ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្រ្តាលី​បន្ត​ស៊ើបអង្កេត​មេរោគកូរ៉ូណា​នៅមហា​សន្និបាត​សុខភាព​ពិភពលោក


ឆ្នេរសមុទ្រ Bondi Beach​ បន្តបិទ​ដើម្បី​ការពារ​ការរាតត្បាតជំងឺកូវីដ​១៩។
ឆ្នេរសមុទ្រ Bondi Beach​ បន្តបិទ​ដើម្បី​ការពារ​ការរាតត្បាតជំងឺកូវីដ​១៩។

ប្រទេស​អូស្រ្តាលី ​នឹងជំរុញ​ឲ្យមាន​ការស៊ើប​អង្កេត​អន្តរជាតិ​ក្នុងការរាល​ដាល​ជាសាកល​នូវមេរោគ​កូរ៉ូណា​នៅ​ឯជំនួប​ប្រចាំឆ្នាំ​របស់​មហា​សន្និបាត​សុខភាព​ពិភពលោក​នៅខែ​ក្រោយ។ នេះតាម​ការបញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលីកាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

អូស្រ្តាលីចង់ឲ្យមាន​ការពង្រឹង​អង្គការ​សុខភាព​ពិភពលោក (WHO) និងស្នើ​ឲ្យដាក់​បញ្ចូល​ពួក​អធិការ​កិច្ច​ដែល​មាន​អំណាច​ចូល​ក្នុង​ប្រទេស​ដើម្បី​ឆ្លើយ​តប​ឲ្យ បាន​ឆាប់​រហ័ស​ដល់​វិបត្តិ​សុខភាព​ក្នុងរបៀប​ពួកអ្នក​ត្រួតត្រា​អាវុធ​ដែរ។

អូស្រ្តាលី​មានដំណែង​នៅក្នុង​ក្រុមប្រឹក្សា​ប្រតិបត្តិរ​បស់មហាសន្និបាត​នោះ ដែល​កំណត់​គោល​នយោបាយ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) និង​តែង តាំង​អគ្គនាយក​របស់​អង្គការ​នោះ។ មហា​សន្និបាត​នោះ មានកំ​ណត់​ពេលជួប​គ្នានៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ខាងមុខ​នេះ។

តាម​សេចក្តីរាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​ប្រាប់​ឲ្យដឹង​ថា មេរោគ​កូរ៉ូណា​ ត្រូវបាន​គេជឿ​ថា បាន​លេច​ចេញ​មកនៅ​ក្នុងផ្សារ​លក់សត្វព្រៃ​មួយកន្លែង​នៅក្នុង​ទីក្រុង​វូហាន ភាគ​កណ្តាល​ប្រទេស​ចិន​កាល​ពីចុង​ឆ្នាំ​ទៅ។ មេរោគ​កូរ៉ូណា​នោះ បានរាល​ដាល​នៅជុំវិញ​ពិភពលោក​ដោយបាន​ឆ្លងមនុស្ស​ជាង២លាន​៦សែននាក់​និងបាន​សម្លាប់​មនុស្ស​ជាង១​៨៣,០០០នាក់។

ការឆ្លើយ​តបរបស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដល់​ការផ្ទុះ​ឡើង​នូវមេរោគ​កូរ៉ូណា​នេះ បាន​ក្លាយ​ជាការ​ឈ្លោះ​ប្រកែកគ្នា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ​ដោយ​ចោទ​ប្រកាន់អ​ង្គការនេះ​ពីការលម្អៀង​ទៅប្រ ទេស​ចិនហើយ​បាន​ផ្អាកការ​ផ្តល់ថវិកា​របស់​សហរដ្ឋអាមេរិក​ទៅ​ឲ្យអង្គការ​នេះ។

អ្នក​ការទូត​ជឿថា​ជំនួប​នៅខែ​ឧសភា បើកទ្វារ​ឲ្យមាន​ការពិភាក្សា​ការ​អំពាវនាវ​របស់​អូស្រ្តាលី​ចំពោះ​ការស៊ើប​អង្កេត​នេះ ពីព្រោះ​តែ​របៀបវារៈ​របស់​មហា​សន្និបាត​នោះ​មាន​រួចទៅ​ហើយ រួមបញ្ចូល​ការអំពាវនាវ​ឲ្យពិនិត្យ​មើល​ឡើងវិញ​នូវគ្រា​អាសន្ន​ខាង​សុខភាព ហើយ​នឹងជំរុញ​ឲ្យសមាជិក​របស់​អង្គការ​នោះ​អនុវត្តន៍​បទបញ្ជា​ដែលបាន​ស្នើ​នោះ​បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវជំងឺ ​SARS នៅ​ក្នុងប្រ​ទេសចិន៕

XS
SM
MD
LG