ពីរឆ្នាំបន្ទាប់ពីកញ្ឆាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយស្របច្បាប់នៅក្នុងប្រទេសថៃ អ្នកតស៊ូមតិជិតមួយរយនាក់បានដើរដង្ហែទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅនេះ ដើម្បីតវ៉ាប្រឆាំងការហាមឃាត់ដែលអាចកើតមានលើការប្រើប្រាស់កញ្ឆាជាទូទៅ។
គណៈកម្មាធិការគ្រប់គ្រងគ្រឿងញៀននៃក្រសួងសុខាភិបាលថៃបានអនុម័តកាលពីថ្ងៃទី ៥ ខែកក្កដានូវសំណើចុះបញ្ជីកញ្ឆាជាគ្រឿងញៀនដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែផ្នែកវេជ្ជសាស្ត្រ និងការស្រាវជ្រាវប៉ុណ្ណោះ។ សំណើនេះត្រូវបានដាក់ទៅការិយាល័យក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀននៅខែកក្កដានេះ ហើយប្រសិនបើត្រូវបានយល់ព្រម វានឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំក្រោយ។
សកម្មជនគាំទ្រការប្រើកញ្ឆា និងសហគ្រិនលក់កញ្ឆាខ្លះដោយមានកាន់ដើមកញ្ឆាបានប្រមូលផ្តុំគ្នានៅទីស្នាក់ការអង្គការសហប្រជាជាតិនៅកណ្តាលទីក្រុងបាងកកកាលពីថ្ងៃទី៨ ខែកក្កដា ខណៈពេលដែលពួកគេរៀបចំឆ្ពោះទៅកាន់វិមានរដ្ឋាភិបាលដែលមានចម្ងាយជិត១ គីឡូម៉ែត្រពីទីស្នាក់ការអង្គការសហប្រជាជាតិ។
លោក Prasitchai Nunuan ជាអ្នកតំណាងនៃបណ្តាញបុគ្គលដែលគាំទ្រការប្រើកញ្ឆាបានថ្លែងទៅកាន់ក្រុមបាតុករដោយនិយាយថា កញ្ឆាគួរតែត្រូវបានរឹតបន្តឹងដាច់ដោយឡែកពីគ្នាដោយក្រសួងសុខាភិបាល ជាជាងការដាក់ថាការប្រើកញ្ឆាជាបទឧក្រិដ្ឋឡើងវិញនោះ។ លោកបានចោទប្រកាន់រដ្ឋាភិបាលថា ការដាក់ការប្រើកញ្ឆាជាអំពើខុសច្បាប់នេះ នឹងអនុញ្ញាតឱ្យតែក្រុមមួយចំនួនប៉ុណ្ណោះទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្តរបស់ខ្លួន។
លោកបានថ្លែងទៀតថា៖ «ការតតាំងគ្នារឿងកញ្ឆានេះ គឺមិនត្រឹមតែសម្រាប់សន្តិសុខផ្នែកវេជ្ជសាស្រ្ត ឬសិទ្ធិរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាការបំផ្លាញភាពផ្តាច់មុខរបស់អ្នកនយោបាយដែលយកផលប្រយោជន៍នៃការប្រើកញ្ឆាចេញពីប្រជាពលរដ្ឋផងដែរ»។
អ្នកស្រី Chokwan «Kitty» Chopaka ដែលជាម្ចាស់ហាងលក់កញ្ឆាក្នុងទីក្រុងបាងកក និងជាសកម្មជនម្នាក់ផងដែរ ក៏បានចោទគណៈរដ្ឋមន្ត្រីថៃបច្ចុប្បន្នថា អនុញ្ញាតឱ្យនយោបាយគ្របដណ្តប់លើការសម្រេចចិត្តដូចនេះ ហើយបានអំពាវនាវឱ្យមន្ត្រីបង្កើតគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋភាគច្រើន។
អ្នកស្រីបានថ្លែងទៀតថា៖ «តើអ្នកជានរណាដែលមកវិនិច្ឆ័យថា តើកញ្ឆាត្រូវបានប្រើសម្រាប់អ្វី និងរបៀបដែលគេប្រើវានោះ?»
ប៉ូលិសបានបិទផ្លូវទៅផ្នែកខាងមុខនៃវិមានរដ្ឋាភិបាល ដោយបានរារាំងបាតុករមិនឱ្យដើរទៅមុខប្រកបជោគជ័យ បន្ទាប់មកបាតុករបានបោះជំរំនៅតំបន់នោះ ហើយបានប្រកាសថា ពួកគេនឹងនៅទីនោះរហូតទាល់តែរដ្ឋាភិបាលឆ្លើយតបទៅនឹងការទាមទាររបស់ពួកគេ។ ក្រោយមកមន្ត្រីម្នាក់បានទទួលញត្តិជាលាយលក្ខណ៍អក្សររបស់ក្រុមបាតុករ។
កាលពីខែឧសភា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថា លោកចង់ដាក់ការប្រើកញ្ឆាជាអំពើខុសច្បាប់ឡើងវិញ ដែលការនិយាយរបស់លោកនោះ បានបង្កឱ្យមានការតវ៉ាយ៉ាងច្រើនពីក្រុមអ្នកតស៊ូមតិដែលអះអាងថា ការសម្រេចចិត្តដូចនោះនឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច។ ការដាក់ការប្រើកញ្ឆាថាស្របច្បាប់បានជំរុញវិស័យទេសចរណ៍ និងកសិកម្មរបស់ប្រទេសថៃឱ្យប្រសើរឡើង ហើយបានបង្កើតឱ្យមានការលក់រាយរាប់ពាន់កន្លែងដែលមានចាប់ពីហាង ឡានដឹកទំនិញ រហូតដល់តូបនៅផ្សារនៅទូទាំងប្រទេស។
លោក Pock Pechthong ដែលជាអ្នកដាំកញ្ឆាម្នាក់ដែលបានចូលរួមក្នុងការហែក្បួនកាលពីថ្ងៃទី៨ ខែកក្កដា បាននិយាយថា ខណៈពេលដែលត្រូវការបទប្បញ្ញត្តិបន្ថែមទៀត ការដាក់ការប្រើកញ្ឆាជាអំពើខុសច្បាប់ឡើងវិញ នឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើនដែលបានវិនិយោគក្នុងអាជីវកម្មនេះ។
លោកបានថ្លែងបន្ថែមទៀតថា៖ «គ្រប់គ្នាបានចំណាយលុយយ៉ាងច្រើនរួចទៅហើយ។ ខ្ញុំជាអ្នកដាំកញ្ឆា ដូច្នេះកង្វល់ចម្បងរបស់យើងគឺយើងមិនអាចដាំ ឬប្រើប្រាស់វាបានទេ»។
បន្ទាប់ពីកញ្ឆាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយស្របច្បាប់នៅឆ្នាំ២០២២នោះ ដំបូងគេនិយាយថា វានឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ ក៏ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង នៅតាមទីផ្សារនានានៅតែមិនមានច្បាប់គ្រប់គ្រងដែលជំរុញឱ្យមានប្រតិកម្មជាសាធារណៈ និងការព្រួយបារម្ភអំពីការប្រើប្រាស់ខុស និងនាំឱ្យមានការប្រព្រឹត្តបទល្មើស ដែលរដ្ឋាភិបាលបានលើកឡើងជាហេតុផលសម្រាប់សំណើដាក់ការប្រើប្រាស់កញ្ឆាជាអំពើខុសច្បាប់វិញ។
កាលពីខែមិថុនាកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Somsak Thepsuthin បាននិយាយថា ក្រសួងបានធ្វើការស្ទង់មតិតាមអ៊ីនធឺណិត ហើយឃើញលទ្ធផលនោះគឺថា ជិត៨០ភាគរយនៃអ្នកចូលរួមចំនួន១១១.២០១ នាក់ បាន យល់ស្របលើបម្រាមនេះ។ ទោះជាយ៉ាងនេះក៏ដោយ លទ្ធផលនៃការស្ទង់មតិនោះមិនត្រូវបានចែករំលែកជាសាធារណៈនោះទេ។
គណបក្ស Bhumjaithai ដែលដឹកនាំដោយលោក Anutin Charnvirakul បានដឹកនាំការដាក់ការប្រើកញ្ឆាជាអំពើស្របច្បាប់នៅក្នុងប្រទេស ហើយបានសន្យាជាមួយនឹងកសិករនៅក្នុងតំបន់ដែលខ្លួនទទួលបានការគាំទ្រច្រើនដែលស្ថិតនៅតំបន់ក្រីក្រភាគឦសានប្រទេសថា កញ្ឆានឹងក្លាយជាដំណាំដែលនឹងនាំប្រាក់ចំណូល។
លោក Anutin ដែលជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃនៅក្នុងឆ្នាំ២០២២ បានជំរុញឱ្យមានវិសោធនកម្មច្បាប់ស្តីពីគ្រឿងញៀន ដោយដកកញ្ឆាចេញពីបញ្ជីសារធាតុដែលត្រូវបានគ្រប់គ្រង។ បច្ចុប្បន្ននេះលោកជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយប្រធានគណបក្ស Bhumjaithai រូបនេះបានជំទាស់ជាសាធារណៈចំពោះសំណើហាមឃាត់កញ្ឆាឡើងវិញនោះ ដោយលោកនិយាយថា ខណៈដែលគណបក្ស Bhumjaithai មិនគាំទ្រការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តនោះ ការដាក់ការប្រើកញ្ឆាជាអំពើខុសច្បាប់នេះនឹងប៉ះពាល់ដល់ឧស្សាហកម្មកញ្ឆា៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
វេទិកាបញ្ចេញមតិ