ទោះជាមានការប្រឆាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះមហិច្ឆិតារបស់ចិនក្នុងការដឹកនាំពិភពលោកដើម្បីបង្កើតបច្ចេកវិទ្យាទំនើបថ្មីៗ ដូចជាបណ្តាញ 5G យ៉ាងណាក្តី ក៏រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងខែសីហាបានចាប់ផ្តើមនូវកិច្ចប្រឹងប្រែងជាសាកលមួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា blockchain ដែលជាបណ្តាញផ្ទុកទិន្នន័យមួយសម្រាប់ចែកចាយព័ត៌មាន ហើយអ្នកជំនាញនិយាយថា អាចនឹងធ្វើឱ្យផ្លាស់ប្តូរការធ្វើអាជីវកម្មនៅជុំវិញពិភពលោក។
កាលពីថ្ងៃទី១០ ខែសីហា ប្រទេសចិនបានចាប់ផ្តើមសម្ពោធបណ្តាញ blockchain របស់ខ្លួនសម្រាប់អន្តរជាតិ ដែលត្រូវបានគេហៅថា បណ្តាញសេវាកម្ម Blockchain ឬហៅកាត់ថា BSN។ បណ្តាញនេះជាមធ្យោបាយមួយសម្រាប់អ្នកសរសេរកម្មវិធីកុំព្យូទ័រដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យា blockchain តាមរយៈមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេសរបស់ BSN ដើម្បីអនុញ្ញាតឱ្យពួកគេអាចបង្កើតកម្មវិធីសម្រាប់អាជីវកម្ម និងទីក្រុងដើរដោយបច្ចេកវិទ្យាទំនើបឬហៅថា «ទីក្រុងឆ្លាតវៃ» (smart cities)។
ស្ថាប័នឈ្មោះ «សម្ព័ន្ធភាព BSN» បានប្រកាសនៅក្នុងសៀវភៅសកាលពីឆ្នាំមុនថា៖ «នៅពេលដែលបណ្តាញ BSN មានវត្តមាននៅជុំវិញពិភពលោក វានឹងក្លាយជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាកលតែមួយគត់ដែលបង្កើតឡើងដោយប្រទេសចិន ដែលការចេញចូលបណ្តាញនេះគឺត្រូវបានគ្រប់គ្រងដោយប្រទេសចិន»។
បច្ចេកវិទ្យា Blockchain គឺជាបណ្តាញទិន្នន័យពង្រាយនៅច្រើនកន្លែង ដែលមានការកត់ត្រាប្រកបដោយទំនុកចិត្ត ដែលធ្វើឱ្យរូបិយប័ណ្ណឌីជីថលដូចជា bitcoin និងផលិតផលប្រភេទថ្មីៗដូចជាអត្តសញ្ញាណឌីជីថល អាចនឹងដំណើរការបាន។ បច្ចេកវិទ្យានេះមានសក្តានុពលដើម្បីបង្កើតបណ្តាញឌីជីថលកាន់តែមានតម្លាភាព និងមានលក្ខណៈវិមជ្ឈការ។
លោក Bill Foster តំណាងរាស្ត្រអាមេរិកដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែករូបវិទ្យា និងជាមេដឹកនាំនៃក្រុមអ្នកតំណាងរាស្ត្រអាមេរិកាំងមួយក្រុមដែលសិក្សាលើបច្ចេកវិទ្យាទំនើបមួយនេះ។ លោកបានហៅបច្ចេកវិទ្យា blockchain នេះថាជា «បច្ចេកវិទ្យាដែលដ៏មានឥទ្ធិពល ហើយនឹងផ្លាស់ប្តូររបៀបយើងធ្វើអាជីវកម្មនៅក្នុងស្ទើរតែគ្រប់វិស័យ»។
បច្ចេកវិទ្យា Blockchain អាចបង្កើតការកត់ត្រាដែលកាន់តែមានតម្លាភាពជាមួយនឹងលេខកូដមានការអនុញ្ញាតដើម្បីបង្កើតបណ្តាញទិន្នន័យប្រកបដោយទំនុកចិត្ត។ ប៉ុន្តែប្រព័ន្ធ blockchain របស់ចិនគឺជាប្រព័ន្ធមានលក្ខណៈមជ្ឈការ ដែលគ្រប់គ្រងដោយសម្ព័ន្ធភាព BSN។ សម្ព័ន្ធភាពនេះគឺជាបណ្តុំនៃក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ដែលបង្កើតបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន និងរក្សាការគ្រប់គ្រងលើបណ្តាញទិន្នន័យទាំងនោះ។
ប្រទេសចិនសង្ឃឹមថា បណ្តាញគ្រប់គ្រងមួយនេះ ដែលខ្លួននិយាយថា នឹងផ្តល់ការធ្វើអន្តរកម្មរវាងកុំព្យូទ័រកាន់តែប្រសើរ និងមានតម្លៃទាបជាងបច្ចេកវិទ្យាប្រកួតប្រជែងផ្សេងទៀត នឹងក្លាយជាជម្រើសជាទីពេញចិត្តសម្រាប់អាជីវកម្ម និងរដ្ឋាភិបាលនានាដែលកំពុងសាកល្បងប្រើប្រាស់បច្ចេកវិទ្យានេះ។
ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន បណ្តាញ BSN បានក្លាយទៅជាប្រព័ន្ធអេកូឡូស៊ី blockchain ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលត្រូវបានគេរំពឹងថា នឹងដើរតួជាឆ្អឹងខ្នងសម្រាប់ការភ្ជាប់ទំនាក់ទំនងទៅវិញទៅមកដ៏មហិមាទាំងនៅក្នុងប្រទេស និងជុំវិញពិភពលោក។ បណ្តាញនេះមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងទីក្រុងជាង១០០រួចទៅហើយ និងស្ថិតនៅក្នុងទ្វីបចំនួន៦។ បណ្តាញនេះសង្ឃឹមថា នឹងដាក់ពង្រាយទៅកាន់ទីក្រុងរហូតដល់ជាង២០០បន្ថែមទៀតនៅត្រឹមឆ្នាំនេះ។
អាទិភាពថ្នាក់ជាតិរបស់ចិន
ដូចការពង្រីកអំណាចប្រទេសក្នុងកម្រិតអន្តរជាតិយ៉ាងពុះកញ្ជ្រោលទៅលើបច្ចេកវិទ្យាទំនើបថ្មីសំខាន់ៗផ្សេងទៀត ដូចជា 5G និងបញ្ញានិម្មិត AI ដែរ ប្រទេសចិនបានប្រកាសថាបណ្តាញ blockchain ជាបច្ចេកវិទ្យាមានអាទិភាពថ្នាក់ជាតិនៅក្នុងឆ្នាំ២០១៦។ បច្ចេកវិទ្យានេះត្រូវបានលើកឡើងពីរដងនៅក្នុងផែនការសេដ្ឋកិច្ចរយៈពេលប្រាំឆ្នាំលើកទី១៣របស់ក្រុមប្រឹក្សារដ្ឋចិន ដែលត្រូវបានចេញផ្សាយនៅក្នុងឆ្នាំនោះ។
លោក Kevin Werbach សាស្ត្រាចារ្យនៅសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania បានប្រាប់ VOA ថា៖ «ប្រទេសចិនគឺជារដ្ឋាភិបាលថ្នាក់ជាតិដ៏ធំមួយដែលមានភាពសកម្មបំផុតនៅក្នុងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យា blockchain។ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលចាត់ទុកបច្ចេកវិទ្យា blockchain ជាបច្ចេកវិទ្យាទំនើបថ្មីបែបយុទ្ធសាស្ត្រ រួមជាមួយនឹងបច្ចេកវិទ្យាផ្សេងៗទៀតដូចជា បញ្ញានិម្មិត និងបណ្តាញឥតខ្សែ 5G»។
នៅពេលនេះ ប្រទេសចិនមានគម្រោងប្រើប្រាស់បច្ចេកវិទ្យា blockchain ជាង៧០០គម្រោងដែលបានចុះឈ្មោះតាំងពីឆ្នាំមុនជាមួយនឹងរដ្ឋបាលអ៊ីនធឺណិតរបស់ប្រទេសចិន។
បច្ចេកវិទ្យា blockchain ដែលមានចរិតលក្ខណៈចិន
បណ្តាញ BSN ត្រូវបានបង្កើតឡើងកាលនៅដើមឆ្នាំ២០២០នេះ នៅពេលពិភពលោកកំពុងប្រឈមមុខដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមដ៏ស្មុគស្មាញដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩។ ជាផ្នែកនៃយុទ្ធសាស្ត្រមេរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីដឹកនាំការផ្លាស់ប្តូរផ្នែកឌីជីថលនៃសេដ្ឋកិច្ចពិភពលោក ផែនការគឺត្រូវបង្កើតបណ្តាញមួយដែលមានប្រសិទ្ធភាព និងតម្លៃទាប ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ស្ទើរផ្តាច់មុខនូវសេវាផ្ទុកទិន្នន័យកុំព្យូទ័រដោយប្រើប្រាស់បច្ចេកវិទ្យា blockchain។
លោក Werbach ដែលធ្លាប់បម្រើការជាអ្នកប្រឹក្សាយោបល់ឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លើកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាបាននិយាយថា៖ «ក្តីបារម្ភគឺថា ការផ្តោតអារម្មណ៍របស់អ្នកបង្កើតកម្មវិធីកុំព្យូទ័រ និងអ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅកាន់កម្មវិធីរបស់ចិន ហើយចិននឹងជំរុញឱ្យមានស្តង់ដារបច្ចេកទេសដើម្បីឆ្លុះបញ្ចាំងពីជំហរនៃគោលនយោបាយរបស់ខ្លួន»។
លោក Werbach បាននិយាយថា នេះជាមូលហេតុដែលវាជារឿងសំខាន់ចំពោះរដ្ឋាភិបាលចិន ដែលប្រព័ន្ធបច្ចេកវិទ្យា blockchain សាកលនេះមានភាពខុសគ្នាពីគំរូចំហដែលសង្កត់ធ្ងន់លើវិមជ្ឈការ។
លោក Werbach ដែលបានសរសេររបាយការណ៍យ៉ាងច្រើនអំពីបច្ចេកវិទ្យាទំនើបថ្មីៗ ដូចជាblockchain បានអះអាងថា ផលប៉ះពាល់ខាងភូមិសាស្ត្រនយោបាយនៃបច្ចេកវិទ្យានេះគឺអាស្រ័យលើថាតើអ្នកណាជាអ្នកបង្កើត និងអនុវត្តបច្ចេកវិទ្យានោះ។ លោក Werbach បានសរសេរនៅក្នុងអ៊ីមែលមកកាន់ VOA ថា៖ «ប្រទេសចិនផ្តោតអារម្មណ៍ជាងលើបច្ចេកវិទ្យា blockchains ដែលមានការអនុញ្ញាតសម្រាប់ការប្រើប្រាស់សម្រាប់សហគ្រាស និងនៅលើកម្មវិធីចិន ដែលមានលទ្ធភាពក្នុងការត្រួតពិនិត្យ និងគោរពតាមការទាមទាររបស់រដ្ឋាភិបាលចិន»។
សៀវភៅសថ្មីមួយដែលនិពន្ធរួមគ្នាដោយក្រុមហ៊ុនអាមេរិក Amazon Web Services ក្រុមហ៊ុន IBM ក្រុមហ៊ុន Deloitte និងអ្នកស្រាវជ្រាវផ្សេងទៀតបានអះអាងនៅក្នុងខែឧសភាថា យោធាអាមេរិកកំពុងចាញ់ប្រទេសចិន និងរុស្ស៊ី នៅក្នុងការប្រកួតប្រជែងខាងបច្ចេកវិទ្យា blockchain។
លោក Werbach បាននិយាយថា ប្រសិនបើអ្នកតាក់តែងគោលនយោបាយ និងក្រុមហ៊ុនអាមេរិកាំងមិនប្រកួតប្រជែងសម្រាប់អាជីវកម្មបច្ចេកវិទ្យា blockchain នោះទេ «បច្ចេកវិទ្យា blockchain ដែលមានចរិតលក្ខណៈចិននឹងកាន់តែមានភាពពេញនិយម»។
ផ្ទុយទៅវិញ អ្នកវិភាគមួយចំនួននៅតែមិនជឿថា ប្រទេសចិននឹងដឹកនាំពិភពលោកលើផ្នែកបច្ចេកវិទ្យានោះទេ។ លោក Larry Wortzel សមាជិកនៃគណៈកម្មការពិនិត្យមើលសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិននៃសភាជាតិសហរដ្ឋអាមេរិកបានសរសេរនៅក្នុងអ៊ីមែលមកកាន់ VOA ថា ក្រុមហ៊ុន IBM និងក្រុមហ៊ុនអាមេរិកាំងផ្សេងទៀតមានបច្ចេកវិទ្យានេះ និងប្រើប្រាស់វារួចហើយ។ លោកបណ្ឌិត Wortzel បាននិយាយថា៖ «ខ្ញុំមិនជឿថា សហរដ្ឋអាមេរិកកំពុងចាញ់ក្នុងការប្រកួតប្រជែងលើបច្ចេកវិទ្យា Blockchain នោះទេ»។
នៅក្នុងបញ្ជី «ក្រុមហ៊ុន blockchain កំពូលចំនួន៥០» ដែលចងក្រងដោយទស្សនាវដ្តី Forbes កាលពីឆ្នាំមុន ក្រុមហ៊ុន Amazon របស់អាមេរិកជាប់ចំណាត់ថ្នាក់លេខ១ ហើយក្រុមហ៊ុន Ant Financial ដែលជាផ្នែកនៃមហាក្រុមហ៊ុន Alibaba របស់ចិនជាប់លេខ២។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥ ក្រុមហ៊ុន២ជាក្រុមហ៊ុនអាមេរិកាំង ២ជាក្រុមហ៊ុនចិន និង១ជាក្រុមហ៊ុនរបស់អង់គ្លេស។
លោក Martin Chorzempa អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិបានប្រាប់ VOA ថា ប្រាក់ភាគច្រើនដែលចិនកំពុងចំណាយនៅក្នុងពិភពលោកនឹងត្រូវខ្ជះខ្ជាយ។ លោកបាននិយាយថា៖ «ដូចយើងបានឃើញពីការប្រឆាំងជាសាកលនាពេលថ្មីៗទៅលើក្រុមហ៊ុន Huawei ជាពិសេសនៅអូស្ត្រាលី និងអឺរ៉ុបនោះ ខ្ញុំមិនយល់ថា វាអាចទៅរួចនោះទេ ដែលថាពិភពលោកនឹងពឹងផ្អែកលើបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ blockchain របស់ចិននោះ»៕