ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ជា ស៊ីម​ បាត់​មុខ​ពី​ខួប​៧មករា​ដោយ​បញ្ហា​សុខភាព


លោក​ ជា ស៊ីម​ (កណ្តាល)​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​អវត្តមាន​នៅក្នុង​ពិធីបុណ្យ​រំឮក​ខួប​ថ្ងៃទី​៧ ​ខែមករា ឆ្នាំ២០១៥។
លោក​ ជា ស៊ីម​ (កណ្តាល)​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​អវត្តមាន​នៅក្នុង​ពិធីបុណ្យ​រំឮក​ខួប​ថ្ងៃទី​៧ ​ខែមករា ឆ្នាំ២០១៥។

ជារៀង​រាល់​ឆ្នាំ​នៅ​ពេល​ពិធីបុណ្យ​រំឮក​ខួប​ថ្ងៃទី​៧​ខែមករា​លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ ជា​ប្រធាន​ព្រឹទ្ធសភា​ តែង​តែ​បាន​ចូល​រួម​និង​ថ្លែង​សុន្ទរកថា​បើ​ទោះបី​ជា​ពេល​ខ្លះ​លោក​ត្រូវ​បាន​គេគ្រាហ៍​ចេញពី​រថយន្ត​ក៏ដោយ។​

នៅ​ក្នុង​ឆ្នាំ​នេះ​ជាខួប​លើក​ទី​៣៦​ឆ្នាំ​នៃ​ថ្ងៃទី​៧​ខែមករា​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា​ជា​ថ្ងៃ​រំដោះ​ប្រទេស​ចេញពី​របប​ខ្មែរ​ក្រហម​ តែ​គណបក្ស​ប្រឆាំង​វិញ​បាន​ ចាត់​ទុក​ថា​ជា​ថ្ងៃ​កង​ទ័ព​វៀតណាម​បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​នោះ។​ លោក​ ជា ស៊ីម​ មិន​មាន​វត្តមាន​មក​ចូល​រួម​ដូច​លើក​មុនៗ​ទេ។​

មជ្ឈដ្ឋាន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្តែង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​លោក​ ជា ស៊ីម​ ដោយ​សារ​លោក​ ​មាន​វ័យ​ចំណាស់​និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ។​

លោក យឹម លាង​ ប្រធាន​អង្គរក្ស​ និង​ ជា​នាយក​រង​ខុទ្ទកាល័យ​ លោក​ ជា ស៊ីម ​មាន​ប្រសាសន៍​ថា​ការ​មិន​បង្ហាញ​មុខ​ជា​សាធារណៈ​របស់​លោក​ជា ស៊ីម​កន្លង​មក​ដោយ​សារ​តែ​លោក​មាន​ជំងឺ​ផ្តាសាយ​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​មាន​ប្រសាសន៍​ថា​លោក​ ជា ស៊ីម បាន​ធូរ​សះ​ស្បើយ​ ​អាច​និយាយ​បាន​និង​ទទួល​ជួប​សវនាការ​ភ្ញៀវ​បាន​ឡើង​វិញ​ហើយ។​

លោក​និយាយ​ថា​បើមិន​ជឿ​លោក​នឹង​នាំមកជួប​លោក​ ជា ស៊ីម ​ដើម្បី​ឱ្យ​ឃើញ​ពី​សុខភាព​លោក​ផ្ទាល់​នឹង​ភ្នែក​ថា​លោក​មាន​សុខភាព​យ៉ាងណា។​

លោក​មាន​ប្រសាសន៍​ថា​៖«ផ្តាសាយ​ធំ​ លេប​ថ្នាំផ្តាសាយ​ទៅ​ទន់ ​ឥឡូវ​ប្រហែលជា​ធូរ​ហើយ​ពីព្រោះ​ប្រើ​ថ្នាំ​ប្រហែល​ជា​ខ្ទង់​បាន​មួយ​សប្តាហ៍​ហើយ​ ធូរ​ហើយ។​មិន​ជឿ​ មិន​អី​បើចង់​ជួប​ផ្ទាល់​មក​ អត់​អី​ទេ​ ជូន​ទៅ​ជួប​កុំ​ឱ្យ​ចេះ​តែ​ឮ​ពាក្យ​ចចាម​អារាម»។​

មួយ​រយៈ​នៃ​ការ​បាត់​មុន​លោក​ ជា ស៊ីម ​ជា​សាធារណៈ​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​និយាយ​ថា​លោក​ប្រហែល​ជា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​ជាង​ពេល​ណាៗ​ទាំង​អស់​រហូត​ដល់​បាត់​បង់​ការ​ចង​ចាំ​ក៏មាន។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​និង​ ជារដ្ឋ​លេខាធិការទី​ស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​លោក​ ជា ស៊ីម​ គ្រាន់​តែចុះ​ខ្សោយ​សុខភាព​តែប៉ុណ្ណោះ​ តែ​លោក​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ។​

លោក​និយាយ​ថា៖​«គាត់​មិន​មាន​អ្វីទេ​ គាត់​ឈឺ​ប្រក្រតី ​ដូច​ពីមុន​ៗ​អញ្ចឹង​ ក៏ប៉ុន្តែ​ក្នុង​ការ​ចល័ត​លោក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​មាន​ការ​លំបាក​តែប៉ុណ្ណឹង»។​

លោក ជា ស៊ីម​ អាយុ​ ៨៣​ ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក រមាសហែក ​ខេត្តស្វាយរៀង។ លោក​ជា​អតីត​ប្រធាន​រដ្ឋសភា​ ពី​ឆ្នាំ​១៩៨១​ ដល់​ឆ្នាំ​១៩៩៨។ ​លោក​ត្រូវ​បាន​ផ្លាស់​តួនាទី​ឱ្យ​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា​វិញចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

លោក បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោក​ ស្រី​ ញ៉ែម សឿន​ កាលពី​អំឡុង​ឆ្នាំ​១៩៥៥​ និង​មាន​កូន​ចំនួន​៧នាក់​ ក្នុង​នោះ​កូន​ប្រុសចំនួន ​៤នាក់​ និង​កូន​ ស្រី​ ចំនួន​៣​នាក់។​នេះ​បើ​តាម​គេហទំព័រ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។​

លោក​ទទួល​បាន​គោរម្យងារ​ពី​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ ជាសម្តេច​អគ្គ​មហាធម្មពោធិសាល​ ជា ស៊ីម ​កាលពី​អំឡុង​ឆ្នាំ​២០០៧​ និង​បាន​តែងតាំង​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស៥​កាលពី​ខែធ្នូ​ ​ឆ្នាំ​២០០៩៕

XS
SM
MD
LG