ប្រទេសចិននិងប្រទេសឥណ្ឌូណេស៊ីបានប្តេជ្ញារក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីអ្នកស្រី Retno Marsudi នៅក្នុងរដ្ឋធានីហ្សាការតា។
លោក Wang ក៏បានអំពាវនាវផងដែរដល់ភាគីទាំងអស់នៅក្នុងសង្គ្រាមនៅហ្កាហ្សា (Gaza) ឱ្យរក្សាភាពអត់ធ្មត់ និងថាសហរដ្ឋអាមេរិកគួរតែគាំទ្រចំពោះសេចក្ដីសម្រេចមួយរបស់អង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់នៅហ្កាហ្សា។
លោក Wang បានថ្លែងនៅក្រោយជំនួបក្នុងប្រសាសន៍ដែលត្រូវបានប្រែសម្រួលជាភាសាឥណ្ឌូណេស៊ីថា៖ «រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការមិនសប្បាយចិត្តចំពោះមហន្តរាយមនុស្សធម៌ដែលកើតចេញពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។ យើងយល់ស្របគ្នាថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះបទឈប់បាញ់មួយត្រូវតែអនុវត្តឱ្យបានពេញលេញដោយគ្មានលក្ខខណ្ឌ»។
អ្នកស្រី Retno បានថ្លែងថា អ្នកស្រីសង្ឃឹមថា ប្រទេសចិន «នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបង្ការមិនឱ្យជម្លោះកាន់តែតានតឹងឡើង» នៅក្នុងតំបន់ហ្កាហ្សា។ អ្នកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការឱ្យមានដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះនេះ។
ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីនោះ ប្រទេសទាំងពីរក៏បានប្តេជ្ញារក្សាសន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ដោយលោក Wang ថាលោករំពឹងថា កិច្ចចរចាអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងអាចត្រូវបានពន្លឿន៕
វេទិកាបញ្ចេញមតិ