ការទទួលស្គាល់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំកាលពីខែកញ្ញាក្នុងប្រទេសអ៊ូសបេគីស្ថានដែលថា ប្រទេសចិនមាន «ចម្ងល់និងកង្វល់» អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែននោះ បានផ្ដល់នូវសញ្ញាដំបូងដែលថារដ្ឋាភិបាលចិនកាន់តែមានក្ដីបារម្ភអំពីសង្គ្រាមនៅអ៊ុយក្រែននេះ។
លោក Victor Gao ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Soochow និងជាអនុប្រធានមជ្ឈមណ្ឌលសម្រាប់កិច្ចការប្រទេសចិននិងសាកលភាវូបនីយកម្មនៅប្រទេសចិន បាននិយាយថា៖ «យើងកំពុងនិយាយអំពីការវិនិយោគដ៏ធំមិនថាវិនិយោគដោយចិនផ្ទាល់ឬក៏វិនិយោគដោយមានចិនធ្វើជាអ្នកម៉ៅការនោះទេ [នៅក្នុងប្រទេសអ៊ុយក្រែន]»។
លោកថ្លែងដូច្នេះដោយយោងលើការខូចខាតចំពោះគម្រោងសាងសង់កប៉ាល់ដែលវិនិយោគដោយចិន គម្រោងរោងចក្រដែកនិងដែកថែប គម្រោងសាងសង់ផ្លូវល្បឿនលឿន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រទេសចិននៅប្រទេសអ៊ុយក្រែន។
អ្នកតាមដានស្ថានការណ៍នានាបាននិយាយថា អ្វីដែលប្រទេសចិនប្រហែលជាបានគិតថាសង្គ្រាមនៅអ៊ុយក្រែននេះគ្រាន់តែជាការ «ធ្វើសមយុទ្ធយោធា» ប្រយុទ្ធរយៈពេលខ្លីនោះ បែរជាបានក្លាយទៅជាសង្គ្រាមដ៏មហន្តរាយមួយដែលបានធ្វើឱ្យខូចខាតដល់ការវិនិយោគផ្ទាល់ក្នុងទឹកប្រាក់រាប់ម៉ឺនលានដុល្លាររបស់ប្រទេសចិននៅក្នុងប្រទេសអ៊ុយក្រែនទៅវិញ។
អ្នកតាមដានស្ថានការណ៍ទាំងនោះបានបន្ថែមថា ជាងនេះទៀត សង្គ្រាមនេះបានធ្វើឱ្យតម្លៃថាមពលនិងតម្លៃម្ហូបអាហារកើនឡើងនៅលើពិភពលោកដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន និងធ្វើឱ្យស្មុគស្មាញដល់ការព្យាយាមធ្វើឱ្យមានតុល្យភាពរបស់ប្រទេសចិននៅក្នុងការផ្ដល់ការគាំទ្រមួយចំនួនដល់ប្រទេសរុស្ស៊ីក្នុងកម្រិតមួយមិនសូវច្រើនដើម្បីចៀសវាងកុំឱ្យមានបញ្ហាប្រទាំងប្រទើសជាមួយនឹងសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុប។
លោក Gao បានបញ្ជាក់ថា៖ «ប្រទេសចិនបានរងគ្រោះយ៉ាងខ្លាំងទាក់ទិននឹងការវិនិយោគដ៏ធំរបស់ខ្លួន [នៅប្រទេសអ៊ុយក្រែន]។ ករណីនេះហើយអាចជាកត្តាដែលជំរុញឱ្យចិនធ្វើយ៉ាងណាចង់ឱ្យមានសន្តិភាព។ ប្រទេសចិនចង់ឃើញសង្គ្រាមនេះបញ្ចប់ឱ្យបានកាន់តែឆាប់»។
ការធ្វើឱ្យមានតុល្យភាពរបស់ចិន
ប្រទេសចិនបានច្រានចោលការស្នើរបស់បស្ចិមប្រទេសដែលចង់ឱ្យខ្លួនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងបានបដិសេធមិនចូលរួមនៅក្នុងការដាក់ទណ្ឌកម្មរបស់អន្តរជាតិលើរដ្ឋាភិបាលរុស្ស៊ី។
លោក Putin បានពឹងផ្អែកលើរដ្ឋាភិបាលចិនសម្រាប់ផ្នែកពាណិជ្ជកម្មនៅពេលដែលកំពុងប្រឈមនឹងទណ្ឌកម្មរបស់បស្ចិមប្រទេស។ បើផ្អែកតាមទិន្នន័យគយរបស់ប្រទេសចិន ការនាំចេញសរុបពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសចិនបានកើនឡើងជាង ៥០% ចាប់ពីខែមករាមកដល់ខែសីហា នៅពេលដែលប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានេះដែរកាលពីឆ្នាំមុន។
នៅក្នុងអំឡុងពេលជួបពិភាក្សារបស់ប្រធានាធិបតីចិនលោក Xi Jinping ជាមួយនឹងលោក Putin កាលពីខែកញ្ញានៅឯកិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) លោក Xi បានបញ្ជាក់អះអាងថា «ប្រទេសចិនត្រៀមលក្ខណៈរួចរាល់នៅក្នុងការធ្វើការជាមួយនឹងប្រទេសរុស្ស៊ីលើការពង្រីកការគាំទ្រខ្លាំងក្លាចំពោះគ្នាទៅវិញទៅមកលើបញ្ហានានាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ពួកគេរៀងៗខ្លួន»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ប្រទេសចិន។
ទីភ្នាក់ងារព័ត៌មាននេះក៏បានរាយការណ៍ផងដែរថា លោក Xi «បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើការជាមួយនឹងប្រទេសរុស្ស៊ីដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តោតលើការប្រតិបត្តិជាក់ស្ដែងលើផ្នែកពាណិជ្ជកម្ម កសិកម្ម ការប្រាស្រ័យទាក់ទង និងផ្នែកផ្សេងៗទៀត»។
ប៉ុន្តែ ប្រទេសចិនហាក់ដូចជាបង្វៀងមិនលើកឡើងអំពីរឿងទណ្ឌកម្ម។
លោក John Kirby អ្នកសម្របសម្រួលផ្នែកសារគមនាគមន៍យុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង VOA កាលពីថ្ងៃទី ១៦ ខែកញ្ញាថា៖ «យើងមិនទាន់បានឃើញថាប្រទេសចិនបានផ្ដល់ការគាំទ្រផ្នែកសម្ភារណាមួយដល់លោក Putin សម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ ហើយយើងក៏មិនបានឃើញមានសញ្ញាណាមួយដែលបង្ហាញថាចិនរំលោភលើទណ្ឌកម្មនានា [ដែលដាក់លើប្រទេសរុស្ស៊ី] នោះដែរ»។
កត្តាសហរដ្ឋអាមេរិក
ប្រទេសចិនមិនអាចដកខ្លួនឆ្ងាយចេញពីប្រទេសរុស្ស៊ីបានទេ ដោយសារតែភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (Singapore Institute of International Affairs) បាននិយាយថា៖ «ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនមានការពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។ ប្រសិនបើទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែអាក្រក់ឡើង នោះរុស្ស៊ីនិងចិននឹងពង្រឹងឡើងបន្ថែម។ នៅពេលឥឡូវនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមិនមានលក្ខណៈល្អប្រសើរនោះទេ ដូច្នេះវាជារឿងធម្មតានោះទេដែលទំនាក់ទំនងរវាងរុស្ស៊ីនិងចិននឹងមានភាពកក់ក្ដៅជាងមុន»។
កាលពីដើមខែកញ្ញា ប្រទេសចិនបានចូលរួមនៅក្នុងសមយុទ្ធយោធារបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។
លោក Kirby បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង VOA ថា៖ «ប្រទេសចិនមានជម្រើស។ ដូចដែលយើងបានបញ្ជាក់ជាច្រើនដងរួចមកហើយ យើងចង់ឃើញប្រទេសចិនជ្រើសយកជម្រើសថ្កោលទោសអ្វីដែលលោក Putin កំពុងធ្វើនៅក្នុងប្រទេសអ៊ុយក្រែន … និងបញ្ជាក់ឱ្យបានច្បាស់អំពីក្ដីបារម្ភដែលខ្លួនមានទាក់ទិននឹងអ្វីដែលលោក Putin កំពុងធ្វើនៅអ៊ុយក្រែន»។
លោក Kirby បានបន្ថែមថា៖ «យើងនឹងបន្តរក្សាការទំនាក់ទំនងឱ្យនៅបើកចំហជាមួយនឹងរដ្ឋាភិបាលចិន ដូចដែលយើងត្រូវធ្វើ។ ជាការពិតណាស់ មានបញ្ហាខ្វែងគំនិតគ្នាមួយចំនួនរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ប៉ុន្តែក៏មានចំណុចដែលយើងបានបញ្ជាក់រួចមកហើយថាយើងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន ដែលនេះគឺជាអ្វីដែលយើងគួរតែធ្វើ»។
ការពិចារណារបស់ចិន
ទោះជាយ៉ាងណាក៏ដោយ ការពឹងផ្អែកលើប្រទេសរុស្ស៊ីជាដៃគូភូមិសាស្ត្រនយោបាយកំពុងធ្វើឱ្យរដ្ឋាភិបាលចិនកាន់តែប្រឈមនឹងស្ថានការណ៍ពិបាកសម្រេចចិត្ត ជាពិសេសដោយសារតែជំហររបស់ខ្លួនរឿងសន្តិភាព។
លោក Oh បាននិយាយថា៖ «ខ្ញុំមិនគិតថាប្រទេសចិននឹងព្យាយាមធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួនផ្នែកយុទ្ធសាស្ត្រនោះទេ លើកលែងតែសម្រាប់ជំនាញយោធារបស់ខ្លួនតែប៉ុណ្ណោះ ក្រៅពីនេះគឺគ្មានអ្វីច្រើនដែលត្រូវនិយាយនោះឡើយ។ សេដ្ឋកិច្ចរុស្ស៊ីមានកម្រិតប្រហាក់ប្រហែលទៅនឹងខេត្តធូរធារមួយរបស់ចិនដែលប្រហែលជាស្មើនឹងខេត្ត Guangdong តែប៉ុណ្ណោះ។ ចិនក៏អាចយកប្រទេសឥណ្ឌាធ្វើជាសម្ព័ន្ធមិត្តរបស់ខ្លួនបានដែរ»។
អ្នកតាមដានស្ថានការណ៍រំពឹងថាប្រទេសចិននឹងបន្តរក្សាគោលជំហរដូចសព្វថ្ងៃនេះ ដោយមិនផ្ដល់ការគាំទ្រពេញទំហឹងលើប្រទេសរុស្ស៊ីហើយស្របពេលនោះដែរអំពាវនាវឱ្យមានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
លោក Gao បានបញ្ជាក់ថា៖ «ប្រទេសចិនគឺជាមិត្តជាមួយនឹងប្រទេសរុស្ស៊ីផងនិងជាមួយនឹងប្រទេសអ៊ុយក្រែនផង។ ប្រទេសចិនបានពិភាក្សាជាមួយនឹងប្រទេសរុស្ស៊ីផងនិងជាមួយនឹងប្រទេសអ៊ុយក្រែនផង។ ...រឿងទាំងអស់នេះជាច្រើនអាចធ្វើបានដោយមានប្រយោជន៍នៅក្រៅឆាកជាជាងជាសាធារណៈ»។
ឱកាសនៅតំបន់អាស៊ីកណ្ដាល
ស្របពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅបន្ត ឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីកណ្ដាលហាក់ដូចជាកើនឡើង ដូចដែលបានឆ្លុះបញ្ចាំងដោយកិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃនៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយនឹងបណ្ដាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីកណ្ដាលជាដើម។
លោក Simon Chen សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជាតិតៃវ៉ាន់ (National Taiwan University) បាននិយាយថា៖ «ជាការពិត ប្រទេសចិនតែងតែចង់សាងសង់បំពង់បង្ហូរប្រេងឥន្ធនៈកាត់តាមតំបន់អាស៊ីកណ្ដាល ប៉ុន្តែដោយសារតែការប្រឆាំងរបស់រុស្ស៊ី គម្រោងនេះមិនអាចត្រូវបានអនុវត្តនោះទេ។ ប៉ុន្តែឥឡូវនេះ គម្រោងរបស់ចិននេះគឺជិតឈានទៅដល់ការសម្រេចបានហើយ»។
តំបន់អាស៊ីកណ្ដាលអាចភ្ជាប់ប្រទេសចិនទៅកាន់ទ្វីបអឺរ៉ុបបាន និងមានសារៈសំខាន់នៅក្នុងការជួយលោក Xi ឱ្យសម្រេចឱ្យបាននូវគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់លោក។ គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មនេះគឺជាគម្រោងកសាងផ្លូវសូត្រសម័យទំនើបរបស់ចិនដើម្បីងាយស្រួលដឹកជញ្ជូនប្រេងឥន្ធនៈនិងឧស្ម័នធម្មជាតិទៅកាន់ប្រទេសចិន ក៏ដូចជាងាយស្រួលបញ្ជូនផលិតផលរបស់ចិនទៅកាន់ទ្វីបអឺរ៉ុបនិងផ្នែកផ្សេងទៀតនៃពិភពលោកផងដែរ។
លោក Chen បាននិយាយថា៖ «នៅក្នុងតំបន់អាស៊ីកណ្ដាល ប្រទេសចិននឹងប្រហែលជាទទួលបានប្រយោជន៍ [ពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន] ប៉ុន្តែជាទូទៅ សេដ្ឋកិច្ចរបស់ចិនបានរងគ្រោះដោយសារបញ្ហាអតិផរណាលើទំនិញកសិកម្ម តម្លៃស្រូវសាឡីនិងតម្លៃប្រេងឥន្ធនៈខ្ពស់។ សម្រាប់ប្រទេសចិន សង្គ្រាមនៅអ៊ុយក្រែនមិនមែនជាអ្វីដែលខ្លួនត្រូវការនោះទេ»។
កាលពីពាក់កណ្ដាលខែកញ្ញា ប្រទេសចិន កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការសិក្សាអំពីលទ្ធភាពនៅក្នុងការកសាងផ្លូវដែកមួយខ្សែដែលគេរង់ចាំជាយូរមកហើយ ដែលកាត់តាមប្រទេសទាំង ៣ ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ដោយមិនកាត់តាមប្រទេសរុស្ស៊ីដែលកំពុងរងទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេស៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ