ស្របពេលប្រទេសរុស្ស៊ី ចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចទាំង ៣ នៅលើពិភពលោក កំពុងប្រជែងគ្នាផ្នែកឥទ្ធិពលនៅតំបន់អាស៊ីកណ្ដាល ពលរដ្ឋនៅតំបន់នេះមិនមែនសម្លឹងឃើញការប្រជែងគ្នានេះថាជាជម្រើសតែមួយនោះទេ ប៉ុន្តែជាជម្រើសជាច្រើនដែលពួកគេសង្ឃឹមថានឹងអាចជ្រើសរើសយកជម្រើសដ៏ល្អបំផុតមួយក្នុងចំណោមនោះបាន។
អ្នកស្រី Muqaddas ដែលជាជនជាតិអ៊ូសបេគីស្ថាន ដែលស្នើមិនឱ្យប្រើឈ្មោះពេញរបស់អ្នកស្រី បាននិយាយថា៖ «ប្ដីរបស់ខ្ញុំនិងបងប្អូនប្រុសរបស់គាត់បានធ្វើជាពលករចំណាកស្រុកនៅប្រទេសរុស្ស៊ីអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ យើងបានប្រើប្រាក់ដែលពួកគេផ្ញើមកទិញអគារស្នាក់នៅដែលសាងសង់ដោយចិនដើម្បីរស់នៅ។ កូនៗរបស់យើងរៀនភាសាអង់គ្លេសនិងស្រមៃចង់សិក្សានៅសហរដ្ឋអាមេរិក»។
អ្នកស្រីបានបន្ថែមថា «យើងពេញចិត្តចំពោះរាល់ឱកាសទាំងអស់»។ អ្នកស្រីបញ្ជាក់ដូច្នេះនៅក្នុងកិច្ចសម្ភាសន៍មួយក្នុងអំឡុងពេលមានការខ្វះខាតថាមពលប្រើប្រាស់កាលពីរដូវរងាឆ្នាំមុន ដែលនៅពេលនោះ ពលរដ្ឋអ៊ូសបេគីស្ថានរាប់លាននាក់ត្រូវប្រឈមនឹងការលំបាកក្នុងការរស់នៅក្រោមសីតុណ្ហភាពត្រជាក់ខ្លាំង ចំពេលមានមន្ទិលសង្ស័យថារដ្ឋាភិបាលអ៊ូសបេគីស្ថានកំពុងធ្វើកិច្ចព្រមព្រៀងដោយសម្ងាត់ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ហើយការនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសចិនប្រហែលជាជំរុញបន្ថែមឱ្យមានវិបត្តិនេះ។
ក្រុមហ៊ុនផលិតកម្មអាហារនិងក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកសុខាភិបាលនៅប្រទេសកាហ្សាក់ស្ថានបានពេញចិត្តជាមួយនឹងការលក់បានច្រើនទៅកាន់ប្រទេសរុស្ស៊ីនិងចិន ស្របពេលសង្ឃឹមថានឹងមានការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក។
ពលរដ្ឋម្នាក់បានបញ្ជាក់ថា៖ «យើងមិនអាចបដិសេធមិនទទួលយកពាណិជ្ជកម្មឬក៏អាជីវកម្មរបស់រុស្ស៊ីនិងចិនបានទេ»។
ជនចំណាកស្រុកដែលឆ្លងកាត់ព្រំដែនរវាងប្រទេសអ៊ូសបេគីស្ថាននិងតាហ្ស៊ីគីស្ថានបានប្រាប់ VOA ថា ពួកគេប្ដេជ្ញាធ្វើការនៅរុស្ស៊ី បើទោះបីជាមានភាពស្រពិចស្រពិលនិងការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ។
លោក Nurali អាយុ ៣៧ ឆ្នាំ ដែលជាអ្នកបើករថយន្តដឹកទំនិញធុនធំ បាននិយាយថា៖ «រុស្ស៊ីគឺធំទូលំទូលាយ។ វាមិនដែលងាយស្រួលនោះទេ ប៉ុន្តែនៅពេលអ្នកទទួលបានឯកសារចាំបាច់ហើយ អ្នកចង់រកលុយនិងជួយផ្គត់ផ្គង់គ្រួសាររបស់អ្នកឱ្យមានជីវភាពប្រសើរ។ ខ្ញុំមិនគិតថា ខ្ញុំនឹងឈប់ពីការងារនៅរុស្ស៊ីនោះទេ»។
សម្រាប់មនុស្សជាច្រើន រុស្ស៊ីនៅតែមានឥទ្ធិពលគ្របដណ្ដប់
អ្នកស្រី Loli Sanam ដែលជាអ្នកស្រាវជ្រាវនិងជាសិល្បករជនជាតិតាហ្ស៊ីគីស្ថាន បានប្រាប់ VOA ថា ការយល់ឃើញគឺខុសៗគ្នាផ្អែកលើចំណេះដឹងនិងបទពិសោធន៍របស់បុគ្គលម្នាក់ៗ ប៉ុន្តែសម្រាប់មនុស្សជាច្រើន រុស្ស៊ីនៅតែជាមហាអំណាចខ្លាំងមួយដូចពីមុនគឺដូចពេលដែលតំបន់នេះនៅជាផ្នែកមួយរបស់អតីតសហភាពសូវៀត។
អ្នកស្រីបានថ្លែងដូច្នេះថា៖ «មានពលរដ្ឋមួយភាគធំដែលមិនជឿលើអ្វីដែលមិនមានជាភាសារុស្ស៊ី។ មានការចងចាំជារួមថា រុស្ស៊ីជាបងធំនិងជាប្រទេសជះឥទ្ធិពលដ៏ខ្លាំងក្លាមួយ»។
ប៉ុន្តែអ្នកស្រី Sanam បានកត់សម្គាល់អំពីចំនួនកើនឡើងនៃអ្នកចេះភាសាអង់គ្លេសផងដែរ ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថា «ក្រុមអ្នកចេះភាសាអង់គ្លេសនេះនៅមានចំនួនតិចនៅឡើយ ដែលពួកគេផ្តល់តម្លៃដល់លទ្ធិប្រជាធិបតេយ្យ ជាពិសេសសេរីភាពនៃការបញ្ចេញមតិ»។
អ្នកស្រី Sanam បានលើកឡើងថា អ្នកស្រីយល់ឃើញថា ពលរដ្ឋចាប់ផ្តើមមានការបែងចែកកាន់តែខ្លាំងរវាងអ្នកដែលចូលចិត្តរុស្ស៊ីនិងអ្នកដែលចូលចិត្តសហរដ្ឋអាមេរិក ស្របពេលឥទ្ធិពលផ្នែកវប្បធម៌ពីចិននៅមានកម្រិតនៅឡើយយ៉ាងហោចណាស់សម្រាប់ពេលនេះ។ អ្នកស្រីថ្លែងដូច្នេះថា៖ «មានមនុស្សតិចតួចប៉ុណ្ណោះដែលនិយាយភាសាចិននៅក្នុងតំបន់»។
អ្នកស្រីបានបន្ថែមថា ការពឹងពាក់របស់ប្រទេសតាហ្ស៊ីគីស្ថានលើហិរញ្ញប្បទានរបស់ចិននិងកំណើនបំណុលរបស់ខ្លួនដែលជំពាក់ចិនត្រូវបានគេមើលឃើញថាជាបន្ទុកយ៉ាងធំមួយសម្រាប់ជនជំនាន់ក្រោយ។
នៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលមានព្រំប្រទល់ជាង ១.០០០ គីឡូម៉ែត្រជាប់ប្រទេសចិន សាធារណជនបានបង្ហាញអារម្មណ៍ប្រឆាំងនឹងចិនកាន់តែច្រើនតាមរយៈការធ្វើបាតុកម្មនិងការដាក់ញត្តិផ្សេងៗក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែអ្នកស្រី Saida Sayip ដែលជាអ្នកតាមដានស្ថានការណ៍ក្នុងស្រុក បានពណ៌នាអារម្មណ៍ចំពោះចិននេះថាមាន «លក្ខណៈធម្មតាជាទូទៅ»។
អ្នកស្រី Sayip ថ្លែងដូច្នេះថា៖ «ប្រទេសយើងចង់ក្លាយជាច្រកសម្រាប់ផលិតផលចិន»។
អ្នកជំនាញជនជាតិអ៊ូសបេគីស្ថានលោក Husanjon Ganiev ដែលទទួលបានការអប់រំពីប្រទេសជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងម៉ាឡេស៊ី ប៉ុន្តែប្រកបអាជីវកម្មនៅសហរដ្ឋអាមេរិក យល់ឃើញថា អនាគតរបស់តំបន់នេះនឹងផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងទ្វីបអាស៊ី។
លោកបានទស្សន៍ទាយថា៖ «ច្បាស់ណាស់ [តំបន់នេះនឹងមាន] កិច្ចព្រមព្រៀងច្រើនជាងមុនជាមួយក្រុមបស្ចិមប្រទេស។ ប៉ុន្តែនិយាយតាមពិតទៅ ការផ្តោតរបស់តំបន់នេះនឹងបន្តងាកទៅរកតំបន់ខាងកើតនិងខាងត្បូងនៃពិភពលោក។ ប្រសិនបើរុស្ស៊ីមិនមានការផ្លាស់ប្តូរខ្លាំងក្លាណាមួយទេ ឥទ្ធិពលរបស់ប្រទេសនេះនឹងនៅតែបន្តដាំក្បាលចុះ»។
លោកបានបន្តថា៖ «សហរដ្ឋអាមេរិកនឹងនៅតែជានិមិត្តរូបនៃការច្នៃប្រឌិតនិងការបំផុសគំនិត។ អាមេរិកមិនចាំបាច់ត្រូវវិនិយោគរាប់ពាន់លានដុល្លារដើម្បីឱ្យអាចនៅតែជានិមិត្តរូបដូចនេះនោះទេ។ មនុស្សយល់ថា ដៃគូចម្បងគឺប្រទេសដែលមានភូមិសាស្រ្តនៅជិតខ្លួន ប៉ុន្តែពួកគេចង់រៀនពីបទពិសោធន៍របស់សហរដ្ឋអាមេរិកនិងពឹងផ្អែកលើការគាំទ្រផ្នែកបច្ចេកទេសពីប្រទេសនេះ»។
ការរកឃើញឆ្នាំ ២០២២ របស់អង្គការ Gallup អំពីតំបន់អាស៊ីកណ្តាល
ការព្យាករណ៍របស់លោក Ganiev អំពីការធ្លាក់ចុះនៃឥទ្ធិពលរបស់រុស្ស៊ីគឺចេញពីការស្ទង់មតិរបស់អង្គការ Gallup ដែលស្ទង់មតិពលរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន អំពីទស្សនៈរបស់ពួកគេចំពោះប្រទេសមហាអំណាចប្រជែងគ្នាទាំង ៣ នៅឆ្នាំ ២០២១ និង ២០២២។
នៅក្នុងប្រទេសកាហ្សាក់ស្ថាន ការគាំទ្រលើការដឹកនាំរបស់រដ្ឋាភិបាលរុស្ស៊ីបានធ្លាក់ចុះពី ៥៥% ទៅ ២៩% រវាងការស្ទង់មតិទាំងពីរ ដែលការធ្លាក់ចុះនេះទំនងជាបណ្ដាលមកពីការមិនពេញចិត្តចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ការគាំទ្រលើប្រទេសរុស្ស៊ីបានធ្លាក់ចុះពី ៧៨% មកនៅ ៦៣% នៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន និងពី ៦៩% មកនៅ ៦៣% នៅក្នុងប្រទេសអ៊ូសបេគីស្ថាន។
លោក Zacc Ritter នៃអង្គការ Gallup បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា៖ «ជាលើកដំបូង ចាប់តាំងពីពេលដែលយើងបានចាប់ផ្ដើមប្រមូលទិន្នន័យនៅកាហ្សាក់ស្ថានកាលពីឆ្នាំ ២០០៧ មក ពលរដ្ឋកាហ្សាក់ស្ថានកាន់តែច្រើនដែលមានចំនួនប្រមាណ ៥០% លែងគាំទ្រថ្នាក់ដឹកនាំនៅរុស្ស៊ី»។
នៅក្នុងឆ្នាំ ២០១៤ នៅពេលដែលរុស្ស៊ីចូលឈ្លានពានតំបន់ Crimea ហើយក្រុមផ្តាច់ខ្លួនដែលគាំទ្ររដ្ឋាភិបាលរុស្ស៊ីធ្វើសង្រ្គាមនៅភាគខាងកើតប្រទេសអ៊ុយក្រែន ពលរដ្ឋកាហ្សាក់ស្ថាន ៧២% គាំទ្ររដ្ឋាភិបាលរុស្ស៊ី ហើយមានតែ ៦% ប៉ុណ្ណោះដែលបានថ្កោលទោសរឿងនេះ។
លោក Ritter បានប្រាប់ VOA ថា៖ «អ្នកដែលតាំងខ្លួនជាពលរដ្ឋរុស្ស៊ីនៅកាហ្សាក់ស្ថាន ភាគច្រើននៅតែគាំទ្រថ្នាក់ដឹកនាំនៅរុស្ស៊ី។ ប៉ុន្តែ គម្លាតនេះបានរួមកាន់តែតូចទៅដោយមាន ៤៧% គាំទ្រ ហើយ ៣៧% មិនគាំទ្រ»។
ក្នុងចំណោមអ្នកដែលតាំងខ្លួនជាពលរដ្ឋរុស្ស៊ីនៅកាហ្សាក់ស្ថាន ៣០% បាននិយាយថា ពួកគេមិនគាំទ្រការដឹកនាំរបស់រុស្ស៊ីកាលពីឆ្នាំមុន ខណៈតួលេខនេះនៅអ៊ូសបេគីស្ថានមានចំនួនតែ ១៨% ប៉ុណ្ណោះ។
អារម្មណ៍ចំពោះសហរដ្ឋអាមេរិកនិងចិនមានការប្រែប្រួលតិចតួចរវាងការស្ទង់មតិទាំងពីរ។ នៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ពលរដ្ឋ ២៨% គាំទ្រការដឹកនាំរបស់សហរដ្ឋអាមេរិកនិង ៣៥% គាំទ្រការដឹកនាំរបស់ចិន។ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ការគាំទ្រសហរដ្ឋអាមេរិកមានចំនួន ២៩% និងការគាំទ្រចិនមានចំនួន ៣១%។ រីឯនៅក្នុងប្រទេសកាហ្សាក់ស្ថានវិញ ការគាំទ្រសហរដ្ឋអាមេរិកមានចំនួន ៣១% និងការគាំទ្រចិនមានចំនួន ៣៥%។
លោក Ritter បានថ្លែងថា៖ «មនុស្សកាន់តែច្រើននៅកៀហ្ស៊ីស៊ីស្ថាននិងអ៊ូសបេគីស្ថានគាំទ្រការដឹកនាំរបស់រុស្ស៊ីជាងការដឹកនាំរបស់សហរដ្ឋអាមេរិកឬចិន។ ផ្ទុយទៅវិញ មនុស្សច្រើនជាងនេះបន្តិចនៅកាហ្សាក់ស្ថានគាំទ្រចិននិងសហរដ្ឋអាមេរិកជាងរុស្ស៊ី»។
ការសង្កេតរបស់សហរដ្ឋអាមេរិក
អ្នកស្រី Laura Kennedy ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកម៉េនីស្ថាននិងជាឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកដែលបានធ្វើទស្សនកិច្ចនៅតំបន់អាស៊ីកណ្តាលកាលពីពេលថ្មីៗនេះ បានប្រាប់ VOA ថា កត្តាសង្គមសេដ្ឋកិច្ចនិងកត្តានយោបាយ «ជារឿយៗត្រូវបានគេមើលរំលងដោយសារតែការផ្តោតតែលើការប្រជែងជំហរគ្នាលើឆាកអន្តរជាតិរវាងរុស្ស៊ី ចិន និងសហរដ្ឋអាមេរិក»។
អ្នកស្រី Kennedy បានវាយតម្លៃថា ការពឹងពាក់របស់មនុស្សជំនាន់មុនលើការផ្សព្វផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី «ពិតជាប៉ះពាល់លើទស្សនៈរបស់ពួកគេចំពោះសហរដ្ឋអាមេរិក ប៉ុន្តែមនុស្សជំនាន់ក្រោយកំពុងរៀនភាសាអង់គ្លេសហើយចង់មានលទ្ធភាពប្រើប្រាស់និងទទួលបានអ្វីទាំងអស់ដែលមាននៅបស្ចិមប្រទេស»។
អ្នកស្រីបានបន្ថែមថា៖ «ពួកគេក៏មានទំនោរធំជាងមុននៅក្នុងការពិនិត្យលើកេរដំណែលរបស់រុស្ស៊ីដោយល្អិតល្អន់ជាងមុនទាក់ទិននឹងអាណានិគមនិយមផងដែរ។ ប៉ុន្តែ ខ្ញុំបានជួបមនុស្សជាច្រើននៅអ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន ដែលមានសាច់ញាតិយ៉ាងតិចម្នាក់ធ្វើការនៅរុស្ស៊ី និងបានឃើញថាទំនាញសេដ្ឋកិច្ចនៃប្រាក់រូបរបស់រុស្ស៊ីដែលផ្ញើមកស្រុកកំណើតវិញគឺនៅតែមានសភាពខ្លាំងក្លា»។
អ្នកស្រី Kennedy ក៏បានកំណត់ឃើញថាមនុស្សមួយចំនួនមានអារម្មណ៍ខឹងសម្បានឹងចិនផងដែរ។ អ្នកស្រីបាននិយាយថា អ្នកស្រីបានឮពលរដ្ឋតាហ្ស៊ីគីស្ថាននិងកៀហ្ស៊ីស៊ីស្ថានរអ៊ូរអំពីការចំណាយច្រើននៅក្នុងការប្រកបអាជីវកម្មនិងកង្វះឆន្ទៈរបស់រដ្ឋាភិបាលនៃប្រទេសទាំងនេះក្នុងការនិយាយប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញរបស់ចិនលើជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) កាន់សាសនាឥស្លាម។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «មនុស្សជាច្រើនជឿថា ចិនចង់មានឥទ្ធិពលគ្របដណ្ដប់លើទីផ្សារ។ ខ្ញុំក៏បានជួបប្រទះនឹងការបង្ហាញការមិនពេញចិត្តរឿងដែលលុយចិនហូរចូលក្នុងហោប៉ៅរបស់ក្រុមអភិជនផងដែរ»។
អ្នកស្រីបានបន្ថែមថា៖ «សហរដ្ឋអាមេរិកមិនមែនជាប្រទេសសេដ្ឋកិច្ចដែលដឹកមុខដោយរដ្ឋដូចប្រទេសចិន ឬក៏ជារដ្ឋាភិបាលសាងសង់គម្រោងធំៗដូចជាគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិននោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិនៅតែមានឥទ្ធិពលគ្របដណ្ដប់លើទីផ្សារអន្តរជាតិសម្រាប់អំណាចបែប «ឆ្លាតវៃ»។ ដូច្នេះ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែបង្ហាញតាមរបៀបនេះ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា