ក្រុមអ្នកវិភាគក្នុងប្រទេស និងក្រៅប្រទេសខ្លះបាននិយាយថា មរណភាពដោយ ជរាពាធ និងរោគាពាធរបស់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃច័ន្ទទី៨ ខែមិថុនាឆ្នាំ២០១៥ នឹងបើកឱកាសដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាន់កាប់អំណាចក្នុងគណបក្សយ៉ាងពេញមុខបន្ថែមលើអំណាចរបស់លោកក្នុងរដ្ឋាភិបាលដែលគេគិតថា នឹងគ្មានការប្រែប្រួលនយោបាយកម្ពុជាធំដុំនោះទេ។
លោកបណ្ឌិតសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានថ្លែង ថា គណបក្សប្រជាជនកម្ពុជាបានប្រុងប្រៀបរួចហើយចំពោះស្ថានការណ៍នេះ។
«មរណភាពរបស់សម្តេចជា ស៊ីមមិនមានអ្វីប្រែប្រួលនៅក្នុងនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាទេ គឺគណបក្សប្រជាជនកម្ពុជាបានត្រៀមខ្លួនជាស្រេច ជ្រើសរើសអ្នកស្នង។ បើតាមមហាសន្និបាតរបស់គណបក្សគឺមានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននឹងស្នងទៅជាប្រធានគណបក្សប្រជាជនកម្ពុជា»។
លោក សុខ ទូច អះអាងបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកចាត់ចែង គោលនយោបាយធំៗជាច្រើនឆ្នាំកន្លងមក ទាំងក្នុងគណបក្សនិងក្រៅគណបក្សគឺមិនមែនលោកជា ស៊ីមទេ។
«គាត់គ្រាន់តែជាតួអង្គសម្រាប់បំពេញនៅក្នុងគណបក្ស ព្រោះគាត់មានសុខភាពជរាយូរមកហើយ។ តែសម្តេចជា ស៊ីម លោកក៏មានជើងក្រោមរបស់លោកច្រើនដែរគឺមានឯកឧត្តមស ខេង ហើយនៅក្នុងឯកឧត្តមស ខេងហ្នឹងមានសេនារីយោ ជាច្រើនទៀត តែក្រោយមកហាក់ដូចជាទន់ខ្សោយ ហើយចុងក្រោយនេះ នៅពេលដែលគណបក្សសង្គ្រោះជាតិចាប់ផ្តើមឡើងខ្លាំង គណបក្សប្រជាជនកម្ពុជាបានរួបរួមគ្នាទៅជាធ្លុងមួយ ហើយមិនមានប៉ូលពីរដូចមុនទេ»។
លោកទទួលស្គាល់ថា មានភាគីប្រជែងអំណាចផ្ទៃក្នុងចំនួនពីរគឺភាគីខាងលោកជា ស៊ីម និងលោកហ៊ុន សែន ដែលមានឥទ្ធិពលក្នុងគណបក្សគ្រប់គ្រងប្រទេស នេះ តែការប្រទាញប្រទង់គ្នាមិនមានទៀតទេ នៅពេលគណបក្សនេះត្រៀមទប់ទល់នឹងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខា ដែល ទើបទទួលបានសំឡេងឆ្នោតគាំទ្រច្រើនដល់ទៅ៥៥អាសនៈក្នុងសភាដែលមានអាសនៈសរុបចំនួន១២៣ កាលពីការបោះឆ្នោតសភានៅឆ្នាំ២០១៣កន្លងមក។
«បើគណបក្សប្រជាជនកម្ពុជាប្រទាញប្រទង់ គណបក្សប្រជាជនកម្ពុជាធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពីព្រោះគណបក្សប្រជាជនកម្ពុជាត្រូវការឯកភាពផ្ទៃក្នុងគណបក្ស ពីព្រោះគណបក្សសង្គ្រោះជាតិខ្លាំង»។
លោកសុខ ទូចបានរំឭកពីស្នាដៃរបស់លោកជា ស៊ីមខ្លះៗថា លោកជា ស៊ីមបានដើរតួនាទីសម្រុះសម្រួលនយោបាយ និងជាស្ថាបនិករណសិរ្ស២ធ្នូ ដើម្បីរំដោះ កម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហម។ ហើយលោកមិនមែនជាអ្នកដែលបន្សល់ស្នាដៃអាក្រក់ដែលធ្វើឲ្យមានភាពល្អក់កករក្នុងចំណោមអ្នកនយោបាយដូចគ្នាទេ។
លោកអ៊ូ វីរៈ នាយកនៃអង្គការតាក់តែងគោលនយោបាយមួយក្នុងប្រទេស កម្ពុជាឈ្មោះវេទិកាអនាគត (Future Forum) បានទទួលស្គាល់ថា ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ លោកជា ស៊ីមគ្រាន់តែជានិមិត្តរូបគណបក្សប៉ុណ្ណោះ ហើយមរណភាពរបស់លោកមិននាំឲ្យមានការផ្លាស់ប្តូរអ្វីទេ ដោយសារគាត់ជាមេដឹកនាំមិនមានអំណាចមួយទសវត្សរ៍កន្លងទៅនេះ។
«សំណួរសួរថា តើនឹងមានការដូរទេ? ខ្ញុំថា អាចដូរខ្លះគឺត្រង់ថា លោកហ៊ុន សែនជាអ្នកមានអំណាចស្រាប់ ហើយបើសិនជាលោកហ៊ុន សែនក្លាយជាប្រធានគណបក្សដូចអ្វី ដែលបានលើកឡើងកាលពីខែ៤ (មេសាក្នុងមហាសន្និបាត) ខ្ញុំមើលទៅប្រហែលជាអាចដូរ កែមួយចំនួនលឿនជាងមុន។ សំណួរសួរថា តើគណបក្សហ្នឹងអាចធ្វើបានលឿនជាងមុនទេ? ខ្ញុំថា ធ្វើអីក៏ដោយក៏បានលឿនជាងមុនដែរ។ តែសំណួរសួរថា តើលឿនជាងមុនហ្នឹងដូរទៅយ៉ាងម៉េច? រឿងហ្នឹងយើងអត់ទាន់ដឹងទេ»។
លោកសង្កេតឃើញមានការចង់ដូរឲ្យយុវជនមានឥទ្ធិពលក្នុងគណបក្ស ផ្តល់អាទិភាពដល់ក្មេងជំនាន់ក្រោយ។ ហើយលោកបញ្ជាក់ទៀតថា មរណភាពរបស់លោកជា ស៊ីមគឺជានិមិត្តរូបនៃការដូរជំនាន់ផងដែរ។
លោកបានហៅលោកជា ស៊ីមថា ជាតួអង្គនយោបាយស្លូតមួយរូប ក្នុងគណបក្ស ប្រជាជន ដែលសូម្បីតែគណបក្សជំទាស់ក៏អាចទទួលយកបានដែរ ដែលលោកសង្ឃឹមថា នឹងមានការចូលរួមមរណទុក្ខពីប្រជាពលរដ្ឋទូទៅដល់ក្រុមគ្រួសារនិងមានការចាប់អារម្មណ៍របៀបការទូតពីបរទេសខ្លះ។
«ដូចខ្ញុំថាអញ្ចឹង តាមពិតជារឿងមួយដែលគេដឹងថា ទី១ សម្តេចមិនសូវជាមាន អំណាចទាំងស្រុង មិនមានអំណាចច្រើននៅក្នុងរយៈពេលមួយទសវត្សរ៍កន្លង មកនេះ មិនសូវមានអំណាចទេ។ ហើយទី២ គេដឹងថា លោកឈឺធ្ងន់ធ្ងរអស់ រយៈពេលប្រហែលជា៤ទៅ៥ឆ្នាំនេះ គឺដឹងច្រើនគ្នា។ អញ្ចឹងខ្ញុំមើលទៅអន្តរជាតិ គេមិនយកចិត្តទុកដាក់ច្រើនទេ។ គ្រាន់តែជាការទូតនឹងមានការយកចិត្តទុកដាក់ តែបើនិយាយពីស្ថានភាពជាក់ស្តែង ខ្ញុំមើលទៅមិនមានជាការយកចិត្តទុកដាក់ ច្រើនទេ»។
លោក Peter Maguire សាស្ត្រាចារ្យច្បាប់អាមេរិកាំង និងជា អ្នកឃ្លាំមើលកម្ពុជាម្នាក់ បានយល់ឃើញស្រដៀងគ្នាដែរ។ លោកថ្លែងថា មរណភាពរបស់លោកជា ស៊ីម ដែលជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ផងនោះ នឹងគ្មានអ្វីប្រែប្រួលខ្លាំងហួសហេតុទេ ដោយសារកម្ពុជាមានមេដឹកនាំតែមួយបីទសវត្សរ៍មកហើយ។
«តែខ្ញុំគិតថា ការស្លាប់នេះជាការបង្ហាញឲ្យឃើញព្រឹត្តិការណ៍ដែលថា គណបក្ស ប្រជាជនកម្ពុជានឹងបង្កើតអ្នកដឹកនាំជំនាន់ក្រោយ ប្រសិនបើគណបក្សនេះគិតថា ពួកគេអាចនៅបន្តគ្រប់គ្រងនយោបាយកម្ពុជា»។
នៅពេលវីអូអេសួរថា ប្រសិនបើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទំនងជានឹងកាន់ កាប់អំណាចក្នុងគណបក្សជាប្រធានជំនួសលោកជា ស៊ីម ហើយនឹងកាន់កាប់ រដ្ឋាភិបាល តើនឹងមានអ្វីប្រែប្រួល? លោក Peter Maguire បានអះអាងថា៖
«បញ្ហាទៅមុខទៀតនឹងនៅតែដដែល រហូតទាល់តែចិនអស់លុយ។ ហើយខ្ញុំគិត ថា ស្ថានការណ៍នានានឹងមានការចាប់អារម្មណ៍ នៅពេលចិនមិនអាចជួយផ្តល់ ជំនួយថវិកាធ្វើជាប្រទេសមានសប្បុរសធម៌ទៀត»។
ក្រោយពីការលើកបន្តុបដោយប្រទេសវៀតណាមឲ្យក្លាយជាមេដឹកនាំប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩ជាមួយនឹងឥស្សរជនដទៃទៀតនោះ លោកជា ស៊ីមធ្លាប់កាន់តំណែងជាប្រធានគណបក្ស ហើយក៏ធ្លាប់កាន់កាប់មុខតំណែងជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ដែលម្តងម្កាលក្លាយជាប្រមុខរដ្ឋស្តីទីក៏ពិតមែន តែមិន ដែលមានឱកាសបានកាន់អំណាចក្នុងរដ្ឋាភិបាលជានាយករដ្ឋមន្ត្រីនោះទេ។
ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន សែនមានកិច្ចសហប្រតិបត្តិការល្អជាមួយចិន ដោយសារប្រទេសចិនគឺជាប្រទេសមានការវិនិយោគទុនច្រើននៅកម្ពុជា ជាប្រទេសផ្តល់ជំនួយឥតលក្ខខណ្ឌដល់ប្រទេសកម្ពុជា និងគាំទ្រនយោបាយកម្ពុជាលើឆាកអន្តរជាតិផងដែរ៕