ប្រទេសចិនបានបញ្ជាក់នៅថ្ងៃព្រសហ្បតិ៍នេះថា សហរដ្ឋអាមេរិកនិងជប៉ុនបាន «បង្ខូចកេរ្តិ៍ឈ្មោះ» ខ្លួននៅក្នុងជំនួបនៅរដ្ឋធានីវ៉ាស៊ីនតោនរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលនៅក្នុងជំនួបនោះ លោកទាំងពីរបានបង្ហាញនូវផែនការវិសិដ្ឋកម្មទំនាក់ទំនងការពារជាតិដ៏ធំបំផុតរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ផែនការនេះមានគោលបំណងធ្វើឱ្យកងកម្លាំងអាមេរិកនិងជប៉ុនអាចធ្វើប្រតិបត្តិការរហ័សជាងមុនក្នុងគ្រាដែលមានការគំរាមកំហែងដូចជាការឈ្លានពានរបស់ចិនលើតៃវ៉ាន់ជាដើម។
លោក Biden បានលើកឡើងថា ការធ្វើវិសិដ្ឋកម្មយោធានៅក្បែរប្រទេសចិននេះមានលក្ខណៈ «ការពារខ្លួនសុទ្ធសាធ» ប៉ុន្តែលោកក៏មិនបានលាក់បាំងអំពីបំណងរបស់លោកក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីទប់ទល់នឹងចិនដែរ។
នៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីទស្សនកិច្ចរបស់លោក Kishida និងការធ្វើវិសិដ្ឋកម្មទំនាក់ទំនងយោធានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថាសហរដ្ឋអាមេរិកនិងជប៉ុន «បានបង្ខូចកេរ្តិ៍ឈ្មោះ» ចិនទាក់ទិននឹងបញ្ហាតៃវ៉ាន់និងដែនសមុទ្រ ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនទាំងកំរោល និងរំលោភយ៉ាងធ្ងន់ធ្ងរលើវិធានមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ»។
អ្នកស្រី Mao Ning ថា ចិន «ខកចិត្តយ៉ាងខ្លាំងនិងជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយបានបង្ហាញការប្រឆាំងរបស់ខ្លួនតាមផ្លូវទូតជាមួយភាគីពាក់ព័ន្ធរួចហើយ»។
អ្នកស្រីបានបន្ថែមថា៖ «ទំនាក់ទំនងរវាងអាមេរិកនិងជប៉ុនមិនគួរដៅលើឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃឡើយ ហើយក៏មិនគួរធ្វើឱ្យអន្តរាយដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ដែរ»៕
វេទិកាបញ្ចេញមតិ