ភ្នំពេញ៖ អ្នកតស៊ូមតិប្រឆាំងអំពើអំពើពុករលួយ និយាយថា ប្រជាជនកម្ពុជាលែងចាត់ទុកអំពើពុករលួយថាជារឿងធម្មតាតទៅទៀតហើយ បន្ទាប់ពីពួកគេ បានស៊ូទ្រាំនឹងអំពើនេះ អស់រយៈពេលយ៉ាងយូរមក។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកម្មវិធី ហេឡូវីអូអេ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។
«ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ចាប់ផ្តើមប្តូរឥរិយាបទ ងាកទៅចាប់អារម្មណ៍និងឃ្លាំមើលអំពើពុករលួយកាន់តែច្រើនឡើង ពីព្រោះពួកគេ លែងទទួលស្គាល់ លែងអនុគ្រោះអំពើពុករលួយនេះថា ជារឿងធម្មតា ថាជារឿងមួយដែលត្រូវរស់នៅជាមួយតទៅទៀតហើយ។»
ប្រទេសកម្ពុជាត្រូវបានគេចាត់ថ្នាក់ថា ជាប្រទេសដែលប្រព្រឹត្តអំពើពុករលួយច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន។ នេះបើយោងតាមការសិក្សារបស់អង្គការតម្លាភាពអន្តរជាតិ ឬ Transparency Internationalដែលមានមូលដ្ឋាននៅក្នុងប្រទេសអាឡឺម៉ង់។
របាយការណ៍របស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិកកន្លងមក បង្ហាញថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់រាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ទៅលើអំពើពុករលួយ។
ហើយការស្ទង់មតិដែលបានចេញផ្សាយថ្មីៗនេះដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI បានរកឃើញថា ជិតពាក់កណ្តាលនៃប្រជាជនកម្ពុជាដែលត្រូវសាកសួរ បានឆ្លើយថា អំពើពុករលួយនិងបក្សពួកនិយមគឺជាបញ្ហាធ្ងន់ធ្ងរជាងគេដែលកំពុងប្រឈមចំពោះការអភិវឌ្ឍប្រទេស។
លោក ព្រាប កុល មានប្រសាសន៍ថា ប្រជាជនកម្ពុជាបានយល់ដឹងនិងបានឃ្លាំមើលអំពើពុករលួយនេះកាន់តែច្រើន។
«វាជាសារមួយជូនទៅថ្នាក់ដឹកនាំ ទៅគណបក្សនយោបាយទាំងអស់ថា ប្រជាពលរដ្ឋខ្មែរយើង លែងទទួលយករបៀបរបបពុករលួយនេះ ថាជារឿងធម្មតាតទៅទៀតហើយ»។
ប្រទេសកម្ពុជា បានដាក់ឲ្យប្រើប្រាស់ច្បាប់ប្រឆាំងអំពើពុករលួយដែលគេទន្ទឹងរង់ចាំយ៉ាងយូរនោះ នៅឆ្នាំ២០១០ ដោយរំពឹងថា ច្បាប់ថ្មីនេះ នឹងជួយកាត់បន្ថយនិងឈានទៅលុបបំបាត់អំពើពុករលួយដែលចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា។
ប៉ុន្តែក្រុមអ្នករិះគន់ និយាយថា ផ្លូវនៅវែងឆ្ងាយនៅឡើយ សម្រាប់ការលុបបំបាត់អំពើនេះ។
កញ្ញា ស្រី វឿន ដែលបានទូរស័ព្ទចូលរួមក្នុងកម្មវិធីហេឡូវីអូអេ និយាយថា នយោជកមួយចំនួននៅតែរអ៊ូរទាំអំពីការតម្រូវឲ្យបង់ «លុយក្រោមតុ» ទៅឲ្យមន្ត្រីរដ្ឋាភិបាល ដែលប្រការនេះ បានក្លាយជាឧបសគ្គដល់ពួកគេក្នុងការតំឡើងប្រាក់ខែជូននយោជិករបស់ខ្លួន។
«នៅពេលដែលតំណាងនយោជកចេញមកចរចាប្រាក់ខែជាមួយកម្មករដែលធ្វើកូដកម្មពួកគេនិយាយថា ប្រសិនបើកម្មករទាំងអស់អាចលុបបំបាត់អំពើពុករលួយក្រោមតុបាន នោះពួកគេនឹងអាចតំឡើងប្រាក់ឈ្នួលជូនកម្មករតាមការទាមទារបាន។»
កញ្ញា ស្រី វឿន ដែលមកពីខេត្តព្រៃវែងបានបន្តទៀតថា សូម្បីតែនៅក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ដែលមិនតម្រូវឲ្យបង់ប្រាក់ផង ក៏អ្នកភូមិរបស់កញ្ញាត្រូវបង្ខំឲ្យបង់ប្រាក់ ៥ដុល្លារអាមេរិកក្នុងម្នាក់ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណនោះ។
អ្នកស្រី ចិន្តា អ្នកទូរស័ព្ទចូលរួមកម្មវិធីម្នាក់ទៀត មកពីខេត្តបាត់ដំបង បន្ថែមថា អ្នកត្រូវការធ្វើលិខិតឆ្លងដែនដូចជាអ្នកស្រី ក៏ត្រូវគេបង្ខំឲ្យបង់ប្រាក់រហូតដល់១៥០ដុល្លារអាមេរិកដែរ បើទោះជាតម្លៃផ្លូវការត្រឹមតែ១២០ដុល្លារក៏ដោយ។
«នេះបានក្លាយទៅជាទម្លាប់របស់មន្ត្រីក្នុងរដ្ឋការបច្ចុប្បន្ននេះទៅហើយ។ តើធ្វើដូចម្តេចដើម្បីដាក់ទោសមន្ត្រីពុករលួយទាំងនេះ?»
លោក ព្រាប កុល មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាត្រូវតែហ៊ានសួរ ហ៊ានឆ្ងល់ ទាមទាររកព័ត៌មាននិងមិនត្រូវខ្លាចការគំរាមកំហែងឬការសម្លុតរបស់មន្ត្រីនោះទេ។
លោកបន្ថែមថា ប្រសិនបើពួកគេសង្ស័យថា ពួកគេត្រូវគេជំរិតទារប្រាក់ក្រៅផ្លូវការ ពួកគេអាចទូរស័ព្ទទៅកាន់លេខ១២៨២របស់អង្គភាពប្រឆាំងអំពើពុករលួយ ឬលេខ១២៩២ ឬ៧៧៧៧ របស់អង្គការតម្លាភាពកម្ពុជារបស់លោក ដោយឥតបង់ថ្លៃ ដើម្បីឲ្យពួកគេអាចជៀសផុតពីការក្លាយខ្លួនទៅជាជនរងគ្រោះនៃអំពើពុករលួយ។
លោកអំពាវនាវថា៖ «ប្រជាជនខ្មែរទាំងអស់ត្រូវតែចូលរួមផ្លាស់ប្តូរទម្លាប់នេះ ដើម្បីរៀបចំសង្គមយើងឲ្យបានស្អាតស្អំ។»