ប្រទេសចិននៅថ្ងៃសុក្រនេះ បានអបអរសាទរប្រធានាធិបតីជាប់ឆ្នាតសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris)។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសេចក្តីប្រកាសនេះក្នុងសន្និសីទកាសែតប្រចាំថ្ងៃ។
លោក Wenbin ថ្លែងថា៖ «យើងគោរពការជ្រើសរើសរបស់ប្រជាពលរដ្ឋអាមេរិកាំង។ យើងយល់ថា លទ្ធផលនៃការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក នឹងសម្រេចតាមច្បាប់និងនីតិវិធីរបស់សហរដ្ឋអាមេរិក»។
លោក បៃដិន ត្រូវព្យាករណ៍ថានឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករាខាងមុខ ដោយផ្អែកលើការនាំមុខយ៉ាងច្រើន ក្នុងការរាប់សន្លឹកឆ្នោតដែលកំពុងធ្វើជាបន្ត ក្រោយការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា។ លទ្ធផលឆ្នោតនឹងត្រូវឆ្លងកាត់ការតវ៉ាក្នុងតុលាការ និង ការរាប់ឡើងវិញក្នុងរដ្ឋខ្លះ ហើយលទ្ធផលទាំងនោះ មិនទាន់ជាលទ្ធផលផ្លូវការទេ រហូតដល់ក្រោយពេលរដ្ឋនីមួយៗបញ្ជាក់តាមផ្លូវការរួចរាល់សិន។ រដ្ឋទាំងអស់ចាំបាច់ត្រូវប្រកាសលទ្ធផលផ្លូវការ មិនឲ្យហួសពីថ្ងៃទី៨ ខែធ្នូ។
ប្រទេសចិននិងប្រទេសរុស្ស៊ី មិនបានចូលរួមជាមួយរដ្ឋាភិបាលដទៃទៀត កាលពីសប្តាហ៍មុន ដែលបានអបអរសាទរលោក បៃដិន ក្រោយពេលដែលលោកត្រូវបានព្យាករណ៍ថា មានទទួលអង្គបោះឆ្នោតគ្រប់គ្រាន់ក្នុងការបោះឆ្នោត ដើម្បីឈ្នះតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
នៅក្រោមរដ្ឋបាលលោក បៃដិន ក្រុមអ្នកវិភាគនយោបាយ រំពឹងថា នឹងមិនមានការផ្លាស់ប្តូរច្រើនទេ ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកាលពីពេលថ្មីៗនេះ មានសភាពតានតឹង ដោយសារការរិៈគន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការធ្វើពាណិជ្ជកម្ម និងប្រវត្តិសិទ្ធិមនុស្ស ព្រមទាំងការចោទប្រកាន់អំពីការលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក៕