លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី ហេឡូវីអូអេ កាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា៖
«ប្រសិនបើគេទារ យើងឲ្យសូកលុយ យើងត្រូវតែប្តឹង យើងត្រូវតែរាយការណ៍ ដើម្បីតវ៉ាកុំឲ្យគេប្រើទម្លាប់បែបហ្នឹងទៀត។ ពេលហ្នឹង យើងមិនមែនគ្រាន់តែរំដោះខ្លួនយើងពីអំពើពុករលួយទេ យើងថែមទាំងជួយកែប្រែសង្គមយើង និងជួយការពារអ្នកក្រោយទៀត កុំឲ្យគាត់ក្លាយជាជនរងគ្រោះនៃអំពើពុករលួយ។»
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយច្រើនជាងគេបង្អស់មួយនៅលើពិភពលោក។ របាយការណ៍មួយរបស់អង្គការពលកម្មអន្តរជាតិ ដែលទើបត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់ប្រមាណ១.០០៧លានដុល្លារក្នុងមួយឆ្នាំដោយសារអំពើពុករលួយ។
ទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើននៅតែមានការអនុគ្រោះដល់អំពើពុករលួយ។ គេកម្រឃើញពួកគេមានប្រតិកម្មឬហ៊ានប្រឈមជាមួយអាជ្ញាធរណាស់ នៅពេលដែលពួកគេត្រូវប្រឈមមុននឹងអំពើពុករលួយដូចជាការបង់ថ្លៃសេវាកម្មលើសតម្លៃកំណត់ ឬការទារប្រាក់រត់ការក្រៅផ្លូវការជាដើម។
ជាញឹកញាប់ ប្រជាពលរដ្ឋទាំងនោះ លើកឡើងថា ពួកគេមិនចង់មានរឿងរ៉ាវជាមួយមន្ត្រីអាជ្ញាធរទាំងនោះឡើយ ដោយពួកគេបារម្ភចំពោះផលវិបាកផ្សេងៗនៅពេលខាងមុខ។
លោក ព្រាប កុល មានប្រសាសន៍ថា ពលរដ្ឋត្រូវតែចាប់ផ្តើមបង្ហាញភាពក្លាហានខ្លះ ដោយសារពួកគេក៏មានការទទួលខុសត្រូវនៅក្នុងការលុបបំបាត់អំពើពុករលួយនេះដែរ។
«ខ្ញុំទទួលស្គាល់ថា វាមិនមែនងាយស្រួលទេ ប៉ុន្តែបើយើងមានគោលការណ៍ច្បាស់លាស់ យើងនៅតែអាចជៀសផុតពីការសូកលុយ។»
ប៉ុន្តែអ្នកខ្លួះនិយាយថា ការប្រឆាំងអំពើពុករលួយនេះ ជាកិច្ចការពិបាក ដោយសារអំពើនេះ បានក្លាយទៅជាផ្នែកមួយនៃវប្បធម៌របស់ខ្មែររួចទៅហើយ។
លោក ចន ដែលជាអ្នកទូរស័ព្ទចូលរួមក្នុងកម្មវិធីម្នាក់ ពីប្រទេសម៉ាឡេស៊ី បានថ្លែងថា៖ «ពេលខ្ញុំនៅធ្វើការស្រុកខ្មែរ ខ្ញុំត្រូវតែយកសំណូក ពីព្រោះខ្ញុំត្រូវសូកមេៗខាងលើ ដើម្បីឲ្យខ្ញុំអាចស្ថិតនៅក្នុងតំណែងរបស់ខ្ញុំបាន។»
លោក ចន អះអាងបន្ថែមថា ជួនកាល កូនអ្នកធូរធារខ្លះ ត្រូវសូកប្រាក់ពី១ម៉ឺនទៅ២ម៉ឺនដុល្លារអាមេរិក ដើម្បីបានតំណែងធ្វើការជាមន្ត្រីនៅក្នុងជួររដ្ឋាភិបាល។
យ៉ាងណាក៏ដោយ លោក ព្រាប កុល មានប្រសាសន៍ថា ពលរដ្ឋជាពិសេសបញ្ញវន្តដែលបានរៀនសូត្រខ្ពង់ខ្ពស់ហើយ គួរតែរស់នៅដោយភាពថ្លៃថ្នូរ ដោយមិនត្រូវសូកឬទទួលសំណូក នៅក្នុងការបំពេញការងាររបស់ខ្លួននោះទេ។
លោកថ្លែងថា៖ «យើងត្រូវតែឲ្យតម្លៃខ្លួនយើងឲ្យខ្ពស់ជាងលុយនិងសម្ភារៈ។»
លោកមានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋចាំបាច់ត្រូវតែហ៊ានទាមទារនិងជំរុញឲ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយដែលរីករាលដាលសុះសាយពេញប្រទេសនេះឲ្យបាន។ លោកថាបើរដ្ឋាភិបាលមិនអាចធ្វើបានទេ ពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសរដ្ឋាភិបាលដែលមានសមត្ថភាពជាងនេះ។
«ពលរដ្ឋគឺជាអ្នកដាក់ពិន្ទុឲ្យរដ្ឋាភិបាលចំពោះអ្វីដែលគាត់អាចធ្វើបាន និងអ្វីដែលគាត់មិនអាចធ្វើបាន។»