ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​រដ្ឋសភា​ថៃ​ខាង​បក្ស​ប្រឆាំង​ត្រូវបាន​កាត់​ទោស​ជាប់​ពន្ធនាគារ ២ ឆ្នាំ​ពី​បទ​បរិហារ​កេរ្តិ៍​ព្រះមហាក្សត្រ


រូបឯកសារ៖ នាង Chonthicha Jangrew នៃគណបក្ស Move Forward ពេល​ទៅដល់​តុលាការខេត្ត Thanyaburi ក្នុង​ខេត្ត Pathum Thani ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ នាង Chonthicha Jangrew នៃគណបក្ស Move Forward ពេល​ទៅដល់​តុលាការខេត្ត Thanyaburi ក្នុង​ខេត្ត Pathum Thani ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

តុលាការ​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា​កន្លង​ទៅ​នេះ​បាន​កាត់ទោស​សមាជិក​រដ្ឋសភា​ថៃ​អ្នកស្រី Chonthicha Jangrew នៃ​គណបក្ស Move Forward ដែល​ជា​គណបក្ស​ប្រឆាំង ឱ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ ក្រោយពី​រក​ឃើញ​ថា​អ្នកស្រី​បាន​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ថៃ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​អ្នកស្រី​បាន​ថ្លែង​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​កាលពី ៣ ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អ្នកស្រី Chonthicha ត្រូវបាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ​ជា​ច្រើន​នៅពេល​ដែល​អ្នកស្រី​បាន​មក​ដល់​សាលាដំបូង Thanyaburi ក្នុង​ខេត្ត Pathum Thani នៅ​ភាគ​ខាងជើង​រាជធានី​បាងកក​ជាមួយ​សហការី​មួយ​ចំនួន​នៃ​គណបក្ស​របស់​អ្នកស្រី។ អ្នកស្រី Chonthicha ដែល​គេ​និយម​ហៅ​ឈ្មោះ​ក្រៅ​ថា Lookkate គឺជា​តំណាងរាស្ត្រ​ក្នុង​មណ្ឌល Pathum Thani។

ការ​ចោទប្រកាន់​លើ​អ្នកស្រី​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​អ្នកស្រី​បាន​ថ្លែង​សុន្ទរកថា​កាលពី​ឆ្នាំ ២០២១ ដោយ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ក្នុង​អំឡុង​ការ​ជួបជុំ​តវ៉ា​មួយ​នៅ​ខាង​មុខ​តុលាការ​ដែល​កាត់ទោស​អ្នកស្រី​នេះ។

អ្នកស្រី​ត្រូវបាន​រកឃើញ​ថា​មាន​កំហុស​នៅក្នុង​ផ្នែក​ខ្លះ​នៃ​សុន្ទរកថា​របស់​អ្នកស្រី​ពាក់ព័ន្ធ​នឹង​របៀប​ដែល​រដ្ឋាភិបាល​ថៃ​នៅ​ពេល​នោះ​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ដោយ​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​ព្រះមហាក្សត្រ Vajiralongkorn ក្នុង​ការ​គ្រប់គ្រង​លើ​ព្រះរាជ​ទ្រព្យ​របស់​ព្រះបរមរាជវាំង។ ព្រះរាជ​ទ្រព្យ​របស់​ព្រះបរមរាជវាំង​ថៃ​ត្រូវបាន​គ្រប់គ្រង​ដោយ​ការិយាល័យ​ទ្រព្យសម្បត្តិ​ព្រះមហាក្សត្រ។

ចៅក្រម​បាន​និយាយ​ថា ការ​ថ្លែង​របស់​អ្នកស្រី​អាច​ធ្វើឱ្យ​សាធារណជន​មាន​ការ​ភាន់ច្រឡំ​ថា​ ព្រះមហាក្សត្រ Vajiralongkorn អាច​ប្រើ​ថវិកា​ដែល​បាន​មកពី​ការ​បង់​ពន្ធ​របស់​ពលរដ្ឋ​ថៃ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រើ​ឥទ្ធិពល​របស់​ព្រះអង្គ​ដើម្បី​ជ្រៀតជ្រែក​ចូល​ក្នុង​នយោបាយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះកិតិ្តនាម​របស់​ព្រះអង្គ។

កាលពី​ដំបូង ចៅក្រម​បាន​កាត់ទោស​អ្នកស្រី​ឱ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ ប៉ុន្តែ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម ២ ឆ្នាំ​វិញ ដោយសារ​អ្នកស្រី​បាន​សហការ​ល្អ​នៅ​ក្នុង​សវនាការ​នេះ។ ច្បាប់​ស្តីពី​ការ​បរិហារកេរ្តិ៍​ ព្រះមហាក្សត្រ​បាន​កំណត់​ថា​អ្នក​ប្រព្រឹត្តិ​ខុស​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៣ ទៅ ១៥ ឆ្នាំ។ ជាទូទៅ ច្បាប់​នេះ​គឺ​សំដៅ​លើ​មាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។

ក្រោយមក អ្នកស្រី Chonthicha ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ដាក់​ប្រាក់​ធានា​ចំនួន ៤.១០០ ដុល្លារ​អាមេរិក។ ប្រសិនបើ​អ្នកស្រី​មិន​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​និង​ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ នោះ​អ្នកស្រី​នឹង​ត្រូវបាន​គេ​ដក​ចេញ​ពី​តំណែង​ជា​តំណាងរាស្ត្រ​ភ្លាមៗ​ជា​មិន​ខាន។

អ្នកស្រី​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា អ្នកស្រី​មិន​មាន​ការ​ភ្ញាក់ផ្អើល​អំពី​សាលក្រម​នេះ​ទេ ដោយសារ​បទ​ចោទ​ប្រកាន់​ភាគច្រើន​នៅ​ក្រោម​មាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ​នឹង​ឈាន​ដល់​ការ​ផ្ដន្ទាទោស។

អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​នេះ។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​សប្បាយចិត្ត​ដែល​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​អ្នកស្រី​ចង់​ឃើញ​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ទទួល​បាន​សិទ្ធិ​ដូចគ្នា​នេះ​ដែរ។

អ្នកស្រី Chonthicha និង​ចុងចោទ ៩ នាក់​ទៀត​នៅ​ក្នុង​សំណុំរឿង​នេះ​ត្រូវបាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ទៀត ដូចជា​ការ​ជួបជុំ​ខុស​ច្បាប់​និង​ការ​បំពាន​លើ​ក្រឹត្យ​គ្រា​អាសន្ន​ដែល​ត្រូវបាន​អនុម័ត​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩។ អ្នក​ទាំង ១០ នាក់​នេះ​ត្រូវ​បាន​ឱ្យ​រួច​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ទាំងនេះ។ អ្នកស្រី Chonthicha គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ។

មុន​ពេល​ក្លាយជា​អ្នក​នយោបាយ អ្នកស្រី Chonthicha គឺជា​សកម្មជន​តាំងពី​នៅ​ជា​និស្សិត​មហាវិទ្យាល័យ​ម្ល៉េះ។ អ្នកស្រី​បាន​ក្លាយជា​មនុស្ស​ដែល​សាធារណជន​ចាប់​អារម្មណ៍​នៅ​ក្នុង​ចលនា​ដែល​ដឹកនាំ​ដោយ​យុវជន ដោយសារ​អ្នកស្រី​ហ៊ាន​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​ក្នុង​អំឡុង​ពេល​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ដងផ្លូវ​ដែល​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​នូវ​ស្ថាប័ន​មាន​អំណាច​ជាច្រើន​ដូចជា​ស្ថាប័ន​ព្រះមហាក្សត្រ​ជាដើម។

អ្នកស្រី Chonthicha អាយុ ៣១ ឆ្នាំ បាន​ឈ្នះ​អាសនៈ​រដ្ឋសភា​នៅក្នុង​ការ​បោះឆ្នោត​ថា្នក់​ជាតិ​កាលពី​ឆ្នាំ ២០២៣ ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល​របស់​គណបក្ស Move Forward ដែល​បាន​ធ្វើឱ្យ​រញ្ជួយ​ដល់​នយោបាយ​ថៃ។

ទោះជា​យ៉ាងនេះ​ក្តី គណបក្ស​នេះ​មិន​អាច​បង្កើត​រដ្ឋាភិបាល​បានទេ​បន្ទាប់ពី​មាន​ការ​ប្រឆាំង​ពី​កម្លាំង​អភិរក្ស​និយម​ដ៏​មាន​ឥទ្ធិពល ដោយសារតែ​សមាជិក​ព្រឹទ្ធសភា​ថៃ​បាន​បដិសេធ​មិន​យល់ព្រម​ឱ្យ​មេដឹកនាំ​គណបក្ស​នេះ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG