ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថ្លែង​បើក​សន្និសីទ COP26 ដោយ​មាន​ការប្តេជ្ញា​ថ្មី​របស់​អាមេរិក​អំពី​អាកាសធាតុ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ក្នុង​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ ​ឬ​ COP26) នៅ​ទីក្រុង Glasgow កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ក្នុង​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ ​ឬ​ COP26) នៅ​ទីក្រុង Glasgow កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ កាល​ពីថ្ងៃ​ចន្ទ​ បាន​សន្យា​គោលដៅ​ជាច្រើន​របស់​អាមេរិកដើម្បី​ទប់ស្កាត់​ការ​ឡើង​កំដៅ​ផែនដី ​ខណៈ​មេដឹកនាំ​មកពី​ប្រទេស​ជាង ​១០០ ​បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​ Glasgow ​សម្រាប់​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ ​ឬ​ COP26។​

លោក​ Biden​ បា​ននិយាយ​ថា «សហរដ្ឋ​អាមេរិក​ នឹង​អាច​សម្រេច​គោលដៅ​ដ៏​មហិច្ឆតា​ដែល​ខ្ញុំបាន​កំណត់​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​កាលពី​ខែ​មេសា​ គឺសហរដ្ឋ​អាមេរិក​ នឹង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ធ្វើ​ឱ្យ​ផែនដី​ឡើង​កំដៅ​ពី ៥០ ទៅ ៥២% ​ក្រោម​កម្រិត​ឆ្នាំ​២០០៥​ នៅ​ឆ្នាំ​២០៣០។​ យើង​នឹង​បង្ហាញពិភពលោក​ថា ​សហ​រដ្ឋ​អាមេរិក​មិន​ត្រឹមតែ​ត្រឡប់​មក​ចូលរួម​វិញ​ទេ ប៉ុន្តែ​មក​ដោយ​សង្ឃឹម​ថា​ នឹង​ដឹកនាំ​ដោយធ្វើ​ជា​គំរូ។ ​ ខ្ញុំ​ដឹង​ថា​ ពីមុនមិន​មែន​អ៊ីចឹង​ទេ ​ហើយ​វា​ជា​មូលហេតុ​ដែល​រដ្ឋបាល​របស់​ខ្ញុំ​កំពុង​ធ្វើ​ការ​បន្ថែម​ដើម្បី​បង្ហាញ​ថា​ ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចេញ​ជា​សកម្មភាព​ មិនមែន​គ្រាន់តែ​និយាយ​ទេ»។​

គោលដៅ​ថ្មីទាំង​នោះ​រួមមានការ​ប្តេជ្ញាចិត្ត​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​អំពី​អាកាសធាតុ​ដែល​បង្កើត​ឡើង​ក្នុង​កិច្ច​ព្រមព្រៀង​សកល​មុនៗ ដូច​ជា​ផែនការ​បន្ទាន់​របស់​ប្រធានាធិបតី​ទឹកប្រាក់​ចំនួន ៣ ពាន់​ លាន​ដុល្លារ​សម្រាប់​ការ​សម្របខ្លួន និង​ភាព​ធន់​ដើម្បី​ការ​យល់​ដឹង​អំពី​អាកាសធាតុ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រប​ខ្លួន ​ដែល​ជាផ្នែក​កញ្ចប់​ហិរញ្ញប្ប​ទាន​សម្រាប់​បញ្ហា​អាកាសធាតុ​ទូទៅ។​ ប៉ុន្តែគេ​មិន​ប្រាកដ​ទេ​ថា​ តើលោក​អាច​ធ្វើតាម​ការ​សន្យា​នោះ ​ឬយ៉ាងណា​ទេ​ព្រោះ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​សភា។​

លើសពី​នេះ​ លោក​ Biden ​បាន​លើក​សរសើរ​ច្បាប់​ដែល​ផ្តោត​សំខាន់​ក្នុង​ស្រុក​ ដែល​មាន​បំណង​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​ខណៈ​កាត់​បន្ថយ​ឧស្ម័ន​ដែល​ធ្វើ​ឱ្យ​ខូច​ស្រទាប់​អូហ្សូន​របស់​ផែន​ដី​ឱ្យ​បាន​លើស​ពី ១​ ជីហ្គាតោន​ ត្រឹម​ឆ្នាំ ២០៣០។

អ្នក​រិះគន់​លោក ​Biden​ កត់​សម្គាល់​ថា​ ការ​ប្តេជ្ញាចិត្ត​ផ្នែក​អាកាសធាតុ​មួយ​ចំនួន​របស់​រដ្ឋបាលលោក ​គឺ​មិនមាន​ទំហំធំ​ដូច​អ្វី​ដែល​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត​បាន​សន្យា​នោះ​ទេ។​ លោក ​Biden ក៏បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ដែរ​ថា​ លោក​មាន​ការខកចិត្ត​ដែល​ចិន​ និង​រុស្ស៊ី ​មិនទាន់​ធ្វើ​ការ​ប្តេជ្ញាចិត្ត​ថ្មី​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ដែល​ធ្វើ​ឱ្យ​ខូច​ស្រទាប់​អូហ្សូនរបស់​ផែន​ដី​នោះទេ៕

XS
SM
MD
LG