លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងយ៉ាងដូច្នេះនៅក្នុងកម្មវិធីសំឡេងយុវជននៃកម្មវិធីវិទ្យុផ្សាយផ្ទាល់ ហេឡូវីអូអេ កាលពីថ្ងៃច័ន្ទ ទី៨ខែមេសា៖
«យើងមានជម្រើសតែពីរទេ គឺ ធ្វើខ្លួនជាជនរងគ្រោះនៃអំពើពុករលួយបន្តទៅមុខទៀតរហូត ដែលយើងបានរងគ្រោះជាច្រើនឆ្នាំមកហើយ ឬក៏យើងសម្រេចចិត្តក្រោកឈរប្រឆាំងអំពើពុករលួយ រៀបចំសង្គមយើងឲ្យមានភាពស្អាតស្អំ ហើយដើម្បីឲ្យកូនចៅយើងជំនាន់ក្រោយឲ្យរស់នៅក្នុងសង្គមដែលមានភាពថ្លៃថ្នូរ និងយុត្តិធម៌សង្គម។»
ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរបំផុតជាងគេមួយនៅលើពិភពលោក។ យោងតាមរបាយការណ៍ស្ទង់មតិរបស់អង្គការតម្លាភាពកាលពីឆ្នាំទៅមុន ប្រទេសនេះ ស្ថិតនៅលេខរៀងទី១៥៧ ក្នុងចំណោម១៧៦ ប្រទេស ដែលត្រូវបានស្ទង់មតិចំពោះកម្រិតនៃការប្រព្រឹត្តអំពើពុករលួយ។
របាយការណ៍មួយទៀតរបស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក ក៏បានរកឃើញថា ប្រទេសនេះ បានបាត់បង់ប្រាក់ចន្លោះពី៣០០ទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដោយសារតែអំពើពុករលួយ។
ដូច្នេះ លោក ព្រាប កុល មានប្រសាសន៍ថា យុវជនគឺជាធនធានដ៏សំខាន់បំផុតមួយក្នុងការរុញច្រានអំពើពុករលួយចេញពីប្រទេសរបស់ខ្លួន។
«យុវជនដែលមានអាយុក្រោម៣០ឆ្នាំ មានរហូតដល់ជិត៧០ភាគរយ ហើយគាត់ក៏ជាអ្នកបោះឆ្នោត ជ្រើសរើសតំណាងរបស់គាត់ដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសជាតិ។ ដូច្នេះ បើគាត់ជាអ្នកទាមទារឲ្យសង្គមនេះ មានភាពស្អាតស្អំ មានសុចរិតភាព ហើយគាត់មានការចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយគាត់បង្កើតនូវវប្បធម៌ស្អប់ខ្ពើមអំពើពុករលួយនោះ យើងសង្ឃឹមថា សង្គមរបស់យើងមានការផ្លាស់ប្តូរល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។»
ប្រទេសកម្ពុជា គ្រោងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥របស់ខ្លួន នៅថ្ងៃទី២៨ខែ កក្កដា ខាងមុខនេះ។
ភិក្ខុ សិន ដឿន អ្នកទូរស័ព្ទចូលរួមក្នុងកម្មវិធី មានថេរដិកាថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ ទាមទារឲ្យមានការចូលរួមពីសមាសភាពផ្សេងៗទៀតនៅក្នុងសង្គម។
«ឪពុកម្តាយត្រូវតែបង្រៀនកូនចៅឲ្យប្រឆាំងដាច់អហង្ការចំពោះអំពើពុករលួយ កុំចេះតែបង្រៀនកូនថាឱកូនអើយ ធម្មតាសង្គមយើងបច្ចុប្បន្នទាល់តែចេះឲ្យលុយឲ្យកាក់ឬសូកប៉ាន់គេខ្លះ ទើបការងារហ្នឹងធ្វើទៅវាបានស្រួលនោះ។ ហើយគ្រូក៏ត្រូវអប់រំសិស្សឲ្យនៅឆ្ងាយពីអំពើពុករលួយ មិនមែនសម្លឹងឃើញតែលុយកាក់ជាធំនោះទេ។»
ព្រះតេជគុណបន្តថា៖
«ចំណែកព្រះសង្ឃវិញ ក៏ត្រូវតែនិយាយថា អំពើពុករលួយ ការសូកប៉ាន់ ការកិបកេងគ្នាទាំងមន្ត្រីធំក្តីទាំងមន្ត្រីមូលដ្ឋានក្តី គឺជាអំពើបាបមួយដែរ។»
ព្រះភិក្ខុ សិន ដឿន មានថេរដិកាបន្ថែមថា៖
«រដ្ឋាភិបាលគួរមានគោលនយោបាយទប់ស្កាត់អំពើពុករលួយ និងកុំបង្រៀនយុវជនឲ្យស្រឡាញ់អំពើពុករលួយ។»
តើអ្នកគិតថាយុវជនខ្មែរអាចចូលរួមលុបបំបាត់អំពើពុករលួយក្នុងកម្រិតណាដែរ?