ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​ចិន​មក​ដល់​កម្ពុជា ដើម្បី​ជួប​លោក ហ៊ុន ម៉ាណែត មេដឹកនាំ​ថ្មី


រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi (កណ្ដាល) បាន​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃសៅរ៍ ទី ១២ ខែសីហា ឆ្នាំ ២០២៣ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​នៅ​ទីនោះ។ (AP Photo/Heng Sinith)
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi (កណ្ដាល) បាន​អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃសៅរ៍ ទី ១២ ខែសីហា ឆ្នាំ ២០២៣ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​នៅ​ទីនោះ។ (AP Photo/Heng Sinith)

រដ្ឋមន្រ្តី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​មក​ដល់​ប្រទេស​កម្ពុជា នា​ថ្ងៃ​សៅរ៍​នេះ ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ ដែល​លោក​នឹង​ក្លាយ​ជា​អ្នក​ការទូត​ជាន់​ខ្ពស់​មុន​ដំបូង​គេ​ជួប​លោក ហ៊ុន ម៉ាណែត ក្រោយ​ត្រូវ​បាន​ចាត់​តាំង​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា ដោយ​នឹង​កាន់​អំណាច ចាប់​ពី​ថ្ងៃ​ទី២២ ខែ​សីហា។

ដំណើរ​ទស្សន​កិច្ច​របស់​លោក វ៉ាង យី មក​កម្ពុជា បន្ទាប់​ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី។ ដំណើរ​ទស្សន​កិច្ច​មក​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន និង​បាន​ជជែក​ជាមួយ​មេដឹកនាំ​ថ្មី​របស់​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក វ៉ាង យី នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ។ កិច្ចពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​នឹង​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិ​ការ​ទ្វេ​ភាគី និង​ពហុ​ភាគី ដែល​ឆ្លុះ​បញ្ចាំង​អំពី​វិស័យ​អាទិភាពរួម។ នេះ​បើ​យោ​ងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នា​សប្តាហ៍​នេះ។

លោក វ៉ាង យី នឹង​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​បាន​ទស្សន៍​ទាយ​ថា​នឹង​ក្លាយ​ជា​រដ្ឋមន្រ្តី​ការបរទេស​ថ្មី​នា​ពេល​ខាង​មុខ។

ដំណើរ​ទស្សន​កិច្ច​នេះ កើត​ឡើង​ស្រប​ពេល​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​និង​ចិន។ ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​បន្ថែម​ថា​ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​រួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ពង្រឹង​សហគមន៍​វាស​នា​រួម​ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្ដង់ដារ​ខ្ពស់ លើក​កម្ពស់​ក្រប​ខណ្ឌ«កិច្ច​សហប្រតិបត្តិ​ការ​ត្បូង​ពេជ្រ» ព្រម​ទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វេទិកា​តំបន់​និង​អន្តរ​ជាតិ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការ​បរទេស​ចិន នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រ ទេស​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហបុរី «ចិន​សង្ឃឹម​ថា​នឹង​ពង្រឹង​ទំនាក់​ទំនង​យុទ្ធ​សាស្ត្រ»ជាមួយ​ប្រទេស​ទាំង​នោះ។

លោក លឹម ឆាយ អ្នក​ស្រាវ​ជ្រាវ​របស់​មជ្ឈម​ណ្ឌល​សិ​ក្សា​អា​ស៊ី​អា​គ្នេយ៍​នៃ​សាក​លវិទ្យា​ល័​យភូមិ​ន្ទ​ភ្នំពេញ ប្រាប់​វីអូអេ​ថា​ចំពេល​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​រវាង​អាមេរិក​និង​ចិន អាស៊ី​អាគ្នេយ៍​តែង​តែ​ជា​អាទិភាព​មួយ​សម្រាប់​នយោ​បាយ​ការបរទេស​អ្នក​ជិត​ខាង​របស់​ចិន ក៏​ដូច​ជា​ការ​ជំរុញ«​អំណាច​ទន់»​នៅ​ក្នុង​តំបន់។

លោកប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​នៅ​ប្រទេស​កម្ពុជា ចិន​ចង់​ក្លាយ​ជា​អ្នក​ចាប់​ផ្តើម​មុន​គេ​នៃ​ការ​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​យុទ្ធសាស្រ្ត​ជាមួយ​រដ្ឋាភិបាល​ថ្មី និង​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា​ជំហរ​នយោ​បាយ​ការ​បរទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​មិន​ផ្លាស់​ប្តូរ​ឡើយ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ថ្លែង​ថា​ជំហរ​នយោ​បាយ​ការបរទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ បើ​ទោះ​កម្ពុជា​មាន​អ្នក​ដឹក​នាំ​ថ្មី ដោយ​សារ​វា​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​គោល​នយោ​បាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ខណៈកម្ពុជា​រង​ការ​រិះគន់​លើ​បញ្ហា​លទ្ធិ​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពី​លោក​ខាង​លិច លោក គិន ភា ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​ព្យាយាម​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បង្ហាញ​«សុឆន្ទៈ»នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង។

លោក​ថ្លែង​ថា៖ «ការ​ព្យាយាម​ស្វែង​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង គឺ​ជា​រឿង​ចាំបាច់​ហើយ»។

លោក លឹម ឆាយ អ្នកវិភាគ​ម្នាក់ ថ្លែង​មាន​ការ​រំពឹង​ថា​លោក ហ៊ុន ម៉ាណែត អាយុ​៤៥ឆ្នាំ ដែល​បាន​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​អង់គ្លេស​យល់​ច្បាស់​អំពី​ទស្សនៈ​របស់​លោក​ខាង​លិច នៅ​គ្រា​ដែល​ទំនាក់​ទំនង​រវាង​កម្ពុជា និង​លោក​ខាង​លិច​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា​គោល​នយោបាយ​ការប​រទេស​កម្ពុជា​មិន​ផ្លាស់​ប្តូរ​ឡើយ បើ​ទោះ​មាន​នាយករដ្ឋមន្រ្តី​ថ្មី​ក៏​ដោយ ដោយសារ​វា​ត្រូវ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ពេល​សួរ​ថា​តើ​លោក ហ៊ុន ម៉ាណែត នឹង​រៀបចំ​យុទ្ធសាស្រ្ត​ថ្មី ដើម្បី​ស្តា​ទំនាក់ទំនង​ជាមួយ​លោក​ខាង​លិច លោក សុខ ឥសាន ថ្លែង​ថា៖ «យើង​ចាំមើល​សិន បើ​គាត់​មិន​ទាន់​ចូល​កាន់​ការងារ យើង​ទៅ​សន្និដ្ឋាន​ម៉េច? ទុក​ឲ្យ​គាត់​ចូលកាន់​ការងារ​មួយ​ខែ​ពីរ​ខែ មួយ​ឆ្នាំ​ពីរ​ឆ្នាំ​សិន បាន​យើង​ដឹង»។

ក្នុង​គ្រា​ដែល​រដ្ឋមន្រ្តី​ការបរទេស​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) កាល​ពី​ថ្ងៃ​សុក្រ បាន​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​រដ្ឋ Utah ដោយ​លើក​ឡើង​ថា​វៀត​ណាម​និង​កម្ពុជា​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​ជាមួយ​អាមេរិក ហើយ​ពួក​គេ​ចង់​ប្រាប់​ទៅ​ប្រទេស​ចិន​ថា​ពួក​គេ​មិន​នៅ​ម្នាក់​ឯង​នោះ​ទេ។

គួរ​បញ្ជាក់​ថា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ដូច​ជា​វៀត​ណាម ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលី​ពីន មាន​ជម្លោះ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស​ចិន ដែល​ភាគីចិន​បាន​ទាមទារ​ដែន​ទឹក​ស្ទើរ​តែ​ទាំង​ស្រុង៕

XS
SM
MD
LG