រដ្ឋាភិបាលចិនទំនងជាបានសាងសង់ទីបញ្ជាការដ្ឋានយោធាធំៗមួយចំនួននៅលើកោះសិប្បិនិម្មិតដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
រូបថតពីលើអាកាសដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃពុធនៅក្នុងរបាយការណ៍មួយរបស់អង្គការតម្លាភាពដែនសមុទ្រអាស៊ីបង្ហាញពីកាំភ្លើងធំសម្រាប់បាញ់យន្តហោះមួយចំនួន និងរូបភាពដែលទំនងជាប្រព័ន្ធតូចៗសម្រាប់ចាប់គ្រាប់មីស៊ីលនៅក្នុងទីបញ្ជាការដ្ឋាននីមួយៗរបស់ចិននៅក្នុងប្រជុំកោះ Spratly។
អង្គការដែលបានតាមដានការសាងសង់ទីបញ្ជាការយោធានេះតាមរយៈប្រព័ន្ធផ្កាយរណបតាំងពីខែមិថុនាមកបានឲ្យដឹងថា ប្រទេសចិនបានសាងសង់ទីស្នាក់ការពីរដែលស្ទើរតែដូចគ្នាទាំងស្រុងសម្រាប់ដាក់បច្ចេកវិទ្យាការពារនៅលើកោះទាំង៤។
របាយការណ៍នោះបានឲ្យដឹងថា រចនាសម្ព័ន្ធការពារនោះទំនងជានឹងប្រើប្រាស់ជាប្រព័ន្ធការពារខ្សែចុងក្រោយដើម្បីប្រឆាំងនឹងការវាយប្រហារទៅលើទីបញ្ជាការដ្ឋានផ្លូវអាកាសដែលនឹងដាក់ឲ្យដំណើរការនៅលើកោះនីមួយៗ៕