ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​រុស្ស៊ី មិន​ទាន់​អបអរ​លោក ​Biden ខណៈ​សម្ព័ន្ធមិត្ត​អាមេរិក​បាន​ផ្ញើ​សារ​ស្វាគមន៍​លោក


រូបឯកសារ៖ លោក Joe Biden បាន​កាន់ដៃ​កូនប្រុស​របស់​លោក គឺលោក Hunter Biden ខណៈដែល​ពួកគេ និង​អ្នកស្រី Kamala Harris និង​ក្រុមគ្រួសារ​របស់​ពួកគេ​អបអរ ក្រោយពី​ប្រព័ន្ធ ផ្សព្វផ្សាយ​នានា បាន​ព្យាករណ៍​ថា Biden បាន​ឈ្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ឆ្នាំ២០២០។
រូបឯកសារ៖ លោក Joe Biden បាន​កាន់ដៃ​កូនប្រុស​របស់​លោក គឺលោក Hunter Biden ខណៈដែល​ពួកគេ និង​អ្នកស្រី Kamala Harris និង​ក្រុមគ្រួសារ​របស់​ពួកគេ​អបអរ ក្រោយពី​ប្រព័ន្ធ ផ្សព្វផ្សាយ​នានា បាន​ព្យាករណ៍​ថា Biden បាន​ឈ្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ឆ្នាំ២០២០។

ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters បានឲ្យ​ដឹង​ថា​ ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​ មិន​ទាន់​សម្តែង​ការអបអរសាទរភ្លាម​ទេ​នៅ​ថ្ងៃ​ចន្ទនេះ​ ​ដល់​លោក Joe Biden ដែលត្រូវ​បាន​គេ​ព្យាករណ៍​ថា ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ថ្មី​នោះ​ ដោយ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​និយាយ​ថា​ ខ្លួន​នឹង​អនុវត្ត​តាម​និតិវិធី​ធម្មតា​ ក្នុង​ការ​ឆ្លើយ​តប​នេះ​ ហើយ​វិមាន​ក្រឹមឡាំង​នៃ​ប្រទេស​រុស្ស៊ី​ បាន​គូស​បញ្ជាក់​ថា​ ប្រធានាធិបតីកំពុង​កាន់​តំណែង​លោក​ Donald Trump កំពុង​តស៊ូ​ផ្លូវ​ច្បាប់​ជុំវិញ​រឿង​បោះឆ្នោត​នេះ​នៅ​ឡើយ។​

អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃថា៖ «យើង​កត់​សម្គាល់​ថា​ លោក Biden បាន​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក។ យើង​យល់​ថា ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​ត្រូវ​បាន​កំណត់ដោយ​នីតិវិធី​ និង​ច្បាប់​របស់សហរដ្ឋ​អាមេរិក»។

កាល​ពី​ឆ្នាំ​២០១៦​ ប្រធានាធិបតី​ចិន​ លោក Xi Jinping បាន​ផ្ញើ​សារ​អបអរសាទរ​ទៅ​លោក​ Trump មួយ​ថ្ងៃ​ក្រោយ​ពេល​លោក​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ពេល​នោះ។ ​

ដោយ​ឡែក​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ឡើយ​ ក្រោយ​លោក Biden ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ បាន​ទទួល​ជ័យជម្នះក្នុង​ការ​បោះឆ្នោត​នោះ។ នៅ​មុន​ថ្ងៃ​បោះឆ្នោត​អាមេរិក​ចូល​មក​ដល់​ លោក​ Putin ហាក់​មិន​បាន​ឆ្លើយ​តប​ចំៗ​អំពី​ការ​គាំទ្រ​បេក្ខជន​ណា​មួយ​ ក្រោយ​លោក Biden បាន​ប្រើ​វោហាសាស្រ្ត​រិះគន់​ប្រទេស​រុស្ស៊ី​ ប៉ុន្តែ​លោក Putin ​បាន​ស្វាគមន៍​លោក​ Biden ពី​ទស្សនៈ​ស្តី​ពី​ការ​គ្រប់គ្រងអាវុធ​នុយក្លេអ៊ែរ។ លោក Putin ក៏​បាន​ការពារ​កូនប្រុស​លោក Biden គឺ​លោក Hunter​ ដែល​ត្រូវ​បាន​រិះ​គន់​ដោយ​លោក​ Trump ​នោះ។ ​

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា យើង​គិត​ថា​ វា​ជា​រឿង​ត្រឹមត្រូវ​ ក្នុង​ការ​រង់​ចាំ​ដល់​ការ​រាប់​សន្លឹក​ឆ្នោត​ផ្លូវការត្រូវ​ចប់​សព្វ​គ្រប់។

ដោយ​ឡែក​ប្រទេស​សម្ព័ន្ធ​មិត្ត​ដ៏​ធំ​និង​ជិត​ស្និទ្ធិ​របស់​អាមេរិកខ្លះ​ ក្នុង​ទ្វីប​អឺរ៉ុប​ មជ្ឈិមបូព៌ា​ និង​ទ្វីប​អាស៊ី​ បាន​រួស​រាន់​ក្នុង​ការ​ផ្ញើ​សារ​អបអរ​ដល់​លោក Biden កាល​ពី​ចុង​សប្តាហ៍​នេះ បើ​ទោះ​បី​លោក​ Trump​ នៅ​មិនទាន់​ប្រកាស​ទទួល​ចុះចាញ់​ការ​បោះឆ្នោត​នេះក្តី ក្នុង​នោះ​ក៏​មាន​ប្រទេស​អ៊ីស្រាអែល​និង​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​លោក Trump។

​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អមេរិក​ ធ្វើ​ការ​រួម​គ្នា​ ដោយ​ចាត់​ទុក​លោក ​Biden ថា​ ជា​មេដឹកនាំ​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ ដែល​បាន​ស្គាល់​ប្រទេស​អាល្លឺម៉ង់​ និង​ទ្វីប​អឺរ៉ុប​យ៉ាង​ច្បាស់​ និងមានផលប្រយោជន៍​ និង​គុណតម្លៃ​រួម​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ផង​ដែរ៕​

XS
SM
MD
LG