ្ឌិតចិន ដែលថា ការបញ្ជូនលោក Liu Xiaobo ទៅព្យាបាលនៅបរទេសគឺមិនមានសុវត្ថិភាពនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់មជ្ឈមណ្ឌលព័ត៌មានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ។
រដ្ឋាភិបាលចិនក៏ទំនងជាព្យាយាមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយអំពីគោលគំនិតរបស់ខ្លួនផងដែរ។ នាពេលថ្មីៗនេះ គេឃើញមានការបង្ហោះវីដេអូជាច្រើននៅលើប្រព័ន្ធ Youtube ដែលក្នុងនោះមានទាំងវីដេអូដែលមានតែអាជ្ញាធរចិនតែប៉ុណ្ណោះដែលអាចមានវីដេអូទាំងនោះបាន។
វីដេអូមួយវគ្គបង្ហាញអំពីកិច្ចសម្ភាសន៍មួយចំនួនជាមួយនឹងលោក Liu Xiaobo ដែលនិយាយអំពីការព្យាបាលជំងឺរបស់លោក និងការជួបជាមួយនឹងភរិយារបស់លោក អ្នកស្រី Liu Xia។ គេក៏ឃើញមានវីដេអូវគ្គខ្លះទៀត បង្ហាញអំពីលោក Liu Xiaobo ហាត់ប្រាណនៅក្នុងពន្ធនាគារ ដែលវីដេអូនេះត្រូវបានយកចេញពីកាមេរ៉ាវីដេអូសន្តិសុខ។
កាលពីថ្ងៃអាទិត្យ ទី៩ កក្កដា កន្លងទៅនេះ អ្នកប្រើប្រាស់ប្រព័ន្ធ Youtube ម្នាក់ ដែលដាក់ឈ្មោះថា China Anti-Evil Cult បានបង្ហោះវីដេអូខ្លីមួយរយៈពេល ៣១ វិនាទី អំពីការប្រជុំរវាងវេជ្ជបណ្ឌិតបរទេស និងវេជ្ជបណ្ឌិតចិន។ នៅក្នុងវីដេអូនោះ វេជ្ជបណ្ឌិតចិនមួយរូបបានសួរថា «តើមានការព្យាបាលណាដែលអ្នកអាចធ្វើបាន ហើយពួកយើងមិនអាចធ្វើបានទេ?»។
ប៉ុន្តែ បន្ទាប់ពីបានសួរសំណួរនេះរួចមក គេឃើញមានការកាត់តមួយយ៉ាងច្បាស់នៅក្នុងវីដេអូនោះ ហើយបន្ទាប់មក វេជ្ជបណ្ឌិតអាល្លឺម៉ង់បានឆ្លើយនឹងសំណួរនោះថា៖ «ខ្ញុំគិតថា យើងមិនអាចព្យាបាលលោក Liu Xiaobo បានប្រសើរជាងអ្នក នៅក្នុងប្រទេសអាល្លឺម៉ង់នោះទេ។ ប៉ុន្តែ ខ្ញុំអាចនិយាយតំណាងឲ្យប្រទេសអាល្លឺម៉ង់។ អ្នកអាចព្យាបាលលោក Liu Xiaobo បានប្រសើរខ្លាំងណាស់»។
ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យ ទី៩ កក្កដា កន្លងទៅនេះ ជំហររបស់វេជ្ជបណ្ឌិតបរទេសទាំងពីររូប មានលក្ខណៈផ្ទុយស្រឡះពីអ្វីដែលបានបង្ហាញនៅក្នុងវីដេអូនោះ។ លោកវេជ្ជបណ្ឌិត Joseph M. Herman មកពីមជ្ឈមណ្ឌលជំងឺមហារីក M.D. Anderson នៃសាកលវិទ្យាល័យ Texas នៅក្នុងសហរដ្ឋអាមេរិក និងលោកវេជ្ជបណ្ឌិត Markus Buechler មកពីសាកលវិទ្យាល័យ Heidelberg បាននិយាយថា៖ «ទោះបីជាកម្រិតនៃគ្រោះថ្នាក់តែងតែកើតមាននៅពេលបញ្ជូនអ្នកជំងឺទៅព្យាបាលពីកន្លែងមួយទៅកន្លែងមួយទៀតក៏ដោយ ក៏ពួកយើងដែលជាវេជ្ជបណ្ឌិតទាំងពីររូបនេះ ជឿថា លោក Liu Xiaobo អាចត្រូវគេបញ្ជូនដោយមានសុវត្ថិភាព ដោយសារតែមានការថែរក្សា និងគាំទ្រផ្នែកវេជ្ជសាស្ត្រសមស្រប»។
ការតវ៉ារបស់អាល្លឺម៉ង់
វីដេអូមួយទៀតដែលបង្ហាញអំពីក្រុមវេជ្ជបណ្ឌិតនៅឈរព័ទ្ធជុំវិញគ្រែពេទ្យរបស់លោក Liu Xiaobo ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្កឲ្យមានការតវ៉ាពីស្ថានទូតអាល្លឺម៉ង់នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ស្ថានទូតអាល្លឺម៉ង់បានហៅវីដេអូនោះថា ជាការរំលោភលើព័ត៌មានសម្ងាត់រវាងវេជ្ជបណ្ឌិត និងអ្នកជំងឺ។ ស្ថានទូតអាល្លឺម៉ង់នោះបានឲ្យដឹងថា លោកវេជ្ជបណ្ឌិត Buechler បានតវ៉ាអំពីការដែលមានការថតវីដេអូ និងសំឡេងនៃសកម្មភាពរបស់លោកជួបជាមួយនឹងលោក Liu Xiaobo។ ស្ថានទូតអាល្លឺម៉ង់បានបញ្ជាក់ថា៖ «រឿងនេះទំនងជាកើតឡើងដោយសារស្ថាប័នសន្តិសុខជាអ្នកធ្វើឡើង មិនមែនក្រុមវេជ្ជបណ្ឌិតនោះទេ។ សកម្មភាពនេះធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តលើអាជ្ញាធរដែលពាក់ព័ន្ធនឹងករណីលោក Liu Xiobo ដែលមានសារៈសំខាន់ក្នុងការធានាឲ្យការព្យាបាលរូបលោកទទួលបានជោគជ័យប្រសើរបំផុតនោះ»។
អាជ្ញាធរបានពង្រឹងសន្តិសុខនៅជុំវិញមន្ទីរពេទ្យ រួមទាំងសណ្ឋាគារមួយនៅក្បែរនោះផងដែរ។
កាលពីថ្ងៃចន្ទ ទី១០ កក្កដា កន្លងទៅនេះ VOA បានរកឃើញកំណត់ហេតុសរសេរដៃមួយនៅលើតុទទួលភ្ញៀវនៃសណ្ឋាគារនោះ ដែលបានសរសេរផ្ញើជូនបុគ្គលិកសណ្ឋាគារនោះថា៖ «សណ្ឋាគារនេះមិនត្រូវជួលបន្ទប់ស្នាក់នៅបែរមុខចំមន្ទីរពេទ្យ ឬក៏បន្ទប់ស្នាក់នៅជាន់ខាងលើឲ្យនរណាម្នាក់ឡើយ ដែលក្នុងនោះរួមទាំងអ្នកសារព័ត៌មានផងដែរ។ មានតែបន្ទប់នៅជាន់ខាងក្រោម ឬបែរទៅទិសផ្សេងពីមន្ទីរពេទ្យនេះតែប៉ុណ្ណោះ ដែលអាចជួលបាន។ វិធានការនេះចូលជាធរមានជាបន្ទាន់»។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកយកព័ត៌មាន VOA ផ្នែកភាសាចិនកុកងឺ មួយរូប និងជំនួយការយកព័ត៌មានម្នាក់របស់លោក ដែលបានព្យាយាមទាក់ទងក្រុមគ្រួសាររបស់លោក Liu Xiaobo នៅក្នុងទីក្រុង Shenyang ប្រទេសចិន ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណប៉ុន្មាននាក់ធ្វើទុក្ខបុកម្នេញ ចោទសួរ និងដើរតាម។
កាលពីថ្ងៃសៅរ៍ ទី៨ កក្កដា បុរសមួយក្រុមដែលអះអាងថាជាសន្តិសុខយាមមន្ទីរពេទ្យ បានព័ទ្ធអ្នកទាំងពីរ ពេលដែលពួកគេព្យាយាមថតវីដេអូពីទិដ្ឋភាពខាងក្រៅនៃមន្ទីរពេទ្យនោះ។ បុរសទាំងនោះបាននិយាយថា ពួកគេទាំងពីរមិនត្រូវបានអនុញ្ញាតឲ្យថតវីដេអូនោះទេ ហើយបុរសទាំងនោះនិយាយថា ពួកគេកំពុងតែអនុវត្តច្បាប់ ប៉ុន្តែបុរសទាំងនោះមិនបានផ្ដល់ព័ត៌មានអំពីអត្តសញ្ញាណរបស់ពួកគេនោះទេ។
បុរសទាំងនោះបានចាប់ទាញដៃអ្នកសារព័ត៌មាន VOA ទាំងពីរនាក់ និងព្យាយាមរុញច្រានពួកគេចេញ។ អ្នកយកព័ត៌មាន VOA ត្រូវគេវាយចំដៃម្ដងហើយម្ដងទៀត ដែលធ្វើឲ្យកដៃលោកឡើងជាំ។ ចំណែកឯដៃរបស់ជំនួយការអ្នកយកព័ត៌មាន VOA ក៏ជាំផងដែរ ដោយសារតែការរុញច្រានទាញចុះទាញឡើងនេះ។ បុរសទាំងនោះក៏បានព្យាយាមយកទូរស័ព្ទដៃ និងកាមេរ៉ារបស់ពួកគេផងដែរ ដែលជាហេតុធ្វើឲ្យកាមេរ៉ា និងកាសត្រចៀកមួយរបស់ពួកគេ រងការខូចខាត៕
ប្រែសម្រួលដោយ ភី សុភាដា