លោកវេជ្ជបណ្ឌិត Gauden Galea តំណាងរបស់អង្គសុខភាពពិភពលោកនៅក្នុងទីក្រុងប៉េកាំង បាននិយាយថា លោករំពឹងថា ចិន នឹងពិភាក្សាលម្អិតជាមួយអង្គការសុខភាពពិភពលោកក្នុង«ពេលអនាគតឆាប់ៗនេះ»។
វេជ្ជបណ្ឌិត Galea បាននិយាយថា៖ «យើងដឹងថា ការស៊ើបអង្កេតជាតិ កំពុងកើតមានឡើង ក៏ប៉ុន្តែ នៅដំណាក់កាលនេះ យើងមិនបានត្រូវគេអញ្ជើញឲ្យចូលរួមទេ។ យើង រំពឹងថា នឹងបានចូលរួមការស៊ើបអង្កេតនេះនៅពេលខាងមុខ»។
ជំងឺកូវីដ១៩ ដែលមានប្រភពពីទីក្រុងវូហាននៃប្រទេសចិន បានផ្តាច់ជីវិតមនុស្សជាង២សែន៣ម៉ឺននាក់នៅទូទាំងពិភពលោក។ នេះបើតាមទិន្ន័យដែលបានប្រមូលចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក ហើយការឆ្លងមេរោគនោះទូទាំងសាកលលោក បានឡើងដល់៣លាន២សែនករណី។
រដ្ឋាភិបាលក្រុងប៉េកាំង បានរងការរិះគន់ចំពោះការខ្វះតម្លាភាពនៅក្នុងការចាត់វិធានការនៃការរាលដាលនៃមេរោគកូរ៉ូណា ដោយសហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតថាតើវីរុសនោះ អាចចេញមកពីមន្ទីរពិសោធន៍ជីវៈសាស្រ្តវូហាន ដែរឬទេ។
ការឆ្លងសរុបផ្លូវការណ៍នៅក្នុងទីក្រុងវូហាន បានត្រូវចោទជាសំណួរចាប់តាំងពីដំបូងមក ដោយរដ្ឋាភិបាលចិនបានផ្លាស់ប្តូររបៀបនៃការរាប់ករណីឆ្លងនៅពេលដែលការផ្ទុះឡើងនៃមេរោគនោះឡើងខ្លាំង។
ក្នុងខណៈនោះដែរ ចិនបានច្រានចោលលទ្ធភាពដែលថា ការរាលដាលនៃមេរោគកូរ៉ូណាមានប្រភពចេញពីមន្ទីរពិសោធន៍នោះ ហើយវាមិនមែនជាការឆ្លងពីសត្វទៅមនុស្សនៅក្នុងក្រុងវូហាន ដូចដែលត្រូវបានគេជឿជាទូទៅនោះទេ។
ថ្វីបើប្រភពនៃជំងឺកូវីដ១៩ មិនត្រូវបានគេកំណត់នៅឡើយក៏ដោយ ពួកអ្នកវិទ្យាសាស្រ្តខ្លះសង្ស័យថា វីរុសនោះ បានឆ្លងពីសត្វទៅមនុស្សនៅឯផ្សារមួយកន្លែងក្នុងទីក្រុងវូហាន នៃប្រទេសចិន៕