បន្ទាប់ពីប្រទេសចិនប៉ុនប៉ងដាក់កំហិតក្នុងដែនសមុទ្រចិនខាងត្បូង ប្រទេសវៀតណាមបានឆ្លើយតបជាសារជូនប្រជានេសាទខ្លួនថា៖ សូមបន្តការនេសាទ តាមផ្លូវច្បាប់ដដែល។
វៀតណាមដែលជាប្រទេសនាំចេញអាហារសមុទ្រធំមួយក្នុងលោក បានប្រាប់អាជ្ញាធរ ថ្នាក់ខេត្តតាមបណ្តោយមាត់សមុទ្រខ្លួន បន្តពង្រឹងពិនិត្យតាមដានប្រជានេសាទតាមរយៈការឃ្លាំការពារឱ្យខ្លាំងក្លាឡើង។
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានចេញលិខិតជូនទៅអាជ្ញាធរថ្នាក់មូលដ្ឋាន ក្នុងន័យបញ្ជាឱ្យអាជ្ញាធរទាំងនោះបន្តជម្រាបប្រាប់ប្រជានេសាទខ្លួនចាត់ទុកបំរាមនេសាទរបស់ចិន ឥតបានការ និងជំរុញឱ្យប្រជានេសាទបន្តសកម្មភាពផលិតកម្មធម្មតាក្នុងដែនទឹកកំណត់ដោយប្រទេសវៀតណាម។
វៀតណាម បានទាត់ចោលបំរាមនេសាទក្នុងដែនសមុទ្រចិនចាប់ពីថ្ងៃទី១ ខែឧសភា ដល់១៦ ខែសីហារបស់ចិននេះ ដែលប្រទេសទាំងពីរបានអះអាងជារបស់ខ្លួនរៀងៗខ្លួន។ ការទាត់ចោលនេះ កើតឡើងមួយខែក្រោយពីចិនបានបាញ់ពន្លិចទូកដឹកប្រជានេសាទវៀតណាមដែលទើបបានជួយសង្រ្គោះ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន VietnamNet ដែលជាសារព័ត៌មានផ្លូវការរបស់ក្រសួងព័ត៌មាននិងទំនាក់ទំនង វៀតណាម គណៈកម្មការប្រជាជនប្រចាំខេត្តនិងទីក្រុង របស់វៀតណាម ត្រូវបញ្ជាអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពនេសាទរបស់ទូកនេសាទក្នុងដែនសមុទ្រខ្លួន។
ក្រសួងកសិកម្មវៀតណាម ក៏បានផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ ដែលប្រជាជនអាចរាយការណ៍ ហេតុការណ៍ចៃដន្យនានា ជូនដល់នាយកដ្ឋានត្រួតពិនិត្យការនេសាទ ក្នុងអំឡុងពេលនៃសេចក្តីប្រកាសព័ត៌មានរបស់ចិននេះ។
ករណីការនេសាទនេះ បានគំរាមកំហែងដល់ភ្លើងជម្លោះដែនសមុទ្រចិនខាងត្បូង ដែលប្រជាជាតិនានាមានភាពតានតឹងនឹងគ្នាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្រមានទីក្រុងប៉េកាំង លើការធ្វើឱ្យផ្ទុះរីកសាយជំងឺរាតត្បាត COVID-19 ដើម្បីបង្វែរការចាប់អារម្មណ៍ពីសាធារណលើការទន្ទ្រានដែនសមុទ្ររបស់ខ្លួនកាលពីខែមេសា បន្ទាប់ពីចិនបានបញ្ជូលនាវាទៅក្នុងដែនជម្លោះនោះ ដែលនាវានោះទំនងមានគោលដៅរុករកប្រេង។
ប្រទេសវៀតណាម បានធ្វើការតវ៉ាប្រឆាំងការបញ្ជូលនាវានោះ រួមទាំងការបាញ់ពន្លិចទូកនេសាទរបស់ខ្លួនដែរ។ ប្រទេសហ្វីលីពីន ដែលធ្លាប់តែរុញរាលើការរិះគន់ចិនក្នុងករណីដែនសមុទ្រនេះ បានបង្ហាញការគាំទ្រវៀតណាមលើករណីនេះក្រោយពេលព្រឹត្តិការណ៍លិចទូកនេសាទ។ បន្ថែមលើនេះ សូម្បីតែប្រទេសឥណ្ឌូណេស៊ី ដែលមិនមែនជាភាគីជម្លោះនៃដែនជម្លោះសមុទ្រចិនខាងត្បូង ក៏បានបាញ់ពន្លិចនាវាចិនជាច្រើនគ្រឿងកាលពីឆ្នាំ២០១៩ ដោយចោទប្រកាន់ថាចូលនេសាទខុសច្បាប់។
ប្រទេសម៉ាឡេស៊ី ក៏ប្រឆាំងតវ៉ាការបញ្ជូននាវារុករកប្រេងសាជាថ្មីរបស់ចិនកាលពីខែមេសាដែរ។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក ក៏បានបង្ហាញការជំទាស់ ដែលអាមេរិកហៅវាថា ជាសកម្មភាពបង្ខិតបង្ខំនិងខុសច្បាប់ ក្នុងដែនសមុទ្រចិនខាងត្បូង ដោយបានបញ្ជូននាវាចម្បាំងឈ្មោះ USS Gabrielle Giffords យកឈ្មោះតាមអតីតសមាជិកព្រឹទ្ធសភារដ្ឋ Arizona ដែលធ្លាប់រងរបួសក្នុងការប៉ះទង្គិចកាលពីឆ្នាំ២០១១។
លោក Vice Adm. Bill Merz មេបញ្ជាការកងនាវាទី៧ នៃកងទ័ពជើងទឹកអាមេរិកាំង បាននិយាយថា៖ «សកម្មភាពការងារប្រចាំថ្ងៃដំណើរការជាធម្មតា តួយ៉ាងនាវា Gabrielle Giffords’ គឺសបញ្ជាក់ឱ្យឃើញថា ស.រ.អា. នឹងបន្តការហោះហើរ និងធ្វើនាវាចរដោយសេរី តាមច្បាប់អន្តរជាតិ និងច្បាប់សមុទ្រ បើទោះជាមានការទាមទារ ឬព្រឹត្តិការណ៍កើតឡើងថ្មីៗនេះក៏ដោយ»។
សមុទ្រចិនខាងត្បូងដែលស្ថិតនៅដែនទឹកត្រួតគ្នារបស់ប្រជាជាតិអាស៊ីជាច្រើននេះ ត្រូវគេមើលឃើញថា សម្បូរដោយមច្ឆជាតិ និងប្រេងឥន្ធនៈ។
សេដ្ឋកិច្ចវិស័យនេសាទរបស់ប្រទេសវៀតណាម មានការធ្លាក់ចុះដោយសារជំងឺ COVID-19 ហើយពាណិជ្ជកម្មអាហារសមុទ្រជាមួយនឹងប្រទេសចិនក៏ថយដូចគ្នាដែរ។
លោក Nguyen Viet Thang ប្រធានសមាគមនេសាទវៀតណាម បានស្នើសុំរដ្ឋាភិបាលឱ្យជួយការពារផលប្រយោជន៍ប្រជានេសាទ និងតបតប្រឆាំងបំរាមនេសាទក្នុងរដូវប្រាំងរបស់ចិននេះ។
លោក បានសរសេរលិខិតក្នុងនាមសមាគម ជូនរដ្ឋាភិបាលក្នុងខ្លឹមសារថា៖ «បំរាមនេះ មិនអាចអនុវត្តក្នុងអធិបតេយ្យភាពដែនសមុទ្រវៀតណាមឡើយ។ ប្រជានេសាទវៀតណាម មានសិទ្ធិពេញលេញនេសាទក្នុងដែនទឹករបស់ខ្លួនក្នុងដែនអធិបតេយ្យវៀតណាម»។
ក្រសួងការបរទេសវៀតណាម ក៏បានឆ្លើយតបក្នុងន័យដូច្នេះដែរ។
យោងតាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang វៀតណាម នឹងច្រានចោលការសម្រេចចិត្តបែបអត្តនោម័តិរបស់ចិននេះ។
ជាមួយនឹងការប្រើពាក្យវៀតណាមហៅដែនសមុទ្រចិនខាងត្បួង លោកស្រី បន្តថា៖ «យោងតាមបរិបទតំបន់និងសាកល ប្រទេសវៀតណាមស្នើឱ្យចិនឈប់បង្កភាពស្មុគស្មាញក្នុងដែនសមុទ្រខាងកើត»។ ប្រទេសចិន បាននិយាយថា វៀតណាម គ្មានសិទ្ធិតវ៉ាប្រឆាំងបំរាមនេសាទនេះទេ៕
ប្រែសម្រួលដោយ កោះ សុគន្ធី