ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរៀបចំកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ក្នុងបំណងបញ្ជូនសារដ៏ច្បាស់លាស់មួយទៅកាន់ប្រទេសចិនឱ្យបញ្ឈប់ឥរិយាបថដ៏គឃ្លើនរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
លោក Biden បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនោះថា៖ «ការប្តេជ្ញាចិត្តផ្នែកការពាររបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុននិងប្រទេសហ្វីលីពីនគឺរឹងមាំមិនអាចបំបែកបាន»។
ភាពតានតឹងរវាងហ្វីលីពីននិងចិនមានការកើនឡើង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នាវាឆ្មាំសមុទ្រចិនបានធ្វើសកម្មភាពបង្កហេតុដោយរារាំងបេសកកម្មផ្គត់ផ្គង់របស់ហ្វីលីពីនដល់យោធាហ្វីលីពីនដែលកំពុងប្រចាំការនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ យោធាហ្វីលីពីនឈរជើងនៅតំបន់នោះដើម្បីការពារអធិបតេយ្យភាពដែលហ្វីលីពីនទាមទារនៅក្នុងតំបន់ប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង។
លោក Marcos បានប្រើភាសាការទូតដោយសំដៅលើចិនថា៖ «ដោយប្រឈមនឹងបញ្ហាស្មុគ្រស្មាញនៅពេលនេះ វាតម្រូវឱ្យមានកិច្ចប្រឹងប្រែងរួមពីគ្រប់ភាគីទាំងអស់ ការប្តេជ្ញាចិត្តចំពោះគោលបំណងរួម និងការតាំងចិត្តមិនងាករេចំពោះរបៀបរៀបរយអន្តរជាតិដែលផ្អែកលើច្បាប់»។
ដោយឡែកលោក Kishida វិញបានបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការចម្រុះរវាងសម្ព័ន្ធមិត្តនិងប្រទេសដែលមានទស្សនៈដូចគ្នាគឺសំខាន់ ប្រសិនបើយើងចង់រក្សាការពារនិងទ្រទ្រង់របៀបរៀបរយអន្តរជាតិមួយដែលមានភាពសេរីនិងបើកចំហផ្អែកលើគោលការណ៍ច្បាប់»។
មេដឹកនាំទាំង ៣ រូបបានប្រកាសអំពីវិធានការថ្មីៗដើម្បីកម្លារារាំងចិន ដែលក្នុងនោះមានដូចជាការការពារដែនសមុទ្រ ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វីលីពីន និងកិច្ចសហការលើកិច្ចប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ជាសាកល៕