ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​កិច្ចសន្ទនា​​តាម​ទូរស័ព្ទ​លោក​ បៃដិន​ សន្យា​​ពង្រឹង​សម្ព័ន្ធភាព​​​ជាមួយ​មេដឹកនាំ​ជប៉ុន កូរ៉េ​ខាង​ត្បូង​និង​អូស្ត្រាលី


រូបលោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​​ព្យាការណ៍​ថា​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​​ថ្មី​របស់​សហរដ្ឋ​អាមេរិក នៅលើអេក្រង់ទូរទស្សន៍ដ៏ធំមួយ នៅតំបន់ពាណិជ្ជកម្ម Shinjuku ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបលោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​​ព្យាការណ៍​ថា​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​​ថ្មី​របស់​សហរដ្ឋ​អាមេរិក នៅលើអេក្រង់ទូរទស្សន៍ដ៏ធំមួយ នៅតំបន់ពាណិជ្ជកម្ម Shinjuku ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅ​ក្នុង​ការ​និយាយ​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​ជាមួយ​លោក ​ចូ បៃដិន​ (Joe Biden) ដែល​ត្រូវព្យាការណ៍​ថា​ជាប់ឆ្នោត​ជា​ប្រធានាធិបតីថ្មី​របស់​សហរដ្ឋ​អាមេរិក ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​នៅ​អាមេរិក​មក​នោះ​ មេដឹកនាំ​ជប៉ុន ​កូរ៉េ​ខាងត្បូង ​និង​អូស្រ្តាលី ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បញ្ជាក់​ជាថ្មី​អំពី​ផែនការ​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​រួមមាន​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ និង​សន្តិសុខ​ក្នុង​តំបន់។ ​នេះ​បើ​យោង​តាមសេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ ​Reuters។

សម្ព័ន្ធមិត្តរបស់​សហរដ្ឋអាមេរិកនៅ​អាស៊ី​សំខាន់ៗ​ទាំងបី ​រួម​មាន​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Yoshihide Suga ​ប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក​ Moon Jae-in​ និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ​ចូល​រួម​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត ​ក្នុង​ការ​ទទួល​ស្គាល់​ជ័យជម្នះ​របស់​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត កាលពី​ថ្ងៃទី​៣ ​ខែវិច្ឆិកា ​ដែលបានឈ្នះ​លោក​ ដូណាល់ ត្រាំ​ (Donald Trump) ដែល​បច្ចុប្បន្ន​បាន​បដិសេធថា​ លោក​មិនចាញ់​ឆ្នោត។​

ជ័យជម្នះ​ដែល​ត្រូវ​បាន​ព្យាករណ៍​របស់​លោក​ បៃដិន​ ​នោះ ​កើត​ឡើង​ចំ​ពេលប្រទេស​ចិនកាន់​តែបង្ហាញ​ភាព​គឃ្លើន​ខាង​យោធា​និង​សេដ្ឋកិច្ច​នៅ​ក្នុងតំបន់ ​និង​បន្ទាប់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​នៅអាស៊ីជាមួយ​សហ​រដ្ឋ​អាមេរិកក្រោម​ការ​ដឹកនាំ​របស់​លោក​ Trump មាន​ការ​ច្របូកច្របល់ពេលខ្លះ​ ទាក់ទង​នឹង​ពាណិជ្ជកម្ម ​ការពារជាតិ ​និង​បរិស្ថាន។​

ការិយាល័យ​របស់​លោក​ បៃដិន ​បាន​និយាយ​ថា ​គ្រប់ភាគី​ទាំងអស់​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​ទ្វេភាគី ​ក៏​ដូច​ជា​ដោះស្រាយ​បញ្ហា​ពិភពលោក ​ដូច​ជា​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ការប្រែប្រួល​អាកាសធាតុ។ ​លោក​ Suga​ នាយករដ្ឋមន្ត្រី​ជប៉ុន​ បាន​និយាយ​ថា ​លោក​បាន​និយាយ​ជាមួយ​លោក ​Biden​ តាម​ទូរស័ព្ទ​ និង​បាន​បញ្ជាក់​ពីសារៈសំខាន់​នៃ​ចំណង​ទ្វេភាគី។

ក្នុង​សេចក្តី​អត្ថាធិប្បាយ​ដាច់​ដោយ​ឡែក ​ដែល​ធ្វើ​ឡើង​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​លោក​ Suga​បាន​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ថា៖ «លោក​ប្រធានាធិបតី​ជាប់ឆ្នោត ​ចូ បៃដិន​ បាន​មាន​ប្រសាសន៍​ថា​ លោក​ទន្ទឹង​រង់ចាំ​ពង្រឹង​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក-ជប៉ុន​ និង​ធ្វើ​ការ​រួមគ្នា​ដើម្បី​សម្រេច​បាន​នូវ​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific) ​មួយដែល​សេរី​និង​បើក​ចំហ»។

នៅ​មុន​នេះ​លោក ​បៃដិន​ បាន​និយាយ​ទៅ​កាន់​មេដឹកនាំ​អាល្លឺម៉ង់​អង់គ្លេស​ កាណាដា ​និង​បារាំង ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ចិន​និង​រុស្ស៊ី ​មិន​ទាន់​បាន​អបអរសាទរ​ និង​មិន​ទាន់​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិកដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជាប់ឆ្នោតនោះ​ទេ៕

XS
SM
MD
LG