អ្នកវិភាគទស្សន៍ទាយថា គោលជំហរកាលពីពេលថ្មីៗនេះរបស់ប្រទេសចិនអំពីដែនដីហុងកុងជាសញ្ញាបង្ហាញថា នឹងមានចលាចលខាងនយោបាយនៅក្នុងទីក្រុងនេះដែលគ្រប់គ្រងពាក់កណ្តាលស្វ័យភាព ហើយទំនងជានឹងមានបាតុកម្មធំៗជាថ្មីទៀតផងដែរ។
អ្នកវិភាគទាំងនេះមានប្រតិកម្មចំពោះការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យសំខាន់ៗចំនួន១៥នាក់កាលពីសប្តាហ៍ទីបីនៃខែមេសាតាមការចោទពីបទប្រមូលផ្តុំគ្នាដោយខុសច្បាប់ និងការចោទប្រកាន់ថា ពីបទចូលរួមក្នុងបាតុកម្មគ្មានការអនុញ្ញាតកាលពីឆ្នាំទៅមិញ។ ពួកគេមានប្រតិកម្មចំពោះសេចក្តីប្រកាសរបស់ការិយាល័យសម្ព័ន្ធការនៃប្រទេសចិននៅក្នុងទីក្រុងហុងកុងនេះដែលថា ការិយាល័យសម្ព័ន្ធការនេះមិនទាក់ទងនឹងមាត្រាមួយនៅក្នុងរដ្ឋធម្មនុញ្ញនៃក្រុងហុងកុងដែលជាច្បាប់ជាមូលដ្ឋានរារាំងរដ្ឋាភិបាលក្រុងប៉េកាំងមិនឱ្យជ្រៀតជ្រែកក្នុងកិច្ចការក្នុងមូលដ្ឋាន និងមានប្រតិកម្មចំពោះការអំពាវនាវរបស់ប្រធាននៃការិយាល័យសម្ព័ន្ធការនេះដែលឱ្យអាជ្ញាធរហុងកុងប្រើច្បាប់អំពីសន្តិសុខជាតិដែលបានត្រូវផ្អាកចាប់តាំងពីឆ្នាំ២០០៣មកនោះ។
អ្នកវិភាគបន្តថា កង្វល់យ៉ាងខ្លាំងរបស់ប្រទេសចិនអំពីការគំរាមកំហែងដល់សន្តិសុខជាតិបណ្តាលមកពីការរាលដាលវីរុសកូរ៉ូណានិងទំនាក់ទំនងតឹងតែងរបស់ចិនជាមួយស.រ.អា.បាននាំឱ្យប្រទេសចិនជំរុញឲ្យក្រុងហុងកុង ដែលមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលច្រើនខែនោះ ពន្លឿនការប្រើច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសនៅក្រោយមានការតវ៉ាទ្រង់ទ្រាយធំ។
ពួកគេបានលើកឡើងបន្ថែមទៀតថា ម្យ៉ាងវិញទៀតរដ្ឋាភិបាលក្រុងប៉េកាំងយល់ឃើញថា ការជាប់រវល់របស់ពួកបស្ចឹមប្រទេសក្នុងការប្រយុទ្ធនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ គឺជាឱកាសល្អមួយដើម្បីចាត់វិធានការតឹងតែងក្នុងក្រុងហុងកុង។
លោក Kenneth Chan ជាអ្នកវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Baptist ហុងកុង។ លោកបាននិយាយថា៖ «សកម្មភាពេរបស់ចិននេះគឺជាការប្រមាថមាក់ងាយមួយដល់របៀបគ្រប់គ្រងប្រទេសមួយប្រព័ន្ធពីរ»។
លោកថ្លែងដូច្នេះដោយនិយាយយោងដល់សេចក្តីប្រកាសរួមរវាងប្រទេសចិននិងចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៨៤ ដែលនិយាយអំពីគោលការណ៍ប្រទេសចិនគ្រប់គ្រងដែនដីហុងកុង។
លោក Kenneth Chan បានថ្លែងថា៖ «ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានផ្តល់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងនូវឱកាសមួយក្នុងការប្រើវិធានការតឹងរ៉ឹងលើក្រុងហុងកុង»។
លោក Steve Tsang ជានាយកនៃវិទ្យាស្ថានអំពីប្រទេសចិននៃមហាវិទ្យាល័យផ្នែកសិក្សាអំពីបូព៌ាប្រទេសនិងទ្វីបអាហ្វ្រិក ហៅកាត់ថា SOAS នៅសាកលវិទ្យាល័យក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ លោកបាននិយាយថា បរាជ័យរបស់ពួកបស្ចឹមប្រទេសក្នុងការប្រុងប្រៀបទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩ ជាឱកាសនាំឲ្យប្រធានាធិបតីចិនលោក Xi Jinping លែងមានអារម្មណ៍ថា លោកអាចរងគ្រោះដោយសារការចាត់ចែងមិនល្អរបស់លោកក្នុងការទប់ទល់នឹងការរាលដាលនៃជំងឺនេះនៅពេលដំបូង ហើយលោកគ្មានអារម្មណ៍ថា លោកឋិតនៅក្រោមសម្ពាធខ្លាំងនៅខាងក្នុងចំណោមក្រុមអ្នកកាន់អំណាចក្នុងប្រទេសចិនទេ»។
ពួកអ្នកវិភាគព្រមានថា ការបង្ក្រាបរបស់ប្រទេសចិននៅក្នុងក្រុងហុងកុងនឹងកើនខ្លាំងឡើងៗក្នុងពេលអនាគតឆាប់ៗនេះ។ អ្នកវិភាគខ្លះមានជំនឿថា ប្រទេសចិនជំរុញឲ្យអាជ្ញាធរហុងកុងអនុម័តសេចក្តីព្រាងច្បាប់នេះឱ្យបានមុនការបោះឆ្នោតនីតិបញ្ញត្តិក្នុងខែកញ្ញាខាងមុខនេះ។ ពួកអ្នកវិភាគទាំងនេះនិយាយថា អាជ្ញាធរហុងកុងមានការតប់ប្រមល់ដោយយល់ថា ពួកអ្នកលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យប្រហែលអាចឈ្នះឆ្នោតមានសំឡេងភាគច្រើនដូចដែលពួកគេបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសង្កាត់កាលពីខែវិច្ឆិកាឆ្នាំទៅមិញ។
លោក Tsang បាននិយាយថា៖ «ប្រសិនបើប្រជាជនក្រុងហុងកុងមិនប្រព្រឹត្តត្រឹមត្រូវតាមការយល់ឃើញរបស់រដ្ឋាភិបាលក្រុងប៉េកាំងទេ ការណ៍នេះជាលេសមួយសម្រាប់ឱ្យគណបក្សកុម្មុយនិស្តចិនប្រើនយោបាយតឹងតែងដោយមានរួមបញ្ចូលទាំងការលុបចោលការបោះឆ្នោតក្នុងខែកញ្ញាផងដែរ។ លោក Xi ប្រហែលគិតថា ហុងកុងនៅតែឯកោហើយនឹងត្រូវធ្វើតាមរដ្ឋាភិបាលក្រុងប៉េកាំង»។
ប្រទេសចិននៅតែពឹងពាក់លើក្រុងហុងកុងសម្រាប់ពាណិជ្ជកម្មនិងធុរកិច្ច ក៏ប៉ុន្តែកលល្បិចកាលពីពេលថ្មីៗនេះរបស់ប្រទេសនេះមិនមែនមានន័យថា ចិនព្រួយបារម្ភអំពីការបាត់បង់ការទុកចិត្តពីពួកអ្នកបណ្តាក់ទុនទេ។
លោក Zhang Lifan ជាអ្នកធ្វើអត្ថាធិប្បាយឯករាជ្យមានមូលដ្ឋាននៅក្នុងក្រុងប៉េកាំង។ លោកបាននិយាយថា៖« មូលធននិងបច្ចេកវិទ្យារបស់ក្រុងហុងកុងលែងមានសារៈសំខាន់សម្រាប់ប្រទេសចិនទៀត ហើយគឺមិនដូចកាលពី៣០ឆ្នាំមុនទេ ហើយនៅពេលនេះ ប្រទេសចិនមានធនធានច្រើនហើយមានការទាក់ទងច្រើនជាងមុនជាមួយពិភពលោក»។
លោក Tsang បានថ្លែងថា ផលិតផលសរុបក្នុងស្រុក (GDP) នៃដែនដីហុងកុងមានប្រមាណមួយភាគបីនៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសចិនកាលពីក្នុងទសវត្សរ៍១៩៨០ហើយបានចុះមកតិចជាង៣%ក្នុងឆ្នាំ២០១៩។
លោក Tsang បានពោលថា៖ «ជំងឺកូវីដ១៩បានធ្វើឱ្យប្រទេសចិនខាតបង់ GDP ជាង៣%ហើយចិនមិនទាន់បានបង្ក្រាបជំងឺនេះនៅឡើយទេ។ ដូច្នេះជាការសមហេតុផលដែលរដ្ឋាភិបាលក្រុងប៉េកាំងមានអារម្មណ៍ថា ស្ថានភាពអាក្រក់ខ្លាំងឡើងៗនៅក្នុងក្រុងហុងកុងជាការបង់ខាតមួយដែលចិនអាចធ្វើបាន»។
ក៏ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ ក៏អង្គការ Hong Kong Watch មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសនិយាយថា គេមិនគួរមាក់ងាយតម្លៃក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ីនេះទេ។ អង្គការនេះបាននិយាយនៅក្នុងរបាយការណ៍មួយថា ក្នុងឋានៈជាកន្លែងមានសំណើពាណិជ្ជកម្មជាសាធារណៈដំបូងៗច្រើនបំផុតដោយក្រុមហ៊ុនចិននិងក្នុងឋានៈជាមជ្ឈមណ្ឌលធំមួយសម្រាប់ការលក់បណ្ណហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិនក្រុងហុងកុងនៅតែឋិតជាទ្វារធំមួយសម្រាប់មូលធនបស្ចឹមប្រទេសចូលទៅក្នុងប្រទេសចិន។
លោក Kenneth Chan ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Baptist ហុងកុងបានព្រមានថា ការជ្រៀតជ្រែករបស់ប្រទេសចិននឹងធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់ឋានៈពាណិជ្ជកម្ម សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃដែនដីហុងកុង។
លោក Chan បាននិយាយថា៖« នៅពេលណាដែលក្រុងនេះមិនអាចធ្វើឱ្យមានទំនុកចិត្តពីពួកអ្នកវិនិយោគទៀត ប្រជាជននិងសេដ្ឋកិច្ចនៃក្រុងនេះនឹងមិនមានការទាក់ទងជាអន្តរជាតិច្រើនដូចមុនទេ ហើយក្រុងហុងកុងនឹងត្រូវបង្ខំឱ្យទទួលឥទ្ធិពលខ្លាំងជាងមុនខាងនយោបាយនិងខាងសង្គមពីប្រទេសចិនដីគោក»។
លោក Wu Qiang ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់ធ្លាប់ធ្វើការនៅឯសាកលវិទ្យាល័យ Tsinghua នៅក្នុងក្រុងប៉េកាំង។ លោកបាននិយាយថា ប្រទេសកាន់អំណាចផ្តាច់ការដែលយកការគំរាមកំហែងខាងសន្តិសុខជាអាទិភាពកំពូលរបស់ខ្លួននោះ មិនដែលធ្វើការជ្រើសរើសសមហេតុផលជានិច្ចទេ។
លោកបានថ្លែងថា៖ «អាកប្បកិរិយាមិនប្រែប្រួលរបស់រដ្ឋាភិបាលក្រុងប៉េកាំង...គឺបង្កើនសន្តិសុខរដ្ឋដើម្បីគ្រប់គ្រងក្រុងហុងកុងទាំងស្រុង»។
ពួកអ្នកវិភាគនិងពួកសកម្មជនព្រមានថា គោលនយោបាយកណ្តាប់ដៃដែករបស់ប្រទេសចិនទៅលើក្រុងហុងកុងអាចសកមកវិញ។ ពលរដ្ឋសាមញ្ញច្រើននាក់នៅក្រុងហុងកុងបាននិយាយរួចស្រេចហើយថាពួកគេនឹងធ្វើបាតុកម្មតាមផ្លូវទៀត ប្រសិនបើមានការអនុវត្តច្បាប់ប្រឆាំងនឹងវិទ្ធង្សនា ហើយការណ៍នេះនឹងធ្វើឱ្យមានឡើងវិញនូវចលនាប្រឆាំងនឹងរដ្ឋាភិបាលដែលបានផ្អាកនៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លោក Kenneth Chan នៃសាកលវិទ្យាល័យ Baptist ហុងកុងបាននិយាយថា៖ «រដ្ឋាភិបាលចិននឹងមិនមានជោគជ័យទេក្នុងការធ្វើឱ្យសាធារណជនភ័យខ្លាច។ បើរដ្ឋាភិបាលយាយី សម្លុត ធ្វើឱ្យអាម៉ាស់ និងវាយដំពួកអ្នកប្រឆាំង ពលរដ្ឋនឹងខឹងសម្បារហើយស្អប់រដ្ឋាភិបាលចិនកាន់តែខ្លាំងថែមទៀត»៕
ប្រែសម្រួលដោយ ឈឹម សុមេធ