លទ្ធផលដំបូងៗពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃពុធនេះ នៅក្នុងប្រទេសឥណ្ឌូណេស៊ីបង្ហាញថា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto បាននាំមុខគូប្រជែងពីរនាក់របស់លោក។
ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការដែលធ្វើឡើងដោយក្រុមហ៊ុនស្ទង់ការបោះឆ្នោតឯករាជ្យ ដែលបានចេញផ្សាយភ្លាមៗបន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទ នៅម៉ោង ១រសៀលម៉ោង នៅរដ្ឋធានីហ្សាការតា បង្ហាញថា លោក Subianto បានទទួលសន្លឹកឆ្នោតប្រហែល ៦០ ភាគរយ បើប្រៀបធៀបទៅនឹងអតីតអភិបាលខេត្តលោក Anies Beswadan បានទទួលសំឡេងឆ្នោតជាង ២០ ភាគរយ ខណៈដែលលោក Ganjar Pranowo ដែលជាអភិបាលខេត្តម្នាក់ទៀត បានស្ថិតឆ្ងាយក្នុងលំដាប់ទី ៣។
ប្រសិនបើលោក Subianto រក្សាការនាំមុខជាង ៥០ ភាគរយនៃសន្លឹកឆ្នោតទាំងអស់ដែលបានបោះ រួមជាមួយយ៉ាងតិចណាស់ ២០ ភាគរយនៃសន្លឹកឆ្នោតនៅក្នុងខេត្តចំនួនពាក់កណ្តាលរបស់ឥណ្ឌូណេស៊ី នៅពេលដែលលទ្ធផលត្រូវបានប្រកាស នោះលោកនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីភ្លាមៗ ហើយបញ្ចៀសការបោះឆ្នោតជុំទី ២ នៅក្នុងខែមិថុនា។
វាត្រូវការចំណាយពេលរាប់សប្តាហ៍ មុនពេលការរាប់សន្លឹកឆ្នោតចុងក្រោយត្រូវបានបញ្ចប់។
នេះជាការព្យាយាមលើកទី ៣ របស់លោក Subianto ដែលមានអាយុ ៧២ ឆ្នាំ សម្រាប់តំណែងប្រធានាធិបតីនេះ ដោយបានចាញ់ការបោះឆ្នោតពីរលើក កាលពីពេលមុន ទៅលោកប្រធានាធិបតី Joko Widodo ដែលនឹងចេញពីតំណែង បន្ទាប់ពីបម្រើពីរអាណត្តិដែលមួយអាណត្តិៗ មានរយៈពេល ៥ ឆ្នាំ ដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ។
លោក Subianto ជាមេបញ្ជាការកងទ័ពពិសេសក្នុងអំឡុងនៃការគ្រប់គ្រងដ៏ព្រៃផ្សៃរបស់មេដឹកនាំកាន់អំណាចផ្តាច់ការលោក Suharto រហូតទាល់តែលោកត្រូវបានបណ្តេញចេញពីតំណែងនៅឆ្នាំ ១៩៩៨ នៅពេលមានការចោទប្រកាន់ថា លោកបានបញ្ជាឱ្យចាប់ជំរិតក្រុមសកម្មជនប្រជាធិបតេយ្យដែលលោកបានបដិសេធយ៉ាងខ្លាំង៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។
វេទិកាបញ្ចេញមតិ