ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បាននាំឲ្យបច្ចេកវិទ្យាបញ្ញានិម្មិត AI កាន់តែទទួលចំណាប់អារម្មណ៍ ខណៈប្រទេសនានាជុំវិញពិភពលោកព្យាយាមប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់វិភាគទិន្នន័យទំហំធំដើម្បីរកមើលគន្លឹះសម្រាប់ទស្សន៍ទាយការផ្ទុះរាតត្បាតនៃជំងឺឆ្លង និងពិចារណាប្រើប្រាស់អ្នករត់តុជាមនុស្សយន្តដែលអាចកាត់បន្ថយការទាក់ទងគ្នារវាងមនុស្ស។
នៅក្នុងប្រទេសវៀតណាម ដែលបានរាយការណ៍ពីចំនួនអ្នកឆ្លងនិងស្លាប់តិចតួចពីកូវីដ១៩ លទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាបែបនេះកំពុងត្រូវបានគេសាកល្បងនៅឡើយ។ ការប្រើប្រាស់ទាំងនេះអាចរួមមានរូបយន្ត chatbot ដែលអាចឆ្លើយសំណួរដោយស្វ័យប្រវត្តិ បច្ចេកវិទ្យាកំណត់ចំណាំមុខ បច្ចេកវិទ្យាទស្សន៍ទាយទីតាំងភូមិសាស្ត្រ និងកម្មវិធីកុំព្យូទ័រដើម្បីទប់ទល់នឹងពាក្យចចាមរ៉ាមខុសអំពីជំងឺរាតត្បាតនេះ។
ជាឧទាហរណ៍ ក្រុមហ៊ុន FPT Corp. ដែលជាក្រុមហ៊ុនទូរគមនាគមន៍និងកម្មវិធីកុំព្យូទ័រធំជាងគេនៅវៀតណាម បានបង្កើតកម្មវិធីតាមអ៊ីនធឺណិតមួយដែលប្រើស្វ័យប្រវត្តិកម្មដើម្បីវាយតម្លៃអំពីហានិភ័យនៃជំងឺកូវីដ១៩។ កម្មវីធីដំណើរការយ៉ាងដូច្នេះ៖ ពលរដ្ឋវៀតណាមត្រូវចូលទៅគេហទំព័រ Corona Check រួចបញ្ចូលទិន្នន័យអំពីកន្លែងដែលពួកគេបានធ្វើដំណើរទៅនៅពេលថ្មីៗនេះ។ បន្ទាប់មកកម្មវិធីនេះនឹងផ្ទៀងផ្ទាត់ទិន្នន័យអ្នកបញ្ចូលជាមួយទិន្នន័យទីតាំង ពេលវេលា និងបរិមាណ នៃករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសវៀតណាម ដើម្បីគណនា កម្រិតលទ្ធភាពដែលពលរដ្ឋណាម្នាក់អាចបានជួបអ្នកដែលមានផ្ទុកកូវីដ១៩។
លោក Tran Hoang Giang អនុប្រធានផ្នែកកម្មវិធីកុំព្យ័ទ័រនៃក្រុមហ៊ុន FPT ថ្លែងថា៖ «ប្រព័ន្ធបច្ចេកវិទ្យាបញ្ញានិម្មិត AI បន្តធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់វាដើម្បីធ្វើឲ្យកម្មវិធីនេះកាន់តែប្រសើរឡើង។ ពេលនេះកម្មវិធីនេះអាចទស្សន៍ទាយពីលទ្ធភាពឆ្លងកូវីដ១៩ បានសុក្រឹត្យប្រមាណ៩០%។ កម្មវិធីនេះនឹងកាន់តែសុក្រឹត្យទៀតនៅពេលដែលមនុស្សកាន់តែច្រើនបញ្ចូលទិន្នន័យវាយតម្លៃផ្ទាល់ខ្លួនក្នុងគេហទំព័រនេះ»។
ដំណើរការវិភាគទិន្នន័យត្រូវសម្រួលមួយផ្នែកដោយសារវៀតណាម ដែលមានអ្នកឆ្លងកូវីដ១៩ចំនួន ១.០៣៨នាក់ត្រឹមថ្ងៃទី២៨ ខែសីហា (https://coronavirus.jhu.edu/map.html) ក្នុងឆ្នាំនេះបានបោះពុម្ពផ្សាយទិន្នន័យយ៉ាងលម្អិតនិងអនាមិកអំពីការធ្វើដំណើររបស់អ្នកជំងឺកូវីដ ដើម្បីឲ្យអ្នកដទៃអាចពិនិត្យថាពួកគេបានទៅកាន់កន្លែងដូចគ្នាក្នុងពេលដូចគ្នានឹងអ្នកឆ្លងកូវីដ១៩នោះទេ។ ជាឧទាហរណ៍ ទិន្នន័យមួយនោះបង្ហាញថាតើអ្នកជំងឺកូវីដ១៩ម្នាក់បានទៅផ្សារទំនើប ហាងកាហ្វេ និងផ្សារធម្មតាប៉ុន្មានដង។
ប្រព័ន្ធជូនដំណឹងជាមុន
បើតាមលោក Truong Gia Binh ប្រធានក្រុមហ៊ុន FPT ឲ្យដឹងថា ការងារខាងបច្ចេកវិទ្យាម៉ាស៊ីនចេះរៀន (machine learning) បញ្ចូលសារល្អមួយដល់យើង ដោយលោកពន្យល់ថា៖ «មិនថាតែសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យានៅក្នុងប្រទេសអភិវឌ្ឍន៍នោះទេ សូម្បីតែសម្រាប់យុវជនវៀតណាមដែលវៃឆ្លាតក៏មានឱកាសដើម្បីផ្លាស់ប្តូរចំណេះដឹងនិងការស្រាវជ្រាវអំពីបច្ចេកវិទ្យាបញ្ញានិម្មិត AI នេះដែរ»។
ប្រទេសវៀតណាមក៏បានចូលរួមក្នុងកម្មវិធីយុទ្ធសាស្ត្រសាកលខាងបច្ចេកវិទ្យា AI ដ៏ពេញនិយមមួយដើម្បីវិភាគទិន្នន័យនិងទស្សន៍ទាយទីតាំងដែលនឹងអាចមានការឆ្លងកូវីដ១៩ជាសហគមន៍នៅពេលខាងមុខ។ ទិន្នន័យទាំងនេះអាចមានចំនួនតិច ហើយមើលទៅដូចជាមិនទាក់ទងដោយផ្ទាល់ទេ តួយ៉ាងដូចទិន្នន័យទាក់ទងនឹងអាកាសធាតុ ភាពណែនណាន់តាន់តាប់ក្នុងផ្សារទំនើប ឬព័ត៌មានដែលគេនិយមស្វែងរកតាមគេហទំព័រ Google ជាដើម។ ប៉ុន្តែទិន្នន័យរួមផ្សំទាំងនេះ ប្រសិនបើគេប្រើប្រាស់ត្រឹមត្រូវ អាចចង្អុលបង្ហាញពីការផ្ទុះរាតត្បាតនៃជំងឺ និងអាចដើរតួជាប្រព័ន្ធជូនដំណឹងជាមុន ដែលអាចរកឃើញហានិភ័យមុនមនុស្សរកឃើញម៉្លេះ។
បន្ថែមពីលើគំរូព្យាករណ៍ដែលវាយតម្លៃអំពីកម្រិតគំរាមកំហែងនៃជំងឺនេះ វៀតណាមក៏មានផែនទីជំងឺកូវីដ១៩ ដែលភ្ជាប់ទៅនឹងអត្ថបទព័ត៌មាន ហើយដែលត្រូវគេបញ្ចូលព័ត៌មានថ្មីដោយស្វ័យប្រវត្តិដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានចាត់វិធានការខ្លាំងប្រឆាំងនឹងពាក្យចចាមរ៉ាមទាក់ទងនឹងជំងឺរាតត្បាតនេះ។ ពាក្យចចាមរ៉ាមអំពីកូវីដអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយនៅប្រទេសខ្លះពាក្យចចាមរ៉ាមទាំងនេះបាននាំឲ្យពលរដ្ឋខ្លះផលិតថ្នាំព្យាបាលនៅផ្ទះដោយខ្លួនឯងដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រ។
ការព្យាបាលពីចម្ងាយ
ក្រៅពីបច្ចេកវិទ្យាម៉ាស៊ីនចេះរៀន ជំងឺកូវីដ១៩ក៏បានជំរុញឲ្យមានចំណាប់អារម្មណ៍ខាងបច្ចេកវិទ្យាមួយទៀតគឺ ការព្យាបាលពីចម្ងាយ ឬ telemedicine។ ជាឧទាហរណ៍ក្រុមហ៊ុន Doctor Anywhere ឬប្រែថា «គ្រូពេទ្យគ្រប់ទីកន្លែង» នៅពេលនេះមានបុគ្គលិកជាគ្រូពេទ្យដែលពិនិត្យនិងពិគ្រោជាមួយអ្នកជំងឺវៀតណាមដើម្បីរករោគសញ្ញាតាមរយៈបច្ចេកវិទ្យាពិគ្រោះតាមវីដេអូ។ បច្ចេកវិទ្យានេះក៏ត្រូវបានគេប្រើនៅក្នុងប្រទេសថៃនិងសិង្ហបុរីផងដែរ។
ទាំងអស់នេះជាផ្នែកមួយនៃ«ឧស្សាហកម្ម៤.០» ដែលជាពាក្យគេប្រើសំដៅទៅលើភាពជឿនលឿនខាងបច្ចេកវិទ្យាដែលត្រូវរំពឹងថានឹងជួយសេដ្ឋកិច្ចនានាឲ្យវិវត្តទៅដំណាក់កាលថ្មីមួយទៀតនៃការអភិវឌ្ឍ។ ប្រទេសវៀតណាមរំពឹងថាបច្ចេកវិទ្យាទំនើបទាំងនេះនឹងជួយឲ្យវៀតណាមឆាប់រើបខ្លួនពីវិបត្តិជំងឺរាតត្បាតនេះដែរ។
លោក Chu Ngoc Anh រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមថ្លែងថា៖ «បច្ចេកវិទ្យាបញ្ញានិម្មិត AI ត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាស្នូលសម្រាប់ឧស្សាហកម្ម៤.០ ដែលមានផលប៉ះពាល់សម្រាប់ការព្យាបាលក្រោយវិបត្តិកូវីដ១៩។»
រដ្ឋាភិបាលវៀតណាមកំពុងសហការជាមួយរដ្ឋាភិបាលអូស្ត្រាលី ដែលកាលពីដើមខែសីហា បានផ្តល់អំណោយប្រមាណ៦៥០.០០០ដុល្លារអូស្ត្រាលីដើម្បីរកវិធីថ្មីៗដើម្បីប្រើប្រាស់បច្ចេកវិទ្យា AI ខណៈដែលវៀតណាមរើបឡើងវិញពីវិបត្តិកូវីដ១៩។
ថវិកាជំនួយនេះនឹងជួយទ្រទ្រង់កម្មវិធីនានាដូចជាការប្រកួតដែលក្នុងនោះអ្នកបង្កើតកម្មវិធីកុំព្យូទ័រអាចបញ្ចេញគំនិតអំពីការយកបច្ចេកវិទ្យាម៉ាស៊ីនចេះរៀនទៅប្រើប្រាស់ជាក់ស្តែង។
លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមថ្លែងថា៖ «ខណៈដែលសាកលលោកប្រឈមនឹងជំងឺរាតត្បាត គំនិតច្នៃប្រឌិតកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់»។
លោកស្រីបន្ថែមថា៖ «កម្មវិធីផ្តួចផ្តើមអំពីបច្ចេកវិទ្យា AI នេះ ជាឧទាហរណ៍ល្អមួយអំពីរបៀបដែលបច្ចេកវិទ្យាថ្មីអាចត្រូវបានគេយកមកកែច្នៃបានឆាប់រហ័សដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការថ្មីៗរបស់វៀតណាម»៕
ប្រែសម្រួលដោយ សឹង សុផាត