គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរៀបចំមហាសន្និបាតរបស់ខ្លួនចំនួនបីថ្ងៃជាប់គ្នានៅចុងខែនេះ ដោយរំពឹងថានឹងផ្លាស់ប្តូរថ្នាក់ដឹកនាំគណបក្សនិងពិភាក្សាផ្ទៃក្នុងអំពីបញ្ហា ជាច្រើនទាក់ទងនឹងអនាគតរបស់គណបក្ស។
ក្រុមមន្ត្រីគណបក្សនឹងជួបប្រជុំគ្នាស្តាប់ការណែនាំរបស់មេដឹកនាំគណបក្សរបាយការណ៍នានាទាក់ទងនឹងការបោះឆ្នោតនិងការវិវត្តនយោបាយក្នុងប្រទេស។ មហាសន្និបាតវិសាមញ្ញមួយនេះនឹងផ្តោតទៅលើការរៀបចំរចនាសម្ព័ន្ធគណបក្សការដាក់បញ្ចូលសមាជិកជាន់ខ្ពស់បន្ថែមទៀត និងការសើរើគោលនយោបាយបោះឆ្នោតផងដែរក្នុងពេលជួបប្រជុំបីថ្ងៃ ចាប់ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី១ខែកុម្ភៈ ក្នុងរាជធានីភ្នំពេញ។
សមាជិករបស់គណបក្សនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានគ្រោងនឹងជុំគ្នាដើម្បីពិភាក្សាពីបញ្ហាគណបក្ស បញ្ហាទិសដៅទៅមុខក្នុងការដណ្តើមយកជ័យជម្នះសម្រាប់ការបោះឆ្នោត ស្តាប់របាយការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន និងមេដឹកនាំឯទៀត តែគេពុំឃើញមានគម្រោងការ សម្រាប់លោក ជា ស៊ីម ប្រធានគណបក្សដែលគេដឹងមានជំងឺនោះទេ។ ក្រៅពីនេះគណបក្សនេះត្រូវគេដឹងថានឹងពិភាក្សាផងដែរចំពោះការបោះឆ្នោតរើស សមាជិកគណៈកម្មាធិការកណ្តាលជាដើម។
បើតាមឯកសារដែល VOA ទទួលបានពីមន្ត្រីគណបក្សប្រជាជនដែលនិយាយពីរបៀបវារៈនៃមហាសន្និបាតបានបញ្ជាក់ថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ពេលព្រឹកត្រង់កម្មវិធីមួយ អង្គមហាសន្និបាតនឹង«សុំអនុម័តយល់ព្រមលើសំណើកែសម្រួលរចនាសម្ព័ន្ធសំណើបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល និងអំពីនីតិវិធីបោះឆ្នោត»។
គេមិនបានដឹងថា តើសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាប៉ុន្មាននាក់ដែលត្រូវ បំពេញបន្ថែមលើសមាជិកដែលមានជាង២៦៤នាក់នោះទេ។ ដោយឡែកសមាជិកគណៈអចិន្ត្រៃយ៍ ៣៤នាក់នោះក៏មិនត្រូវគេបញ្ជាក់ថា នឹងបន្ថែមសមាជិកដែរក្រោយពេលដែលមន្ត្រីរបស់ខ្លួនពីរនាក់យ៉ាងតិចបានស្លាប់ប៉ុន្មានឆ្នាំមុននេះគឺលោក ហុក ឡងឌី និងលោក ជា សុទ្ធ។
នៅក្នុងកិច្ចប្រជុំមហាសន្និបាតនេះក៏មានការពិភាក្សាគឺផ្តោតទៅលើចំណុចខ្លាំងនិងចំណុចខ្សោយជាច្រើនដែលកើតឡើង ហើយធ្វើឲ្យសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានការធ្លាក់ចុះខ្លាំងផងដែរ។
នៅក្នុងការវាយតម្លៃនោះ គណបក្សប្រជាជនកម្ពុជាទទួលស្គាល់ពីកម្លាំងរីកឡើងរបស់គណបក្សជំទាស់។ តែគណបក្សនេះ នៅតែចាត់ទុកថា ខ្លួនមានសមត្ថភាពដឹកនាំប្រទេសតាមគោលនយោបាយរបស់ខ្លួនដដែល ដោយឈរលើសមិទ្ធិផលជាតិធំៗ សន្តិភាព យុត្តិធម៌ ភាពចាស់ទុំនយោបាយសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួនជាដើម។
តែចំណុចខ្សោយដែលនាំឲ្យសំឡេងឆ្នោតថយវិញ គណបក្សប្រជាជនកម្ពុជាទទួលស្គាល់ថា មានអំពើពុករលួយ បក្សពួកគ្រួសារនិយម ការប្រើប្រាស់អំណាចដោយបំពានគម្លាតរវាងមន្ត្រីបក្សថ្នាក់ជាតិ និងមូលដ្ឋាន ការខ្វះជំនឿលើប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី ព្រៃឈើបញ្ហាកើនឡើងនៃបច្ចេកវិទ្យា បញ្ហាជនអន្តោប្រវេសន៍ ការចង់សាកល្បងលើការផ្លាស់ប្តូរថ្មី ការផ្សព្វផ្សាយគោលនយោបាយ គណបក្សមិនជ្រួតជ្រាបនៅថ្នាក់មូលដ្ឋាន ការស្តីបន្ទោសដល់មន្ត្រីគណបក្សដែលបំពេញភារកិច្ចរបស់មន្ត្រីគណបក្សមិនបានល្អជាដើម។
មន្ត្រីគណបក្សប្រជាជនមួយចំនួនពុំអាចទាក់ទងតាមទូរស័ព្ទបានទេ តែ របាយការណ៍ដដែលបានបញ្ជាក់ថា៖
«សម្រាប់ពេលទៅមុខទៀត ការប្រកាន់យកយុទ្ធសាស្ត្រ ផ្អែកលើបរិមាណសមាជិកនិងអំពើល្អរបស់មន្ត្រីគណបក្សដើម្បីឈ្នះឆ្នោត គឺមិនគ្រប់គ្រាន់ទេ។ ដូច្នេះដើម្បីធានារក្សារបៀបឈ្នះ និងបង្កើនរបៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតខាងមុខ គប្បីសម្រួលយុទ្ធសាស្ត្រនេះទៅជាផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្សគុណភាព និងបរិមាណរបស់សមាជិកគណបក្សដើម្បីឈ្នះឆ្នោត»។
ទោះជាមានប្រៀបនយោបាយមានមែនក្តី គណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ដែរថា ការកើនកម្លាំងរបស់គណបក្សជំទាស់គឺជាបញ្ហាលំបាកស្មុគស្មាញរបស់ខ្លួន ជាការប្រជែងស្រួចស្រាលកាន់តែខ្លាំងសម្រាប់ថ្នាក់ជាតិនិងមូលដ្ឋាន ការតស៊ូផ្នែកច្បាប់ ការតស៊ូដណ្តើមប្រជាប្រិយភាព ដោយសារថា គណបក្សនេះបានអះអាងថា គណបក្សជំទាស់នឹងប្រើគ្រប់រូបភាពដើម្បីបង្កឧបសគ្គនិងមិនបោះបង់ចោលការប៉ុនប៉ងផ្តួលរំលំខ្លួន។
គណបក្សប្រជាជនកម្ពុជាគ្រោងនឹងពង្រីកកម្លាំងរបស់ខ្លួននៅឆ្នាំ២០១៥នេះ គឺកម្លាំងយុវជនដែលទើបមានសិទ្ធិបោះឆ្នោតដំបូង។
យុវជនគណបក្សប្រជាជនកម្ពុជា និងកូនចៅរបស់ក្រុមមន្ត្រីមានអំណាចជាច្រើន ដែលកាន់មុខនាទីជារដ្ឋមន្ត្រី ជាមន្ត្រីយោធាជាន់ខ្ពស់និងជាតំណាងរាស្ត្រត្រូវគេគិតថា អាចនឹងត្រូវគេដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស។
គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈ៦៨ និងគណបក្សសង្គ្រោះជាតិឈ្នះបានអាសនៈ៥៥ ក្នុងចំណោមសភាសរុបដែលមាន១២៣អាសនៈ។
គណបក្សប្រជាជនកម្ពុជាបានអះអាងថា ការមានគណបក្សច្រើនដែលអាចទាក់ទាញសន្លឹកឆ្នោតនោះ ជាជោគជ័យរបស់ខ្លួន៕