កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិចិនបានការពារការធ្វើនាវាចរណ៍របស់នាវាចម្បាំងរបស់ខ្លួនមួយគ្រឿងកាត់ពីមុខនាវាពិឃាតសហរដ្ឋអាមេរិកមួយគ្រឿងនិងនាវាចម្បាំងកាណាដាមួយគ្រឿង នៅពេលដែលនាវាទាំងពីរធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដោយបានអះអាងថា ការធ្វើដំណើរឆ្លងកាត់របស់នាវាបស្ចិមប្រទេសទាំងពីរនេះគឺជាការបង្កហេតុចំពោះប្រទេសចិន។
សហរដ្ឋអាមេរិកនិងប្រទេសកាណាដាបានធ្វើនាវាចរណ៍រួមគ្នាដ៏កម្រកាត់តាមច្រកសមុទ្រតៃវ៉ាន់នេះកាលពីថ្ងៃសៅរ៍ ដោយនៅពេលនោះនាវាចម្បាំងចិនបានបើកវ៉ានាវាចម្បាំងរបស់អាមេរិកនិងងាកចង្កូតកាត់ពីមុខក្បាលនាវារបស់អាមេរិកនេះក្នុងចម្ងាយប្រមាណ ១៤០ ម៉ែត្រក្នុង «លក្ខណៈមិនមានសុវត្ថិភាព»។ នេះបើយោងតាមការបញ្ជាក់របស់បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការពារជាតិចិនលោកឧត្តមសេនីយ៍ឯក Li Shangfu បានបញ្ជាក់ប្រាប់មន្ត្រីការពារជាតិកំពូលៗនៅលើពិភពលោកមួយចំនួននៅក្នុងកិច្ចពិភាក្សា Shangri-La ក្នុងប្រទេសសិង្ហបុរីថា រដ្ឋាភិបាលចិនមិនមានបញ្ហាណាមួយជាមួយនឹង«ការធ្វើដំណើរដែលគ្មានបំណងអាក្រក់» កាត់តាមច្រកសមុទ្រតៃវ៉ាន់នោះទេ ប៉ុន្តែថា «យើងត្រូវតែបង្ការការប៉ុនប៉ងណាមួយដែលព្យាយាមប្រើសេរីភាពនៃការធ្វើនាវាចរណ៍ល្បាតនេះដើម្បីបង្ហាញអំពីអនុត្តរភាពនៃការធ្វើនាវាចរណ៍»។
កងនាវាទី ៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នាវាពិឃាត USS Chung-Hoon របស់អាមេរិកនិងនាវាចម្បាំង HMCS Montreal ប្រភេទ Halifax របស់កងទ័ពជើងទឹកភូមិន្ទកាណាដាបានធ្វើដំណើរដូចធម្មតាតាមច្រកសមុទ្រតៃវ៉ាន់ «ឆ្លងកាត់ដែនទឹកដែលអាចអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរនៅដែនសមុទ្រអន្តរជាតិបានស្របតាមច្បាប់អន្តរជាតិ»។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា ការធ្វើដំណើរឆ្លងកាត់របស់នាវាទាំងពីរនេះ «បង្ហាញអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរបស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរីនិងបើកចំហ»។
លោក Li បានស្នើថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកបានបង្កើតគ្រោះថ្នាក់និងគួរតែផ្ដោតលើការ «ថែរក្សាឱ្យបានល្អនូវដែនអាកាសនិងដែនទឹករបស់ខ្លួន» ទៅវិញ។
លោកបាននិយាយដោយមានអ្នកបកប្រែភាសាថា៖ «វិធីដ៏ល្អបំផុតគឺថា ប្រទេសនានា ជាពិសេសវានាចម្បាំងនឹងយន្តហោះចម្បាំងរបស់ប្រទេសទាំងនោះ មិនត្រូវធ្វើសកម្មភាពណាមួយនៅក្បែរទឹកដីរបស់ប្រទេសផ្សេងនោះឡើយ។ តើការធ្វើដំណើរទៅកន្លែងទាំងនោះមានប្រយោជន៍អ្វី? នៅក្នុងប្រទេសចិន យើងតែងតែនិយាយថា «ចូរខ្វល់អំពីតែរឿងរបស់អ្នកផ្ទាល់បានហើយ»។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានបញ្ជាក់នៅក្នុងកិច្ចពិភាក្សា Shangri-La នេះកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលអាមេរិកនឹងមិន«ចុះញ៉មចំពោះការសម្លុតឬការគំរាមកំហែង» ពីប្រទេសចិននោះឡើយ ហើយនឹងបន្តធ្វើនាវាចរណ៍និងការហោះហើរជាប្រក្រតីកាត់តាមច្រកសមុទ្រតៃវ៉ាន់និងសមុទ្រចិនខាងត្បូងដើម្បីបញ្ជាក់ថាដែនទឹកទាំងនេះគឺជាដែនទឹកអន្តរជាតិ ដោយជំទាស់ទៅនឹងការអះអាងទាមទារយកទាំងស្រុងរបស់ចិននូវដែនទឹកទាំងនេះ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP។