ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អះអាង​ថា ​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​គាំទ្រ​ចំណាត់ការ​របស់​ខ្លួន​លើ​ជន​មូស្លីម


រូបឯកសារ៖ លោក Nayef Falah Al-Hajraf អគ្គលេខាធិការ​នៃក្រុមប្រឹក្សា​សហប្រតិ​បត្តិការ​ឈូង​សមុទ្រ ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ GCC លើក​ទី៤១ នៅ​ក្រុង Al Ula ប្រទេស​អារ៉ា់ប់ប៊ីសាអូឌីត ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ (AP Photo/Amr Nabil)
រូបឯកសារ៖ លោក Nayef Falah Al-Hajraf អគ្គលេខាធិការ​នៃក្រុមប្រឹក្សា​សហប្រតិ​បត្តិការ​ឈូង​សមុទ្រ ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ GCC លើក​ទី៤១ នៅ​ក្រុង Al Ula ប្រទេស​អារ៉ា់ប់ប៊ីសាអូឌីត ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ (AP Photo/Amr Nabil)

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​ថា អង្គការ​មួយ​នៃ​រាជា​ណាចក្រអារ៉ាប់​មួយ​ចំនួន​ដែល​សម្បួរ​ទៅ​ដោយ​ប្រេង​បាន​ច្រានចោល​ចំណាត់​ការដ៏ចម្រូង​ចម្រាស​របស់​ចិន​ទៅ​លើ​ជនជាតិ ​Uyghur កាន់​សាសនា​ឥស្លាម ដោយ​ចាត់​ទុក​វា​ថាជា​«រឿង​ផ្ទៃក្នុង​របស់​ចិន»។

ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​គណបក្ស​កុម្មុនីស្ត​ចិនកាល​ពីពាក់​កណ្តាល​ខែមករា​ក្នុង​ប្រទេស​ចិន​ លោក​ Nayef Falah Al-Hajraf អគ្គ​លេខាធិការ​នៃក្រុមប្រឹក្សា​សហប្រតិ​បត្តិការ​ឈូង​សមុទ្រ​ បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ជំហរ​តាមផ្លូវច្បាប់​របស់ចិន​«លើបញ្ហា​ទាក់ទង​នឹងកោះ​តៃវ៉ាន់​ ស្ថានភាព​នៅខេត្ត​ Xinjiang និង​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន​»។ នេះបើ​តាម​សម្ដី​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក​ Wang Wenbin ដែល​បានប្រាប់​ក្រុមអ្នក​សារព័ត៌​មានកាល​ពីថ្ងៃទី​១៤ ខែ​មករា កន្លង​ទៅ​នេះ​។

លោក​ Al-Hajraf មិន​បានថ្លែង​ប្រាប់ពី​ជំហរបែប​នេះ​ដល់​ក្រុមអ្នកសារ​ព័ត៌មាន​ដោយ​ផ្ទាល់​ទេ​ ប៉ុន្តែ​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ចិន​លោក​ Wenbin និយាយ​ថា លោក​ Al-Hajraf បានបង្ហាញ​ការគាំទ្រ​លើ​ជំហរដែលថា​បញ្ហាសិទ្ធិ​មនុស្ស​មិនត្រូវ​យកទៅ​ធ្វើ​នយោបាយទេ​ និងបាន​ជំទាស់​រាល់ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ចិន។

ក្រុមប្រឹក្សា​សហប្រតិបត្តិ​ការឈូង​សមុទ្រ​ ដែលមាន​អក្សរ​កាត់​ (GCC) និង​មាន​ទីស្នាក់ការ​នៅ​រដ្ឋធានី​រីយ៉ាដ​ គឺជា​អង្គការ​សម្ព័ន្ធ​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត បារ៉ែន​ កូវ៉ែត អូម៉ង់ កាតា និង​អេមីរ៉ាត​អារ៉ាប់​រួម។

បើតាម​សារព័ត៌មាន​ Saudi Gazette បាន​រាយការណ៍​ថា ទស្សនកិច្ច​របស់​លោក ​Al-Hajraf ក្នុង​ប្រទេស​ចិន​ មាន​គោល​បំណង​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច ​និងសន្តិសុខ​រវាង​ប្រទេស​ជា​សមាជិក​ GCC និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។

ប្រទេស​ចិន​រងការ​រិះគន់​ពីគ្រប់​ទិសទី​ចំពោះ​ការ​គាបសង្កត់​របស់​ខ្លួន​លើ​ជនជាតិ Uyghur កាន់​សាសនា​ឥស្លាម​ក្នុង​តំបន់​ស្វយ័ត​ Xinjiang ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​វា​ថាជា​អំពើ​ប្រល័យ​ពូជសាសន៍។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​របស់​ខ្លួនថា​៖ «រដ្ឋាភិបាល​ចិនបាន​ប្រព្រឹត្ត​ និង​នៅតែ​បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្ស​ជាតិ​លើ​ជនជាតិ Turkic កាន់​សាសនា​ឥស្លាម។ ក្នុង​តំបន់​ Xinjiang ជន​ជាតិ​ Turkic នៅ​តែ​ត្រូវ​បាន​គេចាប់​ឃុំខ្លួន​ដោយ​ប្រើប្រព័ន្ធ​តុលាការ​ ដោយសារ​តែ​អត្តសញ្ញាណ​របស់​ពួកគេ​ ហើយ​អ្នក​ផ្សេងទៀត​ត្រូវ​បាន​គេ​បង្ខំឱ្យ​ធ្វើការហួស​កម្លាំង​ ​ត្រូវ​បាន​គេ​តាម​ឃ្លាំ​មើល​ និង​ត្រូវ​បាន​គេ​បំពាក់​បំប៉ន​មនោគម​នយោបាយ»។

នៅពេលចិន​ប្រឈម​នឹងការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការរំលោភសិទ្ធិ​មនុស្ស​ បណ្តា​ប្រទេស​ជា​សមាជិក​នៃក្រុម​ GCC ដូចជា​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ និងអេមីរ៉ា​តអារ៉ា​ប់រួម​ តែង​តែចាត់​ទុកវា​ថាជា​«កិច្ចការ​ផ្ទៃក្នុង​របស់​ចិន» ដែល​គាំទ្រ​ទស្សនៈ​របស់​ចិន​ដែរ។ អង្គការ​សិទ្ធិ​មនុស្ស​នានារិះ​គន់បណ្តា​ប្រទេស​ឈូង​សមុទ្រ​អារ៉ាប់​ទាំងនេះ​ដែល​ប្រើ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ពុំច្បាស់​លាស់​ និង​ពាក្យពេចន៍​ទូលំ​ទូលាយ​ ​ដើម្បី​បំបាត់​សំឡេង​សកម្មជន ​និង​ការ​ដាក់ទោស​ពីបទ​បំផ្លាញ​ស្ថិរភាព​និង​ឯកភាពជាតិ។

សហរដ្ឋ​អាមេរិក និង​ចិន ដែល​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក កំពុង​ប្រជែង​គ្នាយ៉ាង​ខ្លាំង​ដើម្បី​ដណ្តើម​ឥទ្ធិពល​លើ​តំបន់​មជ្ឈិម​បូព៌ា​ ដែល​សម្បូរ​ទៅ​ដោយប្រេង​ ឧស្ម័ន​ និង​ផល​ប្រយោជន៍​ខាង​យុទ្ធសាស្ត្រ​។

ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​ និង​សេដ្ឋកិច្ច​ ប្រទេស​ចិន​ក៏​បាន​សន្យា​គាំទ្រ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​ GCC ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ និង​វិបត្តិ​នានា​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ផង​ដែរ។ នេះ​បើ​តាម​ក្រុម​អ្នក​វិភាគ។

លោក​ Nicholas Heras អ្នក​វិភាគ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ Newlines បាន​ប្រាប់​វីអូអេ​ភាសាចិន​កុកងឺ​ថា៖ «ប្រទេស​ចិន​កំពុង​ដើរតាមមាគ៌ា​របស់​ខ្លួន​សន្សឹមៗ​ឆ្ពោះទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ក្នុងនាម​ជាប្រទេស​មហា​អំណាច​និងជា​តួអង្គ​យុទ្ធសាស្រ្ត​មួយ​»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហាក់ដូចជា​បាន​កែប្រែ​វិធីសាស្ត្រ​របស់​ខ្លួន​ក្នុង​តំបន់នេះ ហើយ​ថ្មីៗ​នេះកំពុង​តែបង្កើន​ប្រយោជន៍​របស់​ខ្លួនប​ន្ថែម​ទៀត។​ នេះ​បើតាម​លោក​ Michael Rubin អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃវិទ្យា​ស្ថាន American Enterprise ដែលមាន​ទីតាំង​នៅរដ្ឋ​ធានីវ៉ា​ស៊ីនតោន​។

លោក​ Rubin បាន​បន្តប្រាប់​វីអូអេ​ភាសា​ចិនកុកងឺ​ថា៖​ «អ្វី​ដែល​ប្លែក​គឺ​ថា​ តំបន់​ឈូង​សមុទ្រ​មិនដូច​តំបន់​ផ្សេង​ក្នុង​លោក​នេះឡើយ​។ បណ្តា​ប្រទេស​ទាំងនេះ​ស្វាគមន៍​ភាព​ជាដៃ​គូជា​មួយ​ចិន​ ប៉ុន្តែ​ប្រទេស​ទាំងនោះ​នឹងមិន​ស្វាគមន៍ឥទ្ធិពល​លើសលប់​របស់​ចិន​ឡើយ​»៕

ប្រែ​សម្រួល​ដោយ ​លោក កោះ​ សុគ​ន្ធី

XS
SM
MD
LG