មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ លោកហ៊ុន សែន កាលពីព្រឹកថ្ងៃចន្ទបានថ្លែងគាំទ្រជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលចង់ឃើញការដោះស្រាយជម្លោះរស្ស៊ី អ៊ុយក្រែនតាមផ្លូវការទូត។
នៅឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបន្ទរការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិនលោក Wang Wentian ដែលបានអំពាវនាវឲ្យមានការសន្ទនាគ្នារវាងអង្គការកតិកាសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) រុស្ស៊ី និងសហភាពអឺរ៉ុប សម្រាប់ការកសាងសន្តិសុខក្នុងតំបន់អឺរ៉ុប។
«ការចរចានោះ ខ្ញុំយល់ស្របជាមួយនឹងទស្សនៈរបស់ឯកឧត្តម Wang Wentian ម្ខាងចរចារវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះ ទ្វេភាគី តែម្ខាងទៀត គឺការចរចារវាងណាតូ អឺរ៉ុបជាមួយនឹងរុស្ស៊ី ទាក់ទងនឹងការព្រួយបារម្ភ កង្វល់ សមស្របរបស់រុស្ស៊ី ពាក់ព័ន្ធទៅលើសន្តិសុខរបស់ខ្លួន»។
ក្នុងប្រយោគខាងលើ លោក ហ៊ុន សែន ចង់សំដៅទៅសុន្ទរកថាក្នុងពិធីតែមួយដែលថ្លែងដោយលោក Wang Wentian ដែលរិះគន់ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ស្នើគ្រប់ភាគីចរចា ហើយស្នើខាងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោះស្រាយកង្វល់ផ្នែកសន្ដិសុខដែលរុស្ស៊ីបានលើកឡើង។
«ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីមិនត្រឹមតែ មិនអាចជួយអ្វីបាន ប៉ុន្តែនឹងរំខានដល់ការ(រក) ដំណោះស្រាយវិបត្តិនៅអ៊ុយក្រែនតាមវិធីនយោបាយ។ ប្រទេសចិនស្វាគមន៍ការសន្ទនា និងការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនិងបន្ត[សម្រប]សម្រួល និងជំរុញការចរចា សន្តិភាពតាមរបៀបរបស់ខ្លួន»។
វិបត្តិអ៊ុយក្រែន បានឆ្លងចូលថ្ងៃទី១១ហើយ គិតចាប់តាំងពីការលើកទ័ពរបស់រុស្ស៊ីចូលឈ្លានពានទឹកដីអ៊ុយក្រែន ដែលខ្លួនមានគោលដៅផ្ដួលរំលំរដ្ឋាភិបាលក្រុងគៀវដែលស្និទ្ធបសិ្ចមលោក រំលាយចោលយោធាអ៊ុយក្រែន និងបន្សាប«លទ្ធិណាស៊ី»នៅអ៊ុយក្រែន ជាអ្វីដែលអ៊ុយក្រែនបដិសេធថាមិនពិត។ រុស្ស៊ីកំពុងរងការថ្កោលទោសនិងទណ្ឌកម្មសេដ្ឋកិច្ចចំពោះទង្វើនេះ។
ការថ្លែងអំពាវនាវរួមគ្នារវាងចិននិងកម្ពុជាកាលពីព្រឹកថ្ងៃចន្ទនេះ ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានបោះឆ្នោតផ្សេងគ្នាលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្ដាហ៍មុន ថ្កោលទោសសកម្មភាពយោធារបស់រុស្ស៊ី ដោយចិនបោះឆ្នោតអនុបវាទ ហើយកម្ពុជាតាំងនាមជាសហស្ថាបនិកផ្ដួចផ្ដើមផង(Co-Sponsor)និងបោះឆ្នោតគាំទ្រផង។
ក្រោយការបោះឆ្នោតនោះ លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានបញ្ជូនបេសកជនពិសេសរបស់ខ្លួនគឺអ្នកស្រី Yang Yanyi (យ៉ាង យ៉ាន់អ៊ី) មកជួបលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ហើយក្នុងជំនួបនោះលោក ប្រាក់ សុខុន ក៏បានពន្យល់អ្នកការទូតចិនជាន់ខ្ពស់ខាងលើអំពីមូលហេតុដែលកម្ពុជាសម្រេចឈរឈ្មោះជា Co-Sponsor លើសេចក្ដីសម្រេចខាងលើ។
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានរៀបរាប់លើទំព័រ Twitter របស់លោកកាលពីថ្ងៃសៅរ៍ដែរថា លោកបានធ្វើការ«ពិភាក្សាយ៉ាងស៊ីជម្រៅ»ជាមួយ អ្នកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា អំពី«របៀបវារៈទេ្វភាគីរុស្ស៊ី-កម្ពុជា កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់និងអន្តរជាតិនានា» ដែលមាន«ជាមួយនឹងការផ្ដោតលើសេចក្ដីលម្អិតនៃស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន»។
នៅពិធីកាលពីព្រឹកថ្ងៃចន្ទ លោកហ៊ុន សែន លើកឡើងបន្ថែមថា កម្ពុជាមិនអាចមើលរំលងវិបត្តិនៅអ៊ុយក្រែនបានទេ ដោយថា មានការវាយលុកទ្រង់ទ្រាយធំពីសំណាក់រដ្ឋមួយចូលទៅក្នុងរដ្ឋមួយទៀត ដែលមានអធិបតេយ្យដូចគ្នា។ លោកថ្លែង យ៉ាងដូច្នេះ៖
«យើងមិនអាចព្រងើយកន្តើយជាមួយនឹងការវាយលុកទ្រង់ទ្រាយធំ ពីប្រទេសមួយចូលទៅក្នុងប្រទេសមួយទៀតបានទេ»។
លោកបានបន្ថែមថា ការចរចាអាចធ្វើទៅបាន ល្គឹកណាគូភាគីយោធាដែលកំពុងវាយប្រហារគ្នានៅអ៊ុយក្រែនព្រមដាក់អាវុធតាមរយៈបទឈប់បាញ់នៅទីតាំងជាក់ស្ដែង។ លោក ហ៊ុន សែនលើកឡើងថា៖
«បានសេចក្តីថា អ្នកកម្លាំងណា គឺនៅកន្លែងហ្នុង ប៉ុន្តែផ្អាកបាញ់ ដើម្បីកាត់បន្ថយនូវមហន្តរាយសម្រាប់ប្រជាពលរដ្ឋ សម្រាប់ប្រជាពលរដ្ឋ រួចហើយចាប់ផ្តើមចរចា»។
អ្នកវិភាគនយោបាយលោកសេង សារី បាននិយាយថា ការអំពាវនាវរបស់មេដឹកនាំកម្ពុជាឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ទំនងគ្រាន់តែជាការបង្ហាញនូវទឹកចិត្តចង់ឃើញការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ បើតាមលោកសេង សារី សំឡេងកម្ពុជាមិនធ្ងន់ដែលអាចបង្ខំឱ្យយលោកពូទីន ផ្លាស់ប្តូរចិត្តគំនិត ឈ្លានពានអ៊ុយក្រែននោះទេ។ លោកប្រាប់វីអូអេនៅថ្ងៃចន្ទថា៖
«យើងមើលការអំពាវនាវជាង១៤០ប្រទេសនៅអង្គការសហប្រជាជាតិ ក៏ជាការអំពាវនាវមួយដែលមិនអាចធ្វើឱ្យពូទីនផ្លាស់ប្តូរចិត្តនៅក្នុងការឈ្លានពានអ៊ុយក្រែនដែរ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្នុងនោះក៏មានកម្ពុជាមួយដែរ ដែលបានបោះឆ្នោតគាំទ្រការឈប់បាញ់ ឬក៏ការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន»។
ការចរចាដើម្បីឱ្យមានបទឈប់បាញ់អាចធ្វើទៅបាននៅក្នុងជម្លោះរុស្ស៊ីអ៊ុយក្រែន ប្រសិនបើភាគីជម្លោះទាំងសងខាង មានសម្អាងខ្លាំងក្លាលើការប្រើប្រាស់ឥទ្ធិពលយោធាដូចគ្នា។ នេះបើតាមការកត់សម្គាល់របស់លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។
លោក ឯម សុវណ្ណារ៉ា បានប្រាប់វីអូអេនៅថ្ងៃចន្ទថា៖
«ការអំពាវនាវរបស់ចិន ឬក៏កម្ពុជាបច្ចុប្បន្នហ្នឹង ខ្ញុំគិតថា ពុំមានទម្ងន់គ្រប់គ្រាន់សម្រាប់ឱ្យរុស្ស៊ីស្តាប់តាមទេ។ ហើយជម្រើសដែលរុស្ស៊ីអាចស្តាប់ហ្នឹងលុះត្រាតែ គេហៅថា សព្វាវុធ ឬក៏ភាពឈ្នះខាងសង្គ្រាមរបស់រុស្ស៊ីហ្នឹងត្រូវបានអាក់ខាន ឬក៏ត្រូវបានទប់ស្កាត់ដោយជំនួយរបស់លោកខាងលិច ឬក៏ណាតូ ដែលបានផ្តល់នូវសម្ភារយោធាមួយចំនួនធំទៅអ៊ុយក្រែន ហើយនៅពេលដែលកម្លាំងហ្នឹងអាចប្រដំប្រសងគ្នាអាចបញ្ឈប់ការរុលរបស់ទាហានរុស្ស៊ីចូលទៅទឹកដីអ៊ុយក្រែនអាហ្នឹងការចរចាទើបមានប្រសិទ្ធភាពក្នុងការជជែកគ្នា»។
លោកបន្ថែមថា រុស្ស៊ីមានតួនាទីសំខាន់ក្នុងការបង្កើតឱ្យមានបទឈប់បាញ់។ នេះមានន័យថា បើសិនរុស្ស៊ី ព្រមទទួលយកបទឈប់បាញ់ នោះការវាយប្រហារគ្នានៅអ៊ុយក្រែននឹងអាចបញ្ឈប់បាន៕