ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនិញ​​​​​​ជាប់គាំង​​​​ នៅ​ពេល​​ការ​​វាយប្រហារ​​តាម​អ៊ីនធឺណិត​​បិទ​​​​កំពង់ផែ​​អូស្ត្រាលី


រូបឯកសារ៖ បុគ្គលិកម្នាក់កំពុងរៀបចំធុងកុងទីន័រ នៅក្នុងបរិវេណកំពង់ផែរបស់ក្រុមហ៊ុន DP World នៅផែ Botany ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
រូបឯកសារ៖ បុគ្គលិកម្នាក់កំពុងរៀបចំធុងកុងទីន័រ នៅក្នុងបរិវេណកំពង់ផែរបស់ក្រុមហ៊ុន DP World នៅផែ Botany ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ការបិទ​កន្លែង​ផ្ទុកទំនិញ​ក្នុ​ង​កប៉ាល់និង​យកទំនិញ​ចេញពី​នាវា​មានឡើង ​នៅ​ក្រោយការវាយប្រហារ​តាម​អ៊ីនធឺណិត​លើ​ក្រុម​ហ៊ុន​ប្រតិបត្តិករកំពង់ផែធំទីពីររបស់​អូស្ត្រាលី។​ ក្រុមហ៊ុន DP World Australia ​បាននិយាយថា ​ខ្លួន​បានដឹង​អំពីសកម្មភាពមិនល្អ​នៅ​ក្នុង​បណ្តាញកុំព្យូទ័រ​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ ទី​១០ ខែ​វិច្ឆិកា​ហើយ​បានបិទប្រព័ន្ធ​របស់ខ្លួន​ជា​ការឆ្លើយតប។

ក្រុមហ៊ុនដឹក​ជញ្ជូនទំនិញ​នេះចាត់ចែង​ប្រហែល​ ៤០% នៃ​ទំនិញ​ទាំង​អស់ដឹក​ចូល​និងដឹកចេញ​ពី​អូស្ត្រាលី។ ​កន្លែង​ផ្ទុកទំនិញ​ក្នុ​ង​កប៉ាល់​និងយកទំនិញ​ចេញ​ពី​នាវា​នៅ​ក្រុង Brisbane, Melbourne, Sydney និង​ក្រុង​ Fremantle ក្នុង​រដ្ឋ Western Australia មានផល​ប៉ះពាល់ ដោយ​បន្សល់ទុកទំនិញនិង​កុងទីន័រ​ជាប់គាំងនៅ​លើ​ផែ។

ប្រភេទ​ជាក់លាក់នៃ​ការវាយប្រហារ​នេះ​មិនត្រូ​វបាន​ប្រាប់​ឱ្យដឹងជាសាធារណៈទេ តែ​ពួកអ្នកជំនាញ​និយាយថា​ ពួកចោរ​ព័ត៌មានវិទ្យា​ប្រហែល​ទាមទារប្រាក់លោះ។ អាជ្ញាធរបានថ្លែង​ថា​ ការរកឱ្យ​ឃើញ​អ្នកទទួល​ខុសត្រូវ​នឹ​ងចំណាយ​ពេល​យូរ។

អ្នកសម្របសម្រួល​ខាង​សន្តិសុខ​អ៊ីនធឺណិត​ជាតិនៃ​ប្រទេសអូស្ត្រាលី​ពោល​ថា ​លំហូរ​ទំនិញ​ចូល​និងចេញពីប្រទេសទំនង​ជាត្រូវ​បង្អាក់ច្រើន​ថ្ងៃ។ អាជ្ញាធរ​បាន​និយាយ​ថា ការឆ្លើយតបគ្រប់គ្រងកិច្ចការ​គ្រា​មាន​វិបត្តិ​ជាតិត្រូវ​ប្រើ​នៅ​ពេលមាន​ការរាតត្បាតជំងឺកូវីដ​១៩​ ត្រូវ​បាន​យក​ប្រើជា​សកម្មជាការ​ឆ្លើយតបនឹង​ការ​ប្រព្រឹត្ត​បទល្មើសនេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​សន្តិសុខ​អ៊ីនធឺណិត​ ​លោកស្រី Clare O’Neil​ ​បាន​និយាយប្រាប់​បណ្តាញ​ព័ត៌មានក្នុ​ងប្រទេស​កាលពីថ្ងៃចន្ទថា មាន​ការប្រឹងប្រែង​ធ្វើឱ្យប្រាកដ​ថា​ប្រព័ន្ធ​កុំព្យូទ័រ​របស់ក្រុមហ៊ុន​នេះ​អាចមាន​ដំណើរការ​ដោយសុវត្ថិភាព។

លោក​ស្រី​ថ្លែង​ថា៖ «ក្រុមហ៊ុន DP World ​បាន​ធ្វើការជា​មួយ​រដ្ឋាភិបាល​ដើម្បីព្យាយាមដោះស្រាយបញ្ហា​នេះនិងធ្វើឱ្យប្រាកដ​ប្រជាថាការណ៍នេះមិនប៉ះពាល់​ខ្លាំងលើ​ជនជាតិអូស្ត្រាលី។ ការណ៍​នេះ​បង្ហាញ​ថា យើងអាចងាយ​រង​គ្រោះ​នៅក្នុង​ប្រទេសនេះ​ដោយសារ​ឧប្បត្តិហេតុ​តាម​អ៊ីនធឺណិត»។

កាល​ពី​ឆ្នាំ​ទៅ ក្រុមហ៊ុន​ធំៗ​ខាងថែទាំ​សុខភាពនិង​ខាង​ទូរគមនាគមន៍​បាន​រងគ្រោះដោយសារការ​ប្រព្រឹត្ត​បទល្មើស​ទិន្នន័យ​ធំបំផុតក្នុងប្រវត្តិសាស្ត្រ​អូស្ត្រាលី៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម​ សុមេធ

XS
SM
MD
LG