ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក Ma Ying-jeou អតីតប្រធានាធិបតីកោះតៃវ៉ាន់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានបិទបញ្ចប់ «ដំណើរសន្តិភាព» ១១ ថ្ងៃរបស់លោក Ma ដែលមានគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់និងប្រទេសចិន។
បន្ទាប់ពីបានចាប់ដៃស្វាគមន៍គ្នា ១៥ វិនាទីមក លោកទាំងពីរបានអង្គុយចុះនិងធ្វើសេចក្តីថ្លែងការណ៍ខ្លីៗ។ លោក Xi បានសរសើរលោក Ma ចំពោះការជំទាស់ទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ដោយ តាំងចិត្តគោរពតាម «កុងសុងស៊ីសឆ្នាំ ១៩៩២»។ កុងសុងស៊ីសនេះចែងថាមានប្រទេសចិនតែមួយប៉ុណ្ណោះនិងមានបំណងលើកកម្ពស់ឱ្យមានសន្តិភាពរវាងចិននិងតៃវ៉ាន់។
លោក Xi បាននិយាយនៅក្នុងសុន្ទរកថាបើកជំនួបនេះថា៖ «ជនរួមជាតិនៅសងខាងច្រកសមុទ្រតៃវ៉ាន់គឺជាជនជាតិចិនទាំងអស់។ គ្មានគំនុំណាមួយដែលមិនអាចដោះស្រាយបាននោះទេ។ គ្មានបញ្ហាណាមួយដែលមិនអាចពិភាក្សាគ្នាបាននោះទេ។ ហើយគ្មានកម្លាំងណាមួយអាចបំបែកយើងបាននោះឡើយ»។
លោក Ma ដែលធ្វើជាប្រធានាធិបតីតៃវ៉ាន់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ បាននិយាយថា ទោះជាភាគីទាំងពីរនៅសង្ខាងច្រកសមុទ្រតៃវ៉ាន់បានអភិវឌ្ឍក្រោមប្រព័ន្ធផ្សេងគ្នាក៏ដោយ ក៏ប្រជាជនទាំងអស់គឺជាជនជាតិចិនតែមួយ។
លោក Ma បានថ្លែងថា៖ «ប្រសិនបើសង្គ្រាមផ្ទុះឡើងរវាងភាគីទាំងពីរនៅសង្ខាងច្រកសមុទ្រតៃវ៉ាន់ នោះនឹងមានបន្ទុកធ្ងន់ដល់ប្រជាជាតិចិន។ លោកបានបន្ថែមថា ចិននិងតៃវ៉ាន់គួរបង្កើតឱ្យមានស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នានិងធ្វើឱ្យមានសន្តិភាពតាមរយៈការស្វែងរកចំណុចរួមនិងទុកការខ្វែងគំនិតគ្នាមួយឡែក។
ទស្សនកិច្ចនេះគឺជាលើកដំបូងបង្អស់ដែលមេដឹកនាំចិនបានទទួលស្វាគមន៍អតីតប្រធានាធិបតីតៃវ៉ាន់នៅក្នុងទីក្រុងប៉េកាំង តាំងពីពេលដែលគណបក្សគួមីងតាង (Kuomintang) ដែលជាបក្សរបស់លោក Ma បានចាញ់ក្នុងសង្គ្រាមស៊ីវិលចិននិងគេចខ្លួនទៅកាន់កោះតៃវ៉ាន់កាលពីឆ្នាំ ១៩៤៩ មក៕