ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ចិន អឺរ៉ុប អ៊ុយក្រែន ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្រោម​ស្រមោល​លោក Trump


ប្រធាន​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ថ្លែងសុន្ទរកថានៅក្នុង​កិច្ចប្រជុំប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅ​ទីក្រុង Davos ថ្ងៃទី២១ ខែមករាឆ្នាំ២០២៥។
ប្រធាន​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ថ្លែងសុន្ទរកថានៅក្នុង​កិច្ចប្រជុំប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅ​ទីក្រុង Davos ថ្ងៃទី២១ ខែមករាឆ្នាំ២០២៥។

ដោយ​មាន​លោក Donald Trump ដែល​ចូលចិត្ត​ប្រើ​វោហាសាស្ត្រ​ប្រឈម​មុខ​ដាក់​គ្នា ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជា​ថ្មី មេដឹកនាំ​ចិន អឺរ៉ុប និង​អ៊ុយក្រែន ត្រូវ​គេ​រំពឹង​ថា​នឹង​ការពារ​កិច្ចសហប្រតិបត្តិការ​សាកល​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ឯ​ជំនួប​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ឥស្សរជន​ពិភពលោក​នៅ​ទី​ក្រុង​ Davos ប្រទេស​ស៊្វីស។

អ្នក​ចូលរួម​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក World Economic Forum នៅ​រមណីយដ្ឋាន​ភ្នំ​ទឹកកក​របស់​ស្វ៊ីស ដែល​បានចាប់​ផ្តើល​កាល​ពី​ថ្ងៃ​ចន្ទ ដឹង​ច្បាស់​ថា ប្រធានបទ​ធំ​ជាង​គេ​គឺ​លោក Donald Trump ថ្វី​បើ​ពួក​គេ​មិន​និយាយ​ឈ្មោះ​លោក​ក្តី។ លោក​ Trump ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្លែង​តាម​វីដេអូ​ទៅ​កាន់​វេទិកា​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក Trump បាន​ត្រឡប់​ទៅ​កាន់​អំណាច​នៅ​សេតវិមាន​វិញ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​នាំ​មក​ជាមួយ​នូវ​រដ្ឋបាល​អាមេរិក​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​គាំពារនិយម ហើយ​គេ​បារម្ភ​ថា​ លោក​នឹង​ធ្វើ​តាម​ការ​សន្យាដោយ​ដាក់​ពន្ធគយ​ខ្ពស់​ទៅ​លើ​ប្រទេស​ចិន និង​សូម្បី​តែ​សម្ពន្ធមិត្ត​អាមេរិក​ដូច​ជា​កាណាដា​និង​សហភាព​អឺរ៉ុប។

នៅ​ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង លោក​ Trump បាន​ប្តេជ្ញា​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង«ដាក់​ពន្ធគយ​និង​យក​ពន្ធ​ពី​ប្រទេស​ដទៃ‍»។

ប្រធាន​សហភាពអឺរ៉ុប​អ្នកស្រី Ursula von der Leyen ដែល​ចូល​រួម​នៅ​វេទិកា​ Davos បាន​សរសេរ​លើ​បណ្តាញ​ X ដោយ​ការពារ​ភាព​ចាំបាច់​ក្នុងការ​ធ្វើ​ការរួមគ្នា​ជា​សាកល​និង​ប្រាថ្នា​ចង់​បង្កើត​ភាព​ជា​ដៃគូ​ថ្មី‍។

ឧបនាយករដ្ឋមន្ត្រី​ចិន លោក Ding Xuexiang ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ។ ចិន​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​លោក​ Trump។ ក្រោយ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​រវាង​ប្រធានាធិបតី​ចិន លោក Xi Jingping ជាមួយ​លោក Trump កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក Xi ថា​លោក​សង្ឃឹម​ថា​នឹង​មាន​ការ​ចាប់ផ្តើម​ល្អ​ជាមួយ​នឹង​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក។ ថ្វី​បើ​លោក​ Trump បាន​ថ្លែង​ខ្លាំងៗ​អំពី​ការ​ដាក់​ពន្ធគយ​លើ​ចិន​ មក​ទល់​ពេល​នេះ​លោក​បាន​បង្ហាញ​សញ្ញា​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ទំនាក់ទំនង​ជាមួយ​ចិន រួម​ទាំង​ការ​អន្តរាគមន៍​ឱ្យ​បើក​បណ្តាញ TikTok នៅ​សហរដ្ឋ​អាមេរិក​វិញ។

ចំណែក​អ៊ុយក្រែន​វិញ​ក៏​ពិនិត្យ​ដឹតដល់​ចំពោះ​អ្វី​ដែល​លោក​ Trump នឹង​ធ្វើក្នុង​អាណត្តិ​ទី​២​របស់​លោក។ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ត្រូវ​គេ​រំពឹង​ថា​នឹង​អំពាវនាវ​ឱ្យ​មេដឹកនាំ​ពិភពលោក បន្ត​គាំទ្រ​អ៊ុយក្រែន​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី។ លោក​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​សង្ឃឹម​ថា​លោក​ Trump នឹង​សម្រេច​បាន​«សន្តិភាព​ដោយ​យុត្តិធម៌‍»៕

XS
SM
MD
LG