ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​ប្រទេស​អូស្ត្រាលី​ជិត​កើត​មាន​ដោយ​សារ​ការ​ស៊ើប​អង្កេត​អំពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩


សត្វ​គោ​កក​ពី​អូស្ត្រាលី សហរដ្ឋអាមេរិក និង​កាណាដា​ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​នៅ​ផ្សារ​ទំនើប​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។
សត្វ​គោ​កក​ពី​អូស្ត្រាលី សហរដ្ឋអាមេរិក និង​កាណាដា​ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​នៅ​ផ្សារ​ទំនើប​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

សេចក្តី​សម្រេច​ជា​បន្ទាន់​នៃ​ប្រទេស​ចិន​ក្នុង​ការ​ហាមប្រាម​មិន​ឱ្យ​ទិញ​សាច់​សត្វ​ពី​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ធំៗ​បួន​នៅ​ប្រទេស​អូស្ត្រាលី​បាន​ត្រូវ​គេយល់​ឃើញ​ ថា​ ជា​ការ​សង​សឹក​ចំពោះ​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ឱ្យមាន​ការ​ស៊ើប​អង្កេត​ជា​សាកល​នៃ​ប្រភព​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

គេ​បាន​គិត​ថា​ ជំងឺ​នេះ​បាន​ចាប់​ផ្តើម​ពី​ផ្សារ​លក់​សត្វ​មួយ​នៅ​ក្នុង​ក្រុង​Wuhan នៃ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន។​

ប្រទេស​ចិន​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​កំណត់​ពន្ធគយ​៨០ភាគរយ​លើ​ការ​ដឹក​ជញ្ជូន​ធញ្ញា​ជាតិ​ barley ​របស់​អូស្ត្រាលី​ទៅ​លក់​ក្នុង​ប្រទេស​ចិន។​ អាជ្ញាធរ​ចិន​ក៏​បាន​ហាម​ប្រាម​ការ​ទិញ​សាច់​ក្រហម​ពី​ក្រុមហ៊ុន​របស់​អូស្ត្រាលី​ចំនួន​បួន​ដែល​មាន​ជាង​មួយ​ភាគ​បី​នៃ​ការ​ដឹក​ជញ្ជូន​សាច់​សត្វ​របស់​អូស្ត្រាលី​ទៅ​លក់​ក្នុង​ប្រទេស​ចិន។​

អ្នក​នយោបាយ​ខាង​គណបក្ស​ប្រឆាំង​ និង​គ្រូ​បង្រៀន​ក្នុង​សាកលវិទ្យាល័យ​មាន​ជំនឿ​ថា​ ចំណាត់ការ​នេះ​របស់​ប្រទេស​ចិន​ជា​ការ​សង​សឹក​ចំពោះ​ការ​អំពាវនាវ​របស់​អូស្ត្រាលី​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​អន្តរជាតិ​អំពី​វិបត្តិ​ជំងឺ​កូវីដ១៩។​ កាលពី​ខែ​មេសា​ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អូស្ត្រាលី​បាន​គំរាម​ថា​ នឹង​មាន​ប្រតិកម្ម​អវិជ្ជមាន​ពី​អ្នក​ប្រើប្រាស់​ទំនិញ​ពី​ប្រទេស​អូស្ត្រាលី​ទៅ​លក់​ក្នុង​ប្រទេស​ចិន​ពីព្រោះ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​បាន​ប៉ុនប៉ង​ប្រមូល​ការ​គាំទ្រ​ជា​សាកល​ដល់​ការ​ស៊ើប​អង្កេត​អំពី​ប្រភព​នៃ​វីរុស​កូរ៉ូណា​នេះ។​

ក៏​ប៉ុន្តែ​នៅ​ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែ​ឧសភា​នេះ​អាជ្ញាធរ​នៅ​ក្នុង​ក្រុង​ប៉េកាំង​បាន​និយាយ​អះអាង​ថា ​ក្រុម​ហ៊ុន​ដែល​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ទៅ​លក់​ក្នុង​ប្រទេស​ចិន​បាន​រំលោភ​លើ​បទ​បញ្ញត្តិ​ស្តីពី​ការ​ដាក់​ទំនិញ​ទាំង​នេះ​ឱ្យ​នៅ​ដាច់​ពី​ទំនិញ​ឯ​ទៀតៗ​នៅ​មុន​យក​ទៅ​លក់​បន្ត​ហើយ​ក៏​មាន​បញ្ហា​ឯ​ទៀតៗ​ខាង​សុខភាព​និង​ការ​ដាក់​ស្លាក​ទំនិញ​ផង​ដែរ។​

លោក ​Simon Birmingham ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​ក៏​មាន​ជំនឿ​ដែរ​ថា​ ការ​ផ្អាក​ការ​ដឹក​ជញ្ជូន​សាច់​សត្វ​ទៅ​លក់​ក្នុង​ប្រទេស​ចិន​គ្មាន​ការ​ទាក់ទង​ជា​មួយ​ការ​ស៊ើប​អង្កេត​អំពី​ជំងឺ​កូវីដ១៩​ទេ។​ លោក​រដ្ឋមន្ត្រី ​Birmingham​ បាន​និយាយ​ថា៖ «ពួក​មន្ត្រី​ចិន​បាន​និយាយ​ទទូច​ដាច់​ណាត់​ជា​សាធារណៈ​ និង​ជា​ផ្លូវ​ឯកជន​ថា​ បញ្ហា​ទាំង​នេះ​មិន​ទាក់​ទិន​គ្នា​ទេ។​ ដូច្នេះ​ដើម្បី​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​ក្រុម​កសិករ​ និង​ក្រុម​អ្នក​ដឹក​ជញ្ជូន​ទំនិញ​យើង​ទៅ​លក់​ក្នុង​ប្រទេស​ចិន ​យើង​គួរ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​តាម​បែបបទ​ត្រឹមត្រូវ​ហើយ​បើ​តាម​បរិបទ​គោល​នយោបាយ​របស់​យើង​វិញ​ បញ្ហា​ទាំង​នេះ​គ្មាន​ការទាក់​ទិន​គ្នា​ឡើយ។​ ច្បាស់​ណាស់​ថា​ ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​ជំងឺ​កូវីដ​១៩​គ្មាន​ការ​ទាក់​ទង​ទាល់​តែ​សោះ​ជាមួយ​ការដឹក​ជញ្ជូន​សាច់​គោ​ ឬ​ធញ្ញជាតិ barley ​របស់​អូស្ត្រាលី​ទៅ​លក់​ក្នុង​ប្រទេស​ចិន»។

ខណៈ​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​ជំងឺ​កូវីដ១៩ ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ជំនឿ​ថា​ រដ្ឋាភិបាល​បាន​ចាត់​ចែង​កិច្ចការ​មិន​ល្អ​អំពី​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ចិន​ដែល​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​បំផុត​របស់​ខ្លួន។​ អារម្មណ៍​មួយ​បាន​លេច​ឡើង​ថា​ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​គួរ​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ដោយ​ស្ងាត់ៗ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​សាកល​ជា​ជាង​ប្រឆាំង​នឹង​ចិន​ដោយ​ធ្វើ​សេចក្តី​ប្រកាស​ជា​សាធារណៈ។​

វិស័យ​នាំ​ចេញ​ធំៗ​បី​របស់​ប្រទេស​អូស្ត្រាលី​គឺ​រ៉ែ​ ទេសចរណ៍​និង​ការ​សិក្សា​អប់រំ​បាន​ត្រូវ​គ្រប​ដណ្តប់​ដោយ​ប្រទេស​ចិន។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​ប្រទេស​អូស្ត្រាលី​ដែល​បាន​ហាម​ប្រាម​មិន​ឱ្យ​មាន​ជើង​ហោះ​របស់​យន្តហោះ​ពី​ប្រទេស​ចិន​ដី​គោកចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​ខ្លាំង​ឡើងៗ​នៃ​វីរុស​កូរ៉ូណា។​ ទំនាក់​ទំនង​រវាង​ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​ចិន​មាន​ការ​រអាក់​រអួល​តាំងពី​មុន​ពេល​នេះ​ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​អំពី​ការ​ជ្រៀត​ជ្រែក​របស់​ចិន​ក្នុង​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​អូស្ត្រាលី​និង​ការ​អះអាង​ថា ​ ចិន​ធ្វើ​ចារកម្ម​ និង​លួច​ចូល​បណ្តាញ​អ៊ីនធឺណិត​ផង​ដែរ។​

មាន​ការ​ព្រួយ​បារម្ភ​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​បណ្តាល​មកពី​ការ​ស៊ើប​អង្កេត​អំពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩​អាច​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​វិស័យ​កសិកម្ម​អូស្ត្រាលី​នៅ​ពេល​ដែល​ផ្នែក​នានា​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​បាន​រលំ​ដោយ​សារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​នេះ៕

ប្រែសម្រួល​ដោយ​ឈឹម សុមេធ

XS
SM
MD
LG