អ្នកប្រឆាំងជនជាតិចិន លូ ស្ស៊ាបូ (Liu Xiaobo) ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានប្រគល់ឲ្យនូវរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំនេះ នៅថ្ងៃសុក្រនេះ ដោយគណៈកម្មការរង្វាន់ណូបែលនៅឯពិធីមួយដែលត្រូវ បានប្រារព្ធនៅរាជធានីអូស្លូ (Oslo) នៃប្រទេសណ័រវ៉េ (Norway)។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលចិនកំពុងតាមឃ្លាំមើលអ្នកគាំទ្ររបស់លោក លូ នៅក្នុងប្រទេសចិនយ៉ាងហ្មត់ចត់។
អាជ្ញាធរចិនត្រូវបានមើលឃើញថា បានបន្តឹងសន្តិសុខនៅខាងមុខបរិវេណផ្ទះដែលភរិយារបស់លោក លូ ស្ស៊ាបូ គឺអ្នកស្រី លូ ស្ស៊ា (Liu Xia) ត្រូវបានបង្ខាំង ចាប់តាំងពីលោក លូ ស្ស៊ាបូ ឈ្នះរង្វាន់សន្តិភាពដ៏ល្បីនៅក្នុងខែតុលា។
ឆ្មាំសន្តិសុខឆែកអត្តសញ្ញាណអ្នកទាំងឡាយណាដែលចូលផ្ទះនោះ។ រថយន្តប៉ូលីសពង្រាយនៅគ្រប់ជ្រុងនៃបរិវេណ ហើយភ្នាក់ងារសន្តិសុខដើរល្បាតនៅក្នុងបរិវេណ។ អាជ្ញាធរចិនក៏យាមកាមយ៉ាងហ្មត់ចត់ ឃ្លាំមើលអ្នកគាំទ្ររបស់លោក លូ ស្ស៊ាបូ និងចាប់គេដាក់ឃុំក្នុងផ្ទះ ឬឃ្លាំមើលយ៉ាងតឹងរឹង។
កាលពីថ្ងៃសុក្រ មេធាវី ពូ ស្ស៊ីជាង (Pu Zhigiang) និយាយថា ភ្នាក់ងារសន្តិសុខបង្ហាញមុខដើម្បីឃ្លាំមើលគាត់ ហើយធ្វើដំណើរទៅធ្វើការនៅក្រៅរដ្ឋធានីប៉េកាំងជាមួយគាត់។
លោក ពូ និយាយថា ភ្នាក់ងារទាំងនោះទៅតាមគាត់ពីព្រោះតែពិធីប្រគល់រង្វាន់ណូបែល ដែលគាត់ហៅថា «គូរឲ្យខ្លាច» គឺមិនមែនដោយសារគាត់ខ្លាចនោះទេ គឺរដ្ឋាភិបាលចិនដែលជាអ្នកខ្លាច។ លោក ពូ និយាយថា ពេលនេះ ភ្នាក់ងារសន្តិសុខប្រាប់គាត់ថា គេនឹងឈប់តាមគាត់នៅថ្ងៃសៅរ៍។
អ្នកផ្សេងទៀតដូចជា អ្នកយកព័ត៌មាន លី ដាតុង (Li Datong) ប្រឈមនឹងការដាក់កំហិតក្នុងការធ្វើដំណើរទៅបរទេស។ លោក លី និយាយថា គាត់គិតថា គាត់នឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅបរទេសទេ រហូតដល់ចុងខែមករា។
នៅឯពិធីជូនព័ត៌មានក្នុងសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ជាន យូ (Jian Yu) ត្រូវបានសួរអំពីការដាក់កំហិតមួយចំនួនរបស់រដ្ឋាភិបាលចិនចំពោះអ្នកគាំទ្រលោក លូ ឬមូលហេតុដែលភរិយារបស់លោកលូ ត្រូវបានបង្ខាំងក្នុងផ្ទះ ទោះបីជាគាត់មិនបានប្រព្រឹត្តិអំពើឧក្រឹដ្ឋកម្មនោះ។ ទោះបីជាសំណួរបែបនេះត្រូវបានសួរម្តងហើយម្តងទៀតក្តី ក៏លោកស្រី ជាន មិនបានផ្តល់ចម្លើយចំៗដែរ។
លោកស្រី ជាន និយាយថា អ្នកយកព័ត៌មានគួរសួរអ្វីដែលគាត់ហៅថា «អាជ្ញធរមានសមត្ថកិច្ច»។ គាត់ក៏បានបង្ហាញពីការសង្ស័យចំពោះភាពត្រឹមត្រូវនៃសេចក្តីរាយការណ៍អំពីការបង្ខាំងក្នុងផ្ទះ និងការរំលោភបំពានផ្សេងៗទៀត។
គណៈកម្មការរង្វាន់ណូបែល បានប្រគល់រង្វាន់សន្តិភាពជូនលោក លូ ស្ស៊ាបូ សម្រាប់អ្វីដែលគណៈកម្មការនោះហៅថា គឺជាការតស៊ូអហឹង្សាដ៏យូរអង្វែង សម្រាប់សិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងប្រទេសចិន។ លោក លូ គឺជាអ្នកនិពន្ធសកម្មជើងចាស់ ដែលបានជួយរៀបចំធម្មនុញ្ញ០៨ (Chapter 08) ដែលជាសេចក្តីប្រកាសដែលអំពាវនាវឲ្យមានសេរីភាពនៃការបញ្ចេញមតិ និងកំណែទម្រង់នៅប្រទេសចិន។ គាត់បានបាត់មុខដោយត្រូវបានចាប់ដាក់ឃុំកាលពីពីរឆ្នាំមុន។ កាលពីឆ្នាំកន្លងទៅ លោក លូ ស្ស៊ាបូ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១១ឆ្នាំពីបទវិទ្ធង្សនា៕ ៚
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ។